ភ្នំពេញ: លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ថ្លែងថា ប្រព័ន្ធ​ធនាគារ​ត្រូវ​បាន​ធ្វើ​ទំនើបកម្ម​ជា​បន្តបន្ទាប់ ស្របតាម​និម្មាបនកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ និង​បានរួម​ចំណែក​ស្នូល​ក្នុង​ការរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​, គាំទ្រ​កំណើនសេដ្ឋកិច្ច​, លើកកម្ពស់​បរិយាប័ន្ន​សេដ្ឋកិច្ច និង​សង្គម និង​កាត់បន្ថយ​ភាពក្រីក្រ​។

ការលើកឡើង​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ១០ ខែតុលា ឆ្នាំ​ ២០២០ ក្នុង​ពិធី​ប្រារព្ធ​ពិធី​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៤១ នៃ​ការបង្កើត​ធនាគារជាតិ​នៃ​កម្ពុជា​ឡើងវិញ (១០ តុលា ១៩៧៩ - ១០ តុលា ២០២០) នៅ​អគារ​ធនាគារជាតិ​នៃ​កម្ពុជា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​។

លោក​បាន​ថ្លែងថា សមិទ្ធផល​ដែល​សម្រេចបាន​ក្នុង​រយៈពេល ៤១ ​ឆ្នាំនេះ កើតចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​រួម​របស់​រាជរដ្ឋាភិបាល ធនាគារជាតិ​នៃ​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បាន​ស្ថាបនា​ឡើង និង​ថែរក្សា​រហូត​មកដល់​បច្ចុប្បន្ន​។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ប្រព័ន្ធ​ធនាគារ​ក៏បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech) ក្នុង​ប្រតិបត្តិការ ជាពិសេស​សម្រាប់​ការទូទាត់​ដែល​បាន​លើកកម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ​កម្ពុជា​ជា​លំដាប់​។ ជាក់ស្តែង ប្រជាជន​ពេញវ័យ​ដែល​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​កើនឡើង​ដល់​ប្រមាណ​ជាង ៧០% ធៀប​នឹង​ ២ ​ទសវត្សរ៍​មុន (​តិចជាង​ប្រមាណ ១០% ប៉ុណ្ណោះ​)​។

លោក សាយ សូនី នាយក​ប្រតិបត្តិ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់ បានឱ្យដឹងថា គ្រឹះស្ថាន​របស់លោក​បាន​និង​កំពុង​ធ្វើឱ្យ​ប្រសើរឡើង​ដើម្បី​ចាប់យក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ក្នុង​រយៈពេល​ ២-៣ ​ឆ្នាំ​ចុង​ក្រោយនេះ ដើម្បី​បំពេញ​គម្លាត​របស់​ប្រជាជន​ដែល​មិនបាន​ទទួល​សេវា​ធនាគារ​។

លោក​ថ្លែងថា​៖ «​ជាទូទៅ យើង​អាច​មើលឃើញ​ការអភិវឌ្ឍ​យ៉ាង​រហ័ស​ក្នុង​រយៈពេល​ ២-៣ ​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​ដោយសារ​តែ​ការរីក​រាលដាល​ជំងឺ​កូវីដ​១៩ នៅពេល​បច្ចុប្បន្ន យើង​អាច​មើលឃើញ FIs ភាគច្រើន​ដាក់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅក្នុង​អាទិភាព​របស់​ពួកគេ​។ ការណ៍​នេះ​នឹង​ចាប់ផ្ដើម​ពី​ប្រព័ន្ធ​ធនាគារ​ស្នូល​ដល់​ប្រព័ន្ធ​ផ្លាស់ប្តូរ ព្រមទាំង​កម្មវិធី​ទូទាត់​ផងដែរ ពី​សេវា​ឥណទាន​ដល់​សេវា​ធនាគារ​ផ្សេងទៀត​»​។

លោក សូនី បន្តថា​៖ «​យើង​អាច​និយាយ​បាន​ថា បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ជួយ​ពួកយើង​បាន​ច្រើន សម្រាប់​ការសម្រេចចិត្ត និង​កែលម្អ​គុណភាព​សេវា​របស់​យើង​»​។

លោក ប៉ែន ចិន្តា អគ្គនាយក Cambodia Association of Fintech and Technology (CAFT) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា បច្ចេកវិទ្យា​ហិរញ្ញវត្ថុ គឺជា​ឧស្សាហកម្ម​មួយ​ក្នុង​ចំណោម​ឧស្សាហកម្ម​រីកចម្រើន​រហ័ស​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា និង​បាន​ធ្វើឱ្យ​សេវា និង​ផលិតផល​ហិរញ្ញវត្ថុ​មាន​លទ្ធភាព​ទទួលបាន និង​មានតម្លៃ​ទាប​ដល់​មហាជន​។

លោក​បញ្ជាក់ថា ការទទួល​បាន​ឌីជីថល​ចំពោះ​ផលិតផល និង​សេវា​ទាំងនេះ​បាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់​បរិយាប័ន្ន​ហិរញ្ញវត្ថុ​កាន់តែច្រើន​របស់​ប្រជាជន​កម្ពុជា​។

លោក​បន្ថែមថា​៖ «​ដោយ​មាន​ការគាំទ្រ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​នៃ​គ្រឹះស្ថាន​សេវា​ទូទាត់​របស់​យើង យើង​កំពុង​សម្លឹងមើល​អនាគត​កាន់តែ​ភ្លឺស្វាង​ដែល​បច្ចុប្បន្ន​ប្រជាជន​ដែល​មិន​ទទួល​បាន​សេវា​ធនាគារ មានលទ្ធភាព​ក្នុង​ការទទួល​បាន​សេវា​ហិរញ្ញវត្ថុ​នៅក្នុង​របៀប​មិនមែន​លក្ខណៈ​ប្រពៃណី​»​។

បើ​យោងតាម​លោក ជា ចាន់តូ ក្នុង​រយៈពេល​ ២ ​ទសវត្សរ៍​ចុងក្រោយ​នេះ អត្រា​អតិផរណា​ត្រូវបាន​គ្រប់គ្រង​ឱ្យមាន​កម្រិត​ទាប​ប្រមាណ ២,៥% ជាមួយនឹង​ស្ថិរភាព​ល្អប្រសើរ​នៃ​អត្រា​ប្តូរប្រាក់​ក្នុង​រង្វង់ ៤.០៥០ ​រៀល​ក្នុង​ ១ ​ដុល្លារ​អាមេរិក ស្រប​ពេល​ដែល​ទុនបម្រុង​អន្តរជាតិ​ដុល​ត្រូវ​បាន​គរពូន​ឱ្យមាន​កម្រិត​ខ្ពស់​ជា​លំដាប់​រហូតដល់ ២០ ​ប៊ីលាន​ដុល្លារ​អាមេរិក​ស្មើនឹង​ប្រមាណ ១០ ​ខែ​នៃ​ការ​នាំចូល​ទំនិញ និង​សេវា ដែល​ខ្ពស់ជាង ៣ ​ដង​នៃ​កម្រិត​អប្បបរមា​ដែល​ប្រទេស​កំពុងអភិវឌ្ឍន៍​គួរ​មាន (៣​ ​ខែ​)​។

លោក​ថា ទ្រព្យសកម្ម​វិស័យ​ធនាគារ​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ពី​ប្រមាណ​ត្រឹមតែ ០,៥ ​ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​​ ១៩៩៨ ដល់ ៥៦ ​ប៊ីលាន​ដុល្លារ​អាមេរិក​នាពេល​បច្ចុប្បន្ន គឺ​កើនឡើង​ប្រមាណ ១១២ ​ដង​។ ឥណទាន​ប្រព័ន្ធ​ធនាគារ​ដែល​ត្រូវបាន​បែងចែក​ទៅកាន់​គ្រប់​វិស័យ​នៃ​សេដ្ឋកិច្ច និង​ប្រាក់​បញ្ញើ​ក្នុងស្រុក​បាន​កើនឡើង ១៦៥ ​ដង ប្រហាក់ប្រហែល​គ្នា​គឺ​ពី​ចំនួន​ប្រមាណ​តែ ០,២ ​ប៊ីលាន​ដុល្លារ​អាមេរិក ដល់​ជាង ៣៣ ​ប៊ីលាន​ដុល្លារ​អាមេរិក​៕