ភ្នំពេញៈ សេដ្ឋកិច្ច​កម្ពុជា​នឹង​រក្សា​បាន​ភាព​ធន់ និង​រឹងមាំ​ជា​មួយ​នឹង​អត្រា​កំណើន​ខ្ពស់​នៅ​ឆ្នាំ ២០១៩ នេះ បើ​ទោះ​បី​ជា​អាច​​ប្រឈម​នឹង​កត្តា​ខាង​ក្រៅ​មួយ​ចំនួន​ក៏​ដោយ។ នេះ​បើ​យោង​តាម​​ការ​ព្យាករ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC)។

យោង​តាម​របាយការណ៍​វឌ្ឍន​ភាព​ម៉ាក្រូ​សេដ្ឋកិច្ច និង​វិស័យ​ធនាគារ​ឆ្នាំ ២០១៨ និង​ទស្សន​វិស័យ​ឆ្នាំ ២០១៩ របស់ NBC សេដ្ឋកិច្ច​កម្ពុជា​រំពឹង​ថា​ បន្ត​មាន​កំណើន​ក្នុង​រង្វង់ ៧ ភាគរយ ហើយ​អត្រា​អតិផរណា​បន្ត​ស្ថិត​ក្នុង​​កម្រិត​ទាប​ គឺ​ត្រឹម ២,៦ ​ភាគរយ ជា​មួយ​នឹង​ស្ថិរភាព​នៃ​អត្រា​ប្តូរប្រាក់ ៤ ០៥០ រៀល​ក្នុង​​ ១ ​ដុលា្លរ​អាមេរិក។

ទុន​បម្រុង​អន្តរជាតិ​រំពឹង​ថា នឹង​បន្ត​កើន​ឡើង​ដល់ ១១,​៣ ​ពាន់​​លាន​​ដុល្លារ​អាមេរិក ដែល​អាច​​ធានា​ការ​នាំចូល​ទំនិញ និង​​សេវា​​​បាន​ប្រមាណ ៥ ខែ។

របាយការណ៍ NBC ​ឲ្យ​ដឹង​ថា​​៖​​​ «ឥណទាន​វិស័យ​ធនាគារ​រំពឹង​​ថា​ នឹង​បន្ត​កើន​ឡើង​ក្នុង​ល្បឿន ១៧,១ ភាគរយ និង​បរិយា​ប័ន្ន​ហិរញ្ញវត្ថុ​នឹង​បន្ត​កើន​ឡើង​ជា​លំដាប់​ដែល​កត្តា​ទាំង​នេះ​នឹង​បន្ត​ចូល​រួម​ចំណែក​ជំរុញ​ការ​រីក​ចម្រើន​​សកម្មភាព​សេដ្ឋកិច្ច និង​​កាត់​បន្ថយ​ភាព ក្រីក្រ​បន្ថែម​ទៀត»។

លំហូរ​ចូល​នៃ​វិនិយោគ​ផ្ទាល់​បរទេស​បន្ត​កើន​ឡើង​ក្នុង​អត្រា​ខ្ពស់ គឺ​ក្នុង​អត្រា ១២ ភាគរយ​កាល​ពី​ឆ្នាំ ២០១៨ ​ពិសេស​​​ទៅ​កាន់​វិស័យ​ធនាគារ អចលន​ទ្រព្យ និង​កាត់​ដេរ។ នេះ​បើ​តាម​របាយការណ៍។

ទន្ទឹម​នឹង​ទស្សនៈ​វិស័យ​វិជ្ជមាន NBC ក៏​បាន​លើកឡើង​ដែរ​ថា​ សេដ្ឋកិច្ច​កម្ពុជា​​អាច​មាន​បញ្ហា​ប្រឈម​​មួយ​ចំនួន​ផង​ដែរ ដែល​បណ្ដាល​មក​ពី​ទាំង​កត្តា​​ខាង​ក្រៅ និង​ខាង​ក្នុង។ ភាព​តានតឹង​​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន និង​ឥទ្ធិពល​នៃ​ប្រក្រតិកម្ម​គោល​នយោបាយ​រូបិយវត្ថុ​ក្នុង​ប្រទេស​​ អភិវឌ្ឍន៍ អាច​ផ្ដល់​ទាំង​ការ​ប្រឈម និង​​ឱកាស​ដល់​សេដ្ឋកិច្ច​កម្ពុជា។

របាយការណ៍​បន្ត​ថា ភាព​តានតឹង​ពាណិជ្ជកម្ម​កំពុង​នាំ​ឲ្យ​មាន​បំផ្លាស់​ទី​នៃ​ការ​វិនិយោគ និង​កំណើន​នៃ​ការ​នាំ​ចេញ​​ក្នុង​តំបន់។ កម្ពុជា​អាច​ទទួល​បាន​​កំណើន​វិនិយោគ​ក្នុង​វិស័យ​កម្មន្តសាល និង​កសិកម្ម ដោយសារ​កម្ពុជា​អាច​ផលិត និង​នាំចេញ​ទំនិញ​មួយ​ចំនួន​ក្នុង​វិស័យ​ទាំង​នេះ ដែល​មិន​ស្ថិត​ក្នុង​គោល​ដៅ​ដែល​ត្រូវ​ដំឡើង​ពន្ធ​ទាំង​នៅ​អាមេរិក និង​ចិន។

យ៉ាង​ណា​ក៏​ដោយ ធនាគារ​កណ្ដាល​នៃ​​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន ជា​ពិសេស​​អាមេរិក​បន្ត​ដំឡើង​អត្រា​ការ​ប្រាក់​គោល។ ការ​ដំឡើង​នេះ​បាន​និង​កំពុង​​ធ្វើ​ឲ្យ​មូលធន​ហូរ​ទៅ​រក​ប្រទេស​ទាំង​នេះ​វិញ ដែល​បាន​ធ្វើ​ឲ្យ​ប្រភព​ទុន​​លើ​ទីផ្សារ​ហិរញ្ញវត្ថុអន្តរជាតិ និង​តំបន់​ថយចុះ និង​ជា​កត្តា​ធ្វើ​ឲ្យ​អត្រា​ការ​ប្រាក់​កម្ចី​ក្នុង​តំបន់​អាច​កើន​ឡើង​។ បញ្ហា​នេះ​អាច​នឹង​បង្កើន​ថ្លៃដើម​នៃ​កម្ចី​ពី​ក្រៅ​ប្រទេស របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​កម្ពុជា ដែល​ពឹង​ផ្អែក​លើ​ប្រភព​ទុន​ពី​ខាង​ក្រៅ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ បញ្ហា​ប្រឈម​ទល់​នឹង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​អ្វី​ៗ​គ្រប់​យ៉ាង​លើក​លែង​អាវុធ» (EBA)​ របស់​សហភាព​អឺរ៉ុប​ពី​កម្ពុជា ក៏​ត្រូវ​បាន​បញ្ជាក់​ក្នុង​របាយការណ៍​របស់ NBC ថា​អាច​ជា​កត្តា​ប្រឈម​ដល់​​សេដ្ឋកិច្ច​កម្ពុជា។ ទាក់​ទង​កត្តា​ប្រឈម​ខាង​ក្នុង កំណើន​ឥណទាន​ទៅ​​កាន់​វិស័យ​សំណង់ និង​អចលន​ទ្រព្យ​​បន្ត​មាន​កម្រិត​ខ្ពស់​នៅ​ឡើយ​ក្នុង​អត្រា ៣១ ភាគរយ។ ការ​កើន​លឿន​​នៃ​វិស័យ​សំណង់ និង​អចលន​ទ្រព្យ អាច​ធ្វើ​ឲ្យ​តម្លៃ​អចលន​ទ្រព្យ​កើន​ឡើង​​ហួស​ពី​តម្រូវ​ការ​ជាក់​ស្ដែង និង​អាច​ជា​ហានិភ័យ​សម្រាប់​វិស័យ​ធនាគារ និង​ជំនឿ​ទុកចិត្ត​វិនិយោគិន​ផង​ដែរ។

លោក អ៊ិ​ន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បាន​ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​កម្ពុជា ត្រូវ​បាន​មើល​ឃើញ​ថា​បាន​ធ្វើ​ពិពិធកម្ម​ហួស​ពី​សម្លៀក​បំពាក់ និង​ស្បែក​ជើង ​រហូត​ដល់​កាបូប គ្រឿង​អេឡិច​ត្រូនិក​រថយន្ត ​គ្រឿង​បន្លាស់​រថយន្ត និង​ពិពិធកម្ម​ក្នុង​​វិស័យ​សេវា ហើយ​ការ​ផ្លាស់ប្តូរ​ទាំង​នេះ​បាន​នាំ​ឲ្យ​មាន​ទំនុកចិត្ត​កាន់​តែ​រឹង​មាំ​សម្រាប់​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច។

លោក អ៊ិ​ន ចាន់នី បាន​ឲ្យ​ដឹង​ថា កម្ពុជា​មាន​គោល​នយោបាយ​រូបិយវត្ថុ​ល្អ ដែល​គាំទ្រ​ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ស្ថិរភាព​ក្នុង​រយៈ​ពេល​​​ ២ ទសវត្សរ៍​រួច​ហើយ​ ​ជា​មួយ​នឹង​អត្រា​កំណើន​ជា​មធ្យម ៧,៦ ​ភាគរយ​។ 

លោក​ថ្លែង​ថា៖ «ប្រទេស​ កម្ពុជា ​ទើប​ទទួល​បាន​ការ​វាយ​តម្លៃ​ល្អ​ជាង​មុន​​មួយ​ចំណាត់​ថ្នាក់ ទាក់ទង​នឹង​ចំណាត់​ថ្នាក់​បំណុល​ដោយ​សារ​តែ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ស្ថិរភាព​»។ លោក​បន្ត​ថា៖ «ការ​ធ្វើ​ឲ្យ​ប្រសើរ​​ចំណាត់​ថ្នាក់​បំណុល​របស់​ប្រទេស​​នេះ នឹង​ផ្ដល់​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​​សម្រាប់​ក្រុម​វិនិយោគិន​ក្នុង​ការ​វិនិយោគ ទាំង​សម្រាប់​ទីផ្សារ​បំណុល ​និង​​ការ​វិនិយោគ​មូលធន​នៅ​ក្នុង​ទីផ្សារ​កម្ពុជា»។

លោក សាយ សូ​នី អនុ​ប្រធាន​ជាន់​ខ្ពស់​​នៅ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ប្រាសាក់ បាន​ឲ្យ​ដឹង​ថា វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​​កម្ពុជា ត្រូវ​បាន​រំពឹង​ថា នឹង​រក្សា​កំណើន​ល្អ​ប្រសើរ​ក្នុង​ឆ្នាំ ​២០១​៩ ស្រប​នឹង​កំណើន​សេដ្ឋកិច្ច ដែល​ព្យាករ​ក្នុង​រង្វង់ ៧ ភាគរយ​នៅ​ឆ្នាំនេះ។

ខណៈ​មាន​ការ​លើក​ឡើង​ពី​ហានិភ័យ​​​ដែល​ទាក់ទង​នឹង​លទ្ធភាព​នៃ​ការ​ដក​ EBA និង​សមត្ថភាព​កាន់​តែ​ទាប​នៃ​ការ​ខ្ចី​មូលនិធិ​ពី​បរទេស​​លោក  សូនី ឲ្យ​ដឹង​ថា វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា នឹង​អាច​គ្រប់គ្រង​បាន​ដោយ​សារ​​ប្រតិបត្តិ​ករ​មាន​បទ​ពិសោធ​ នឹង​ធ្លាប់​ឆ្លង​កាត់​ពេល​វេលា​លំបាក​ជា​ច្រើន ដូច​ជា​ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច និង​វិបត្តិ​ហិរញ្ញវត្ថុ​កាល​ពី​ឆ្នាំ ២០០៨ ផង​ដែរ។

លោក​​បាន​​ថ្លែង​ថា៖ «អ្នក​ផ្តល់​កម្ចី [បរទេស] ដែល​មាន​ស្រាប់​បាន​ប្ដេជ្ញា​ចិត្ត​រួច​ហើយ ក្នុង​ការ​បន្ត​ជា​ថ្មី និង​តៀម​​​ខ្លួន​ដើម្បី​ផ្ដល់​កម្ចី​ថ្មី​ៗ​ដល់​ពួក​យើង ចាប់​តាំង​ពី​ឆ្នាំ​មុន។ អ្នក​ដាក់​ប្រាក់​បញ្ញើ​របស់​យើង មាន​ក្ដី​រីករាយ​ក្នុង​ការ​ដាក់​ប្រាក់​របស់​ពួក​គេ​ជា​មួយ​ពួក​យើង​ដោយ​សារ​តែ​ប្រាក់​ចំណេញ​ខ្ពស់ និង​ទំនុក​ចិត្ត»។ 

លោក​​បាន​​បន្ថែម​ទៀត​​ថា កំណើន​ឥណទាន​របស់​ប្រាសាក់ នៅ​ឆ្នាំ​នេះ​ត្រូវ​បាន​រំពឹង​ថា នឹង​មាន​ប្រហែល ២០ ​ភាគរយ​។

ភាព​ធន់​នៃ​សេដ្ឋកិច្ច នឹង​ក្លាយ​ជា​មូលដ្ឋាន​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​វិស័យ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​សុខុមាល​ភាព​ផង​ដែរ។ នេះ​បើ​យោង​តាម​ការ​ព្យាករ​របស់​ NBC៕LA