ភ្នំពេញៈ វិស័យហិរញ្ញវត្ថុកម្ពុជាបានបង្ហាញពីភាពរឹងមាំនៅឆ្នាំ ២០១៨ តាមរយៈកំណើនខ្លាំងនៃទំហំប្រាក់កម្ចី និងប្រាក់បញ្ញើ ស្របពេលកម្ចីដែលអតិថិជនមិនបានសងទាន់ពេល នៅរក្សាបានអត្រាទាប។ នេះបើតាមរបាយការណ៍ឆ្នាំ ២០១៨ របស់ធនាគារជាតិនៃកម្ពុជា។
របាយការណ៍របស់ NBC បង្ហាញថា ទំហំកម្ចីនៅក្នុងវិស័យហិរញ្ញវត្ថុកម្ពុជាដែលរួមបញ្ចូលទាំងកម្ចីពីធនាគារ និងមីក្រូហិរញ្ញវត្ថុ បូកបញ្ចូលគ្នាមានចំនួនសរុប ២៤,៥ ពាន់លានដុល្លារនៅត្រឹមដំណាច់ឆ្នាំ ២០១៨ គឺកើនឡើង ១៩ ភាគរយពីដំណាច់ឆ្នាំ ២០១៧។ ទំហំប្រាក់បញ្ញើក្នុងវិស័យនេះវិញ មានចំនួនសរុប ២២,១ ពាន់លានដុល្លារ គឺកើនឡើង ១៥,៣ ភាគរយ។
គិតត្រឹមដំណាច់ឆ្នាំ ២០១៨ វិស័យហិរញ្ញវត្ថុទាំងមូលមានទ្រព្យសកម្មសរុប ៤០ ពាន់លានដុល្លារ គឺកើនឡើង ១៩,៤ ភាគរយពីកាលពីដំណាច់ឆ្នាំ ២០១៧។
របាយការណ៍របស់ធនាគារជាតិបានបញ្ជាក់ថា វិស័យហិរញ្ញវត្ថុបានរក្សាកំណើនរឹងមាំ និងបានពង្រីកប្រតិបត្តិការទូទាំងប្រទេស ដែលបានរួមចំណែកយ៉ាងសកម្មដល់ការជំរុញកំណើនសេដ្ឋកិច្ច។
របាយការណ៍បន្តថា៖ «វិស័យធនាគារត្រូវបានធ្វើទំនើបកម្ម ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយបានលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ និងសេវាទូទាត់អេឡិចត្រូនិក។ កត្តានេះបានកាត់បន្ថយចំណាយ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ដែលគាំទ្រដល់ការរីកចម្រើននៃសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ»។
របាយការណ៍បង្ហាញថា បច្ចុប្បន្នប្រទេស កម្ពុជា មានធនាគារពាណិជ្ជ ៤៣ ធនាគារឯកទេស ១៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៧ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ៧៣។
ក្នុងចំណោមកម្ចី និងប្រាក់បញ្ញើសរុប នៅក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសនេះ កម្ចីពីគ្រឹះស្ថានធនាគារមានចំនួនសរុប ១៩,៤ ពាន់លានដុល្លារកាលពីចុងឆ្នាំ ២០១៨ កើនឡើង ២០ ភាគរយធៀបនឹងចុងឆ្នាំ ២០១៧ ខណៈដែលប្រាក់បញ្ញើ បានកើនឡើង ១៤ ភាគរយដល់ ១៩,៨ ពាន់លានដុល្លារ។
PAR ដែលសំដៅដល់កម្ចីដែលអតិថិជនមិនបានសងត្រឡប់ទាន់ពេល ហើយអាចប្រឈមនឹងការបាត់បង់ មានចំនួន ២,៨ ភាគរយនៃកម្ចីក្នុងវិស័យធនាគារនៅត្រឹមដំណាច់ឆ្នាំ ២០១៨។
របាយការណ៍របស់ NBC បានបង្ហាញថា កម្ចីនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានកើនឡើងដល់ចំនួនសរុប ៥,៤ ពាន់លានដុល្លារ កាលពីចុងឆ្នាំ ២០១៨ ខណៈប្រាក់បញ្ញើបានកើនឡើងដល់ ២,៥ ពាន់លានដុល្លារ។ PAR នៅក្នុងឧស្សាហកម្មមីក្រូហិរញ្ញវត្ថុមានចំនួន ១ ភាគរយ។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានឲ្យដឹងថា អត្រាកំណើនកម្ចីនៅក្នុងវិស័យហិរញ្ញវត្ថុ នៅចន្លោះពី ១៥ ភាគរយទៅ ២០ ភាគរយគឺជាអត្រាកំណើនល្អ និងអាចគ្រប់គ្រងបាន។
លោកបានបន្តថា កម្ពុជាមានគោលនយោបាយរូបិយវត្ថុល្អ កំពុងដំណើរការ ដើម្បីគ្រប់គ្រងហានិភ័យ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព។ លោកបន្ថែមថា ហានិភ័យគួរឲ្យបារម្ភរបស់វិស័យធនាគារកម្ពុជា ត្រូវបានគ្រប់គ្រងយ៉ាងល្អដោយធនាគារជាតិនៃកម្ពុជា។
លោកបានថ្លែងថា៖ «ខ្ញុំគិតថា ធនាគារជាតិ មានបទប្បញ្ញត្តិទាំងអស់ដាក់ឲ្យដំណើរការ ដើម្បីការពារវិស័យហិរញ្ញវត្ថុ និងស្ថិតក្នុងកម្រិតស្មើគ្នា នឹងធនាគារបុគ្គល និងស្ថាប័នហិរញ្ញវត្ថុ គ្រប់ពេលវេលា ដោយអនុវត្តតាមបទប្បញ្ញត្តិទាំងនោះយ៉ាងតឹងរ៉ឹង៕LA