ភ្នំពេញៈ ​ធនាគារ​ជាតិ​នៃ​កម្ពុជា ​(NBC) ​កាល​ពី​ឆ្នាំ ​២០១៨ ​បាន​ប្រើប្រាស់​ប្រាក់​រៀល​តិច​ជាង​មុន​ដើម្បី​ទិញ​​ប្រាក់​ដុល្លារ​អាមេរិក​ ខណៈ​អត្រា​ប្តូរ​ប្រាក់​រៀល​ ធៀប​នឹង​ដុល្លារ​កាន់​តែ​មាន​ស្ថិរភាព​។ ​នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់ ​NBC​។

ការ​យក​ប្រាក់​រៀល​កាន់​តែ​តិច​ទៅ​ទិញ​ប្រាក់​ដុល្លារ​នេះ​ដោយ​សារ NBC​ ​មាន​ឧបករណ៍​គោល​នយោបាយ​រូបិយ​​វត្ថុ​ថ្មី​​មួយ ​ដែ​ល​ត្រូវ​បាន​ប្រើប្រាស់​ច្រើន​ជាង​មុន​​ពី​ប្រតិបត្តិករ​ហិរញ្ញវត្ថុ​។

នេះ​ជា​ការ​វិវត្ត​ល្អ​មួយ​សម្រាប់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ក្នុង​តួនាទី​​រក្សា​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់​ ដោយ​​សារ​ថា​​នា​ពេល​​កន្លង​មក​ ធនាគារ​កណ្ដាល​របស់​កម្ពុជា​មួយ​​នេះ​មាន​ជម្រើស​តិច​តួច​ប៉ុណ្ណោះ​ក្នុង​ការ​ធ្វើ​គោល​នយោបាយ​រូបិយវត្ថុ​របស់​ខ្លួន​។​ ដោយ​សារ​កម្ពុជា​មាន​សេដ្ឋកិច្ច​ពឹង​ផ្អែក​​ខ្លាំង​លើ​ប្រាក់​ដុល្លារ នា​ពេល​កន្លង​មក​​ការ​យក​ប្រាក់​រៀល​​ទៅ​ទិញ​ប្រាក់​ដុល្លារ​ដើម្បី​រក្សា​​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់​គឺ​ជា​ភារកិច្ច​ដ៏​សំខាន់​តែ​មួយ​គត់​របស់​ធនាគារ​កណ្ដាល​។​

យោង​តាម​របាយ​ការណ៍​ប្រចាំ​​ឆ្នាំ​របស់​ NBC គិត​ចាប់​ពី​ខែ​មករា​ ដល់​ខែ​ធ្នូ​ឆ្នាំ ​២០១៨ ​NBC​ បាន​យក​ប្រាក់​រៀល​ទិញ​ប្រាក់​​ដុល្លារ​អាមេរិក ​ដែល​​មាន​តម្លៃ​​សរុប ​៨៧៥ ​លាន​ដុល្លារ​ដើម្បី​​រក្សា​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់​​។ ទឹក​ប្រាក់​​នេះ​មាន​ចំនួន​​តិច​​ជាង​​​ទឹក​ប្រាក់​កាល​ពី​ឆ្នាំ ២០១៧ ចំនួន​ ៩ ភាគរយ។ តាម​រយៈ​ការ​ធ្វើ​អន្តរាគមន៍​នេះ អត្រា​ប្តូរ​ប្រាក់​រៀល​ធៀប​នឹង​ដុល្លារ​បាន​រក្សា​ស្ថិរភាព​ល្អ​ប្រសើរ ដោយ​មាន​អត្រា​ជា​មធ្យម ៤ ០៥០ រៀល​ក្នុង ​១ ​ដុល្លារ​​អាមេរិក​។

យោង​តាម​​​​ NBC គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជា​ច្រើន​រួម​ទាំង​ MFI នៅ​តែ​មាន​តម្រូវ​ការ​ប្រាក់​រៀល​ច្រើន​ជាង​មុន តែ​ពួក​​គេ​​បាន​​ថមថយ​សកម្មភាព​​នៃ​ការ​ទិញ​​លក់​ប្រាក់​រៀល​ដោយ​ផ្ទាល់​ជា​មួយ​ ​NBC។ នេះ​​ដោយ​សារ​ប្រតិបត្តិករ MFI​ អាច​ទទួល​បាន​ប្រាក់​រៀល​ពី​ឧបករណ៍​គោល​នយោបាយ​រូបិយវត្ថុ​ថ្មី​មួយ​​ទៀត​​របស់​ NBC នោះ​គឺ​ការ​ធ្វើ​ប្រតិបត្តិការ​ផ្តល់​សន្ទនីយភាព​ប្រាក់​រៀល​ដោយ​មាន​ការ​ធានា​ LPCO។

​របាយការណ៍​ NBC លើក​ឡើង​ថា​៖​ «​កម្រិត​ខ្ពស់​នៃ​ដុល្លា​រូបនីយកម្ម​បាន​ដាក់​កំហិត​លើ​ប្រសិទ្ធ​ភាព​គោល​នយោបាយ​រូបិយវត្ថុ​ និង​បង្កើន​ភាព​ងាយ​រង​គ្រោះ​ចំ​ពោះ​សេដ្ឋកិច្ច​ ដែល​បណ្តាល​មក​ពី​ការ​ប៉ះ​ទង្គិច​នានា​»។

របាយការណ៍​​​​បញ្ជាក់​ថា​​៖ «​ស្ថានភាព​នេះ​ទាមទារ​ឲ្យ​កម្ពុជា​មាន​ឧបករណ៍​គោល​នយោបាយ​រូបិយវត្ថុ​ដែល​​មាន​ប្រសិទ្ធភាព​ ដើម្បី​គាំទ្រ​កំណើន​នេះ​​ក៏​ដូច​ជា​រក្សា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ឲ្យ​បាន​រឹងមាំ​។ ក្នុង​បរិការណ៍​នេះ ការ​ពង្រឹង​តួនាទី​ប្រាក់​រៀល​មាន​សារៈ​សំខាន់​ណាស់​»។

ស្រប​ពេល​ដែល​ទឹក​ប្រាក់​ទិញ​ លក់​ រៀល​ និង​ដុល្លារ​មាន​ការ​ធ្លាក់​ចុះ ទឹក​ប្រាក់​ដែល​ NBC បញ្ចេញ​ទៅ​ទីផ្សារ​តាម​រយៈ​​​​ឧបករណ៍​គោល​នយោបាយ​រូបិយវត្ថុ​ថ្មី​​របស់​ខ្លួន​មាន​ការ​កើន​ឡើង។

កាល​ពី​ឆ្នាំ​ ២០១៨​ NBC បាន​ធ្វើ​ប្រតិបត្តិការ​ផ្តល់​សន្ទនីយភាព​ដោយ​មាន​ការ​ធានា​ (LPCO) បាន​ផ្តល់​សន្ទនីយភាព​​ជា​ប្រាក់​រៀល​សរុប​ប្រមាណ ៦៩៧ ពាន់​លាន​រៀល (១៧២ លាន​ដុល្លារ)​​ កើន​ឡើង​ជិត​ ៥ ដង​​ធៀប​នឹង​ឆ្នាំ ​២០១៧​។ គ្រឹះស្ថាន​ដែល​បាន​​ចូល​រួម​ក្នុង​ប្រតិបត្តិការ​ LPCO របស់​ធនាគារ​ជាតិ​កាល​ពី​ឆ្នាំ​ ២០១៨​ មាន​រហូត​ដល់​ ១២ គ្រឹះស្ថាន​ គឺ​កើន​ឡើង​​ពី​ត្រឹម​តែ​ ៥​ ប៉ុណ្ណោះ​កាល​ពី​ឆ្នាំ ២០១៧។

លោក ​សុខ​ វឿន ​ប្រធាន​នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ អិល​អូអិល​ស៊ី​ បាន​លើក​ឡើង​ថា ​​ស្ថិរភាព​អត្រា​ប្តូរ​​ប្រាក់​បាន​ធ្វើ​ឲ្យ​តម្រូវ​ការ​ប្រាក់​រៀល​មាន​ការ​កើន​ឡើង ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​កើន​ឡើង​ទំនុក​ចិត្ត​របស់​អ្នក​ប្រើប្រាស់​ទៅ​​លើ​រូបិយប័ណ្ណ​ជាតិ​។ លោក​​​បញ្ជាក់​​ថា ​​​តម្រូវ​ការ​ប្រាក់​រៀល​នៅ​តាម​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​នៅ​តែ​បន្ត​កើន​ឡើង ហើយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​​មាន​ជម្រើស​ច្រើន​ជាង​មុន និង​ល្អ​ជាង​មុន​ក្នុង​ការ​ទទួល​បាន​ប្រភព​ទុន​ជា​ប្រាក់​រៀល​។​ ​

លោក​បន្ត​ថា​ ធនាគារ​ជាតិ​ ចាប់​ផ្តើម​​មាន​​ឧបករណ៍​គោល​នយោបាយ​រូបិយវត្ថុ​ថ្មី​​ៗ​ ដែល​ត្រូវ​បាន​ប្រើប្រាស់​ច្រើន​ជាង​មុន។ លើស​ពី​នេះ​ គ្រឹះស្ថាន​​ធនាគារ​ពាណិជ្ជ​ក្នុង​ស្រុក​ បាន​ចាប់​ផ្តើម​ផ្តល់​កម្ចី​ជា​ប្រាក់​រៀល​មក​ឲ្យ​មីក្រូ​ហិរញ្ញវត្ថុ​ (ដែល​កាល​​ពី​មុន​មិន​មាន​) ដោយ​សារ​​ធនាគារ​ពាណិជ្ជ​​ទាំង​នោះ​កំ​ពុង​​ព្យាយាម​បំពេញ​តាម​លក្ខខណ្ឌ​របស់​ធនាគារ​ជាតិ​ ដែល​​ត្រូវ​មាន​កម្ចី​ជា​ប្រាក់​រៀល​យ៉ាង​ហោច​ណាស់​ ១០ ភាគរយ​នៃ​កម្ចី​សរុប​របស់​ពួក​គេ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ ​២០១៩​។

លោក​ថ្លែង​ថា​៖​ «​​​និន្នាការ​អត្រា​ប្តូរ​ប្រាក់​រៀល​មាន​ស្ថិរភាព​ និង​និរន្តរភាព​ល្អ​ខ្លាំង​មែន​ទែន​​។ ​​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់​មាន​​ប្រយោជន៍​ខ្លាំង​ណាស់​​​សម្រាប់​អ្នក​វិនិយោគ​ ហើយ​កន្លង​មក​ធនាគារ​ជាតិ​អនុវត្ត​គោល​នយោបាយ​រក្សា​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់​ប្រកប​ដោយ​ប្រសិទ្ធភាព​»៕