ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ (NBC) កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ជូន​ដំណឹង​ដល់​សាធារណជន​ថា ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​តូច​ប្រភេទ ១ ​ដុល្លារ ៥ ​ដុល្លារ និង​ ១០ ​ដុល្លារ​នៅ​តែ​ធ្វើការ​ចរាចរ​ជាធម្មតា​នៅលើ​ទីផ្សារ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។

ការអះអាង​របស់​មន្ត្រី NBC ​នេះ​ដើម្បី​បញ្ជាក់​ដល់​សាធារណជន​ពាក់ព័ន្ធ​ទៅនឹង​ផ្សារ​ទំនើប​អ៊ីអន​ដែល​បាន​ជូនដំណឹង​ដល់​អតិថិជន​ខ្លួន​ថា​ចាប់ពី​ថ្ងៃទី​ ១ ខែ​សីហា​តទៅ ផ្សារ​ទំនើប​អ៊ីអន​នឹង​ផ្អាក​ផ្គត់ផ្គង់​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​តូចៗ​ដូចជា $១, $៥ និង $១០ សម្រាប់​អាប់​ត្រឡប់​ដល់​អតិថិជន ដោយ​ជំនួស​ជា​ប្រាក់រៀល​វិញ​។

សេចក្ដី​ប្រកាស​នោះ​បញ្ជាក់ថា​៖ «​ផ្សារ​ទំនើប​យើងខ្ញុំ​នៅតែ​បន្ត​ទទួល​ក្រដាសប្រាក់​ដុល្លារ​ពី​អតិថិជន​សម្រាប់​ការជាវ​ទំនិញ​នៅ​ផ្សារ​យើងខ្ញុំ​រហូត​ដល់​មាន​ការជូន​ដំណឹង​ជាថ្មី​»​។

លោកស្រី ជា សិរី បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោកស្រី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចំពោះ​សេចក្ដី​ប្រកាស​ដែល​បាន​ធ្វើឡើង​ដោយ​ផ្សារ​ទំនើប​អ៊ីអន​នោះ ពួកគេ​នៅតែ​ទទួល​យក​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​តូច ប៉ុន្តែ​ពួកគេ​មិនមាន​ក្រដាសប្រាក់​ដុល្លារ​ប្រភេទ​តូច​សម្រាប់​អាប់​ឲ្យ​អតិថិជន​។

លោកស្រី​បាន​សរសេរ​ថា​៖ «​ចំពោះ​ការប្រកាស​របស់​ផ្សារ​ទំនើប​អ៊ីអន គាត់​នៅតែ​ទទួល​ក្រដាសប្រាក់​ដុល្លារ​ប្រភេទ​តូច ប៉ុន្តែ​ប្រសិន​បើ​គាត់​មិនមាន​ក្រដាសប្រាក់​ដុល្លារ​ទាំងនេះ​សម្រាប់​អាប់​ក៏​យើង​មិនអាច​បង្ខំ​ឲ្យ​អាប់​ក្រដាសប្រាក់​ទាំងនេះ​បានដែរ​។ សំខាន់​គាត់​អាច​អាប់​ក្រដាសប្រាក់​ណា​ដែល​គាត់​មាន​។ យើង​ទាំងអស់​គ្នា​គួរ​បន្ត​គាំទ្រ​ការប្រើប្រាស់​ប្រាក់រៀល​ឲ្យ​បាន​ទូលំទូលាយ​»​។

លោកស្រី​លើកឡើង​ថា នៅក្នុង​មាត្រា​ទី​ ៦៤ ​នៃ​ច្បាប់​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​នៃ​ធនាគារជាតិ​កម្ពុជា​ចុះ​ថ្ងៃទី​ ២៦ ខែ​មករា ឆ្នាំ​ ១៩៩៦ ដែល​ចែងថា​៖ «​ជន​ណា​ពុំ​ព្រម​ទូទាត់​រូបិយវត្ថុ​ដែលមាន​តម្លៃ​នីត្យានុកូល និង​មាន​តេជានុភាព​ធ្វើ​សេរីកា​លើ​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជន​នោះ​នឹងត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ស្មើនឹង​ ១០០ ​ដង​នៃ​ទឹកប្រាក់​ដែល​ពុំ​ទូទាត់​នោះ​»​។

កាលពី​ថ្ងៃទី​ ៨ ខែ​ឧសភា NBC បានកំណត់​ពេលវេលា​រយៈពេល​ ៣ ​ខែ​សម្រាប់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​ ១ ​ខែ​មិថុនា​រហូត​ដល់​ថ្ងៃទី​ ៣១ ខែ​សីហា ត្រូវ​ទទួល​យក​ក្រដាសប្រាក់​អាមេរិក​ប្រភេទ​តូច​ $១, $២, $៥ សម្រាប់​ការដឹកជញ្ជូន​ទៅ​បរទេស ដោយ​មិន​គិត​តម្លៃ​សេវា​។

ក្រោយ​ចន្លោះ​ពេលនេះ NBC នឹង​គិត​តម្លៃ​សេវា ប្រសិន​បើ​ពួកគេ​យក​ក្រដាសប្រាក់​អាមេរិក​ប្រភេទ​តូច​ទាំងនោះ​។

ដើម្បី​រម្ងាប់​ក្តី​ព្រួយបារម្ភ​របស់​ប្រជាជន​ទូទៅ ២ ​ថ្ងៃ​ក្រោយ​សេចក្តី​ជូន​ដំណឹង​នោះ លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន​អះអាង​ពី​ការ​ចរាចរ​ក្រដាសប្រាក់​ទាំងនោះ​ជាធម្មតា​។

លោក​បាន​បញ្ជាក់​ថា ក្រដាសប្រាក់​អាមេរិក​ប្រភេទ​តូច ១​ ​ដុល្លារ ២ ​ដុល្លារ និង ៥ ​ដុល្លារ​គឺ​នៅតែ​ប្រើប្រាស់ និង​ទទួល​យក​ទូទាំង​ប្រទេស​កម្ពុជា​។

លោក សាយ សូនី នាយកប្រតិបត្តិ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​បាន​ឲ្យ​ដឹងថា គ្រឹះស្ថាន​របស់​លោក​នៅ​តែ​ទទួល​យក​ក្រដាសប្រាក់​អាមេរិក​ប្រភេទ​តូច​ធម្មតា​។

ទោះយ៉ាងណា​លោក​បាន​កត់សម្គាល់​ថា ការទូទាត់​ក្រដាសប្រាក់​ទាំងនេះ​ពី​អតិថិជន​កំពុង​មាន​និន្នាការ​​ធ្លាក់ចុះ​។ លោក​បន្តថា​ចាប់ពី​ថ្ងៃទី​ ២ ខែកក្កដា ឆ្នាំ​ ២០២០ ប្រាសាក់​ប្រមូលបាន​ប្រហែល ១,២ ​លាន​ដុល្លារ ប៉ុន្តែ​នៅ​ថ្ងៃទី​ ២៤ ​ខែ​កក្កដា លោក​ប្រមូល​បាន​ ២៧២ ០០០ ​ដុល្លារ​ប៉ុណ្ណោះ​។

លោក​លើកឡើង​ថា​៖ «​យើង​នៅតែ​បន្ត​ទទួល​យក​ក្រដាសប្រាក់​អាមេរិក​ប្រភេទ​តូច​ទាំងនេះ​។ យើង​មិនបាន​មើលឃើញ​ថា​មាន​បញ្ហា​ណាមួយ​នោះទេ ទាក់ទង​នឹង​ការប្រមូល​នេះ ដោយសារ​តែ​យើង​អាច​ជំនួស​ក្រដាស​ប្រាក់រៀល​របស់​យើង​សម្រាប់​ការអាប់​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​តូច​ទាំងនេះ​។ អ្វីដែល​បាន​កើតឡើង​នេះ​គឺជា​ការវិវិត្ត​ទៅរក​ការធ្វើ​បដិដុល្លារូបនីយកម្ម​»៕LA

វីដេអូ៖