ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) ​កំពុង​ពិចារណា​ក្នុង​ការឈប់​ទទួលយក​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​តម្លៃ​ ១ ​ដុល្លារ ២ ​ដុល្លារ និង​ ៥ ​ដុល្លារ ពី​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ដោយ​ពិនិត្យ​ឃើញ​ថា ក្នុង​ឃ្លាំង​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ និង​ធនាគារជាតិ​នៃ​កម្ពុជា​មាន​ការគរជន់ និង​មាន​តម្រូវការ​ទាប​នៅលើ​ទីផ្សារ​។

អ្នក​នៅក្នុង​ឧស្សាហកម្ម និង​អ្នកជំនាញ​អះអាង​ថា ចំណាត់ការ​នេះ​នឹង​ជួយ​ពង្រឹង​ការអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​ដើម្បី​ជំរុញ​ការប្រើប្រាស់​រូបិយវត្ថុ​ក្នុងស្រុក​។

កាលពី​ម្សិលមិញ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​កោះប្រជុំ​បណ្តា​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ក្នុង​ការសិក្សា និង​ទទួលយក​ធាតុ​ចូល​នានា​ក្នុង​ការឈាន​ទៅ​រក​ការឈប់​ទទួលយក ក្រដាសប្រាក់​ដុល្លារ​ទាំងនោះ​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ធនាគារជាតិ​បាន​ឲ្យ​ដឹងថា​៖ «​ដោយ​ពិនិត្យឃើញថា ទាំង​នៅក្នុង​ឃ្លាំង​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ និង ធនាគារជាតិ​នៃ​កម្ពុជា​មាន​ការគរជន់​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​ $១ $២ និង $៥ ​ដែល​នេះ​សបញ្ជាក់​ថា​តម្រូវការ​នៃ​ក្រដាសប្រាក់​ទាំងនេះ​មាន​កម្រិត​ទាប​ក្នុង​ទីផ្សារ​អង្គ​ប្រជុំបាន​ឯកភាព​ដាក់ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដូចជា​៖ ​ធនាគារជាតិ​នឹង​ផ្តល់​ពេលវេលា​ចំនួន​ ៣ ​ខែ​ចាប់ពី​ថ្ងៃទី​ ១ ខែ​មិថុនា ឆ្នាំ​ ២០២០ ដល់​ថ្ងៃទី​ ៣១ ​ខែ​សីហា​ឆ្នាំ​ ២០២០ ​ដល់​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ដើម្បី​នាំយក​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​ $១ $២ ​និង​ $៥ ​មក​ធនាគារជាតិ​ដើម្បី​ដឹកជញ្ជូន​ចេញទៅ​ក្រៅប្រទេស​ដោយ​ឥត​គិត​កម្រៃ​សេវា​។

បន្ទាប់ពី​ថ្ងៃទី​ ៣១ ខែ សីហា ឆ្នាំ​ ២០២០ ​ធនាគារជាតិ​នឹង​ផ្ទេរ​ការចំណាយ​ដឹកជញ្ជូន​ចេញ​ទៅ​ក្រៅប្រទេស​លើ​ក្រដាសប្រាក់​ដុល្លារ​ប្រភេទ​ទាំងនេះ​ឱ្យ​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ជា​អ្នករ៉ាប់រង​។ ចំពោះ​ការទទួល​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​ $១០ ​ឡើង​ទៅ​គឺ​មិនមាន​កម្រៃ​សេវា​ទេ​។

សេចក្តី​ប្រកាស​បញ្ជាក់ថា​៖ «​ធនាគារជាតិ​នៃ​កម្ពុជា​នឹង​បន្ត​ពិភាក្សា​ជាមួយ​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ដើម្បី​ឈានទៅ​កំណត់​ពេលវេលា​ណាមួយ​សមស្រប​ដើម្បី​ផ្អាក​ការទទួល​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​តូច​ទាំងស្រុង​ពី​គ្រឹះស្ថាន​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​។ ធនាគារជាតិ​នៃ​កម្ពុជា​ក៏​សូមបញ្ជាក់​ផងដែរ​ថា ការអនុវត្ត​វិធានការ​ខាងលើ​មិន​មានន័យថា ជា​ការហាមឃាត់​ចរាចរណ៍​ក្រដាសប្រាក់​ដុល្លារ​ប្រភេទ​តូចៗ​ទាំងនេះ​នៅលើ​ទីផ្សារ​នោះទេ​»​។

លោក​ Shin Chang Moo ប្រធាន​ធនាគារ​ PPCBank ដែល​បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស្វាគមន៍​ចំពោះ​វិធានការ​នេះ​ដែល​វា​កំពុង​រួមចំណែក​ដល់​ការលើកកម្ពស់​ការប្រើប្រាស់​រូបិយប័ណ្ណ​ក្នុង​ស្រុក​កាន់តែ​ច្រើន​ផងដែរ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​រំពឹងថា​នៅក្នុង​រយៈពេល​វែង ការប្រើប្រាស់​ប្រាក់រៀល​នឹង​កើន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​។ យើង​កំពុង​អង្កេត​រួចហើយ​ក្រដាស​ប្រាក់រៀល​មាន​តម្លៃ​ស្មើ និង​ជំនួស​យ៉ាង​រហ័ស​លើ​ក្រដាសប្រាក់​ដុល្លារ ១ ​ដុល្លារ និង​ ៥ ​ដុល្លារ​ដែល​វា​ចាស់ៗ និង​ងាយ​រហែក​។ ខ្ញុំ​ជឿជាក់​ថា គោលការណ៍​ណែនាំ​ថ្មី​របស់ NBC នឹង​បង្កើនល្បឿន​ដំណើរការ​ការធ្វើ​បដិដុល្លារនីយកម្ម​»​។

លោក Stephen Higgins ដៃគូ​គ្រប់គ្រង​ក្រុមហ៊ុន Mekong Strategic Partners បាន​ឲ្យ​ដឹងថា ទិសដៅ​នៃ​កិច្ចប្រជុំ​នេះ​គឺ​ដើម្បី​លើកកម្ពស់​រូបិយប័ណ្ណ​ក្នុងស្រុក និង​ជា​ជំហាន​ដ៏សំខាន់​មួយ ដើម្បី​ជំរុញ​ឲ្យ​ប្រជាជន​ប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក​។

លោក​ថ្លែងថា​៖ «​នេះ​ជា​វិធានការ​ដ៏ល្អ​របស់​ NBC ដើម្បី​គាំទ្រ​ទិសដៅ​របស់ខ្លួន​ក្នុង​ការលើកកម្ពស់​ប្រាក់រៀល​»​។

លោក​បាន​បន្តថា​៖ «​នេះ​មិន​មានន័យថា យើង​បញ្ឈប់​ឲ្យ​ធនាគារ និង​អាជីវកម្ម​មិន​ឲ្យ​ទទួលយក​ក្រដាសប្រាក់​ទាំងនោះ រួច​បង្វែរ​វា​ទៅ​ឲ្យ​អតិថិជន​នោះទេ ប៉ុន្តែ​វា​នឹង​ជំរុញ​ឲ្យ​ពួកគេ​ចង់បាន​ក្រដាស​ប្រាក់រៀល​ថ្មីៗ​។ យើង​ត្រូវ​ដឹងថា ក្រដាសប្រាក់​ដុល្លារ​អាមេរិក​គឺជា​រូបិយប័ណ្ណ​ស្របច្បាប់​នៅ​អាមេរិក ច្បាស់​ណាស់​គឺ​មិនមាន​លក្ខខណ្ឌ​តម្រូវ​តាមផ្លូវ​ច្បាប់​ណាមួយ​សម្រាប់​ប្រទេស​កម្ពុជា​ត្រូវតែ​ចាត់ទុក​ថា ការ​ចរាចរ​ ឬ​មិន​ចរាចរ វា​ខុស​នោះទេ ដូច្នេះ NBC មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការធ្វើ​ដូច្នេះ​»​។

លោក ចាន់ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ (CPS) ក៏​យល់ស្រប​ដែរ​ថា វិធានការ​ពី​ NBC គឺជា​ផ្នែក​មួយ​នៃ​ទិសដៅ​បដិដុល្លារូបនីយកម្ម ដោយ​ពន្យល់​ថា ការធ្វើ​ដុល្លារូបនីយកម្ម​ផ្ដល់​អត្ថប្រយោជន៍​មួយផ្នែក ដើម្បី​ពង្រឹង​គោលនយោបាយ​រូបិយវត្ថុ​ហើយ​វា​មិនចាំបាច់​ប្រើប្រាស់​ប្រាក់​ដុល្លារ​ច្រើន​នៅពេល​មាន​វិបត្តិ​ដូច​នៅពេល​នេះ​ទេ​។

លោក​បាន​ថ្លែងថា​៖ «​ខណៈ​ដែល​សេដ្ឋកិច្ចកម្ពុជា​កាន់តែ​ធំ ការបាត់បង់​នៃ​ការចំណេញ និង ឧបករណ៍​រូបិយវត្ថុ​មាន​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច​។ ការធ្វើ​ដុល្លា​រូបនីយកម្ម​មិន​គួរ​ត្រូវបាន​ធ្វើឡើង​ក្នុង​រយៈពេល​ខ្លី​នោះទេ​»​។

របាយការណ៍​ឆ្នាំ​ ២០១៩ របស់​ NBC ​ឲ្យ​ដឹងថា ចំណែក​ប្រាក់រៀល​ក្នុង​ទីផ្សារ​កម្ពុជា​បាន​កើនឡើង​ប្រហែល​ ៣៣ ​ភាគរយ​ កាលពី​ឆ្នាំ​ ២០១៩ ​ធៀប​នឹង​ ២០១៨ ចំណែកឯ​ប្រាក់​បញ្ញើ​ជា​ប្រាក់រៀល​បាន​កើនឡើង​ ៣៧ ​ភាគរយ​។ ចំពោះ​តម្រូវការ​រូបិយប័ណ្ណ​ក្នុង​ស្រុក​ជាមួយ​អនុបាត​ដុល្លា​រូបនីយកម្ម​ប្រាក់​បញ្ញើ​បាន​ធ្លាក់​ចុះមក​នៅត្រឹម​ ៨២,៩ ​ភាគរយ​ កាលពី​ឆ្នាំមុន​ធៀប​នឹង​ ៨៤,៨ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៨​។

ឆ្នាំ​ ២០១៩ អត្រា​ប្តូរប្រាក់​មាន​ស្ថិរភាព​ក្នុង​អត្រា​ ៤ ០៦៥ ​រៀល​ក្នុង​ ១ ​ដុល្លារ ធៀប​នឹង​ ៤ ០៥១ ​រៀល​កាលពី​ឆ្នាំ​ ២០១៨​។ តម្លៃ​ប្រាក់រៀល​តែងតែ​មាន​ការប្រែប្រួល​បន្តិចបន្តួច​តាម​រដូវកាល​៕LA

វីដេអូ៖