ភ្នំពេញ: លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) បាន​ថ្លែងថា កំណើន​តម្រូវការ​ប្រាក់រៀល​មាន​ការកើនឡើង​ជា​លំដាប់​ប្រកប​ដោយ​ជំនឿ​ទុកចិត្ត​ពី​សាធារណជន និង​វិនិយោគិន​ក្នុង​រយៈពេល​ ២ ​ទសវត្សរ៍​ចុងក្រោយ​នេះ​ ដែល​បាន​ជួយ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ធនាគារ និងហិរញ្ញវត្ថុ និង​ពង្រឹង​ភាពធន់​នៃ​សេដ្ឋកិច្ច​។

ការថ្លែង​របស់​លោក​ត្រូវបាន​ធ្វើឡើង​ក្នុង​ឱកាស​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៤០ នៃ​ការដាក់​ឱ្យ​ចរាចរ​ប្រាក់រៀល​ឡើងវិញ​កាលពី​ថ្ងៃ​ម្សិលមិញ​ក្នុង​រាជធានី​ភ្នំពេញ​។

លោក ចាន់តូ ថ្លែង​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដាក់ឱ្យ​ប្រាក់រៀល​ចរាចរ​ឡើងវិញ​នៅ​ថ្ងៃទី​ ២០ ខែ​ មីនា ឆ្នាំ​ ១៩៨០​ ដើម្បី​បង្ហាញ​ពី​ឯករាជភាព​អធិបតេយ្យ​ជាតិ និង​បម្រើ​ដល់​ការស្តារ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ក្រោយពី​របប ប៉ុល ពត​ត្រូវបាន​បំផ្លិចបំផ្លាញ​មូលដ្ឋានគ្រឹះ​នៃ​ហេដ្ឋា​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ព្រមទាំង​អគារ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា នៅពេល​នោះ​ក៏ត្រូវ​បាន​កម្ទេច ចោល ហើយ​ប្រាក់រៀល​ក៏​ត្រូវបាន​បោះបង់ចោល​ផងដែរ​។

លោក​បន្ថែមថា​ក្នុង​រយៈពេល ២០ ​ឆ្នាំ​ចុងក្រោយ​នេះ​ តម្រូវការ​ប្រាក់រៀល​បាន​កើន​ឡើងជា​មធ្យម​ប្រមាណ​ ១៦ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំៗ​។ ជាក់ស្តែង សេដ្ឋកិច្ច កម្ពុជា​មាន​កំណើន​ជា​មធ្យម​ប្រមាណ ៧,៨ ភាគរយ​ ជាមួយ​អត្រា​អតិផរណា​ត្រូវបាន​រក្សា​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ទាប​ប្រមាណ ២,៥ ភាគរយ ហើយ​ប្រាក់រៀល​មាន​ស្ថិរភាព​ល្អប្រសើរ​ក្នុង​រង្វង់ ៤ ០៥០ រៀល ​ក្នុង​ ១ ​ដុល្លារ​។

ការតាំង​បង្ហាញ​ក្រដាស​ប្រាក់រៀល​ក្នុង​ខួប​លើក​ទី​ ៣៩ ​ក្នុង​ឆ្នាំ​ ២០១៩ ​ក្នុង​ផ្សារ​ទំនើប​អ៊ីអន​។ហុង មិនា

លោក​ថ្លែងថា​៖ «​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្រសួង ស្ថាប័ន​ក្រុមហ៊ុន សហគ្រាស និង​ភាគី​ពាក់ព័ន្ធ​ និង​ប្រជាពលរដ្ឋ​ទាំងអស់​នឹង​បន្ត​ចូលរួម​យ៉ាងសកម្ម​ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ និង​ចូលរួម​លើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​ដែល​ជា​រូបិយវត្ថុ ជាតិ​របស់​យើង​ទាំងអស់​គ្នា​ឱ្យ​កាន់តែ​ទូលំទូលាយ​»​។

លោក​អះអាង​ថា ទុនបម្រុង​អន្តរជាតិ​បាន​កើនឡើង​ដល់ ២០ ​ពាន់​លាន​ដុល្លារ​ដែល​អាច​ធានា​ការនាំចូល​ទំនិញ​ និង​សេវា​នាគ្រា​បន្ទាប់​បាន​ប្រមាណ​ ១០ ​ខែ ខ្ពស់​ជាង​កម្រិត​អប្បបរមា​ចំនួន ៣ ​ខែ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​គឺ​កើនឡើង​ជាង​ ១០០ ​ដង​។

លោក​បន្ថែម​ថា​ជាមួយ​គ្នា​នេះ វិស័យ​ធនាគារ​បាន​បន្ត​អភិវឌ្ឍ​ប្រកបដោយ​ភាពរឹងមាំ និង​បាន​ពង្រីក​វិសាលភាព​សេវាកម្ម​នៅ​ទូទាំង​ប្រទេស​ដោយ​ទ្រព្យសកម្ម​របស់​វិស័យ​ធនាគារ​បាន​កើនឡើង ៩៣ ​ដង ឥណទាន​បាន​កើនឡើង ១៧៨ ​ដង​ និង​ប្រាក់​បញ្ញើ​កើនឡើង​ ៩៥ ​ដង បើ​ប្រៀបធៀប​រវាង​ចុង​ និង​ដើម​នៃ​ ២ ​ទសវត្សរ៍​ចុងក្រោយ​នេះ​។

លោក​ថា​៖ «​នៅ​ចំពោះមុខ​ស្ថិត​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​ដែល​មាន​ភាពមិន​ប្រាកដប្រជា​ខ្ពស់​ជាមួយ​នឹង​ការរីកចម្រើន​នៃ​វិស័យសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា យើង​នៅ​មាន​បញ្ហា​ប្រឈម​ និង​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវ​បន្ត​អនុវត្ត និង​ទាមទារ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងអស់​គ្នា​បន្ថែមទៀត ដើម្បី​បន្ត​សម្រេច​បាន​នូវ​ប្រព័ន្ធ​ធនាគារ​មួយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ពិពិធកម្ម​ និង​បរិយាប័ន្ន​សំដៅ​គាំទ្រ​ចីរភាព​នៃ​កំណើន បង្កើន​ចំណូល​របស់​ប្រជាពលរដ្ឋ កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​សមាហរណកម្ម​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ក្នុង​តំបន់​»​។

លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា​ដែល​ជា​ធនាគារ​ឈានមុខ​នៅ​កម្ពុជា​បាន​កត់សម្គាល់​ថា និន្នាការ​ប្រើប្រាស់​ប្រាក់រៀល​កំពុង​មាន​ការកើនឡើង​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ​។ ជាក់ស្តែង ធនាគារ​អេស៊ីលីដា​បានផ្តល់​ឥណទាន​ដល់​អតិថិជន​ជា​ប្រាក់រៀល​ជិត ១៥ ​ភាគរយ​នៃ​ឥណទាន​សរុប​ជិត​ ៤ ​ពាន់​លាន​ដុល្លារ​។

លោក​ថ្លែងថា​៖ «​ការជឿជាក់​នៃ​ការប្រើប្រាស់​ប្រាក់រៀល​នឹង​កាន់តែ​កើនឡើង ដោយសារ​ច្បាប់​របស់​ធនាគារជាតិ និង​ការគ្រប់គ្រង​គោលនយោបាយ​រូបិយវត្ថុ​របស់​ជាតិ​ធ្វើយ៉ាងណា​ឱ្យ​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ប្រកប​ដោយ​ចីរភាព និង​គ្រប់គ្រង​អតិផរណា​។ ទាំងនេះ​ធ្វើឱ្យ​ប្រជាជន ពាណិជ្ជករ​មាន​ភាពជឿជាក់​លើ​ប្រាក់រៀល​»​។

ដុល្លា​រូបនីយកម្ម​ត្រូវបាន​ហូរ​ចូលមកក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ ក្នុងអំឡុង​ពេលដែល​អង្គការ​សហប្រជាជាតិ​ (UNTAC) ​បានរៀបចំ​ការបោះឆ្នោត​សកល​ទូទាំង​ប្រទេស ដើម្បី​បញ្ចប់សង្គ្រាម​រុំារ៉ៃ​ជាង​ ២ ​ទសវត្សរ៍​។

ទោះបី​ជា​យ៉ាងណា ក្រោម​សេដ្ឋកិច្ច​ទីផ្សារ និង​ប្រព័ន្ធ​ធនាគារ​ពីរ​ថ្នាក់​ (Two-tier banking system) ប្រាក់រៀល​បាន​ចរាចរ​ជាមួយ​នឹង​ប្រាក់​ដុល្លារ​នៅក្នុង​សេដ្ឋកិច្ចជាតិ​។

លោក ជា ចាន់តូ បញ្ជាក់ថា​ក្នុង​ដំណាក់កាល​ដំបូង ប្រាក់​ដុល្លារ​បាន​រួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​តាមរយៈ​ការជំរុញ​ការវិនិយោគ​បរទេស​វិស័យ​ហិរញ្ញវត្ថុ ពាណិជ្ជកម្ម​អន្តរជាតិ និង​ទេសចរណ៍ ក៏ប៉ុន្តែ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នៃ​ទំហំ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាន់តែ​កើនឡើង​ឥតឈប់ឈរ និង​មាន​សមាហរណកម្ម​ក្នុង​តំបន់​ខ្ពស់ ការប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​បាន​កំហិត​លទ្ធភាព​ធនាគារ​កណ្តាល​ក្នុង​​ការអនុវត្ត​ឱ្យបាន​ពេញលេញ​នូវ​គោលនយោបាយ​រូបិយវត្ថុ​ដើម្បី​គាំទ្រ​កំណើនសេដ្ឋកិច្ច​ និង​ទប់ទល់​វិបត្តិ​៕ LA

វីដេអូ៖