
អាជីវករកំពុងរាប់ប្រាក់នៅតូបប្តូរប្រាក់របស់គាត់ក្នុងរាជធានីភ្នំពេញ។ ផា លីណា
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) កាលពីឆ្នាំ២០១៧ បានចាក់បញ្ចូលប្រាក់រៀលទៅក្នុងទីផ្សារតាមរយៈការទិញចូលប្រាក់ដុល្លារដែលមានតម្លៃសរុប ៩១៥ លានដុល្លារដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ NBC ដែលចេញផ្សាយ កាលពីថ្ងៃម្សិលមិញ។
តាមរយៈការទិញចូលប្រាក់ដុល្លារនេះគេអាចប៉ាន់ស្មានថា NBC បានបញ្ចេញប្រាក់រៀលទៅកាន់ទីផ្សារប្រមាណ ៣,៧ ពាន់ពាន់លានរៀលនៅឆ្នាំ២០១៧។
របាយការណ៍ NBC បង្ហាញថា NBC បានធ្វើអន្តរាគមន៍យកប្រាក់រៀលទិញដុល្លារចូលចំនួន ១២៥ លើកក្នុងឆ្នាំ ២០១៧ ដែលធ្វើឲ្យអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លាររក្សាបានស្ថិរភាពដោយមានអត្រាជាមធ្យម ៤ ០៥០ រៀលក្នុង ១ ដុល្លារអាមេរិក។
លោកស្រី ជា សិរី អគ្គនាយិកា NBC បានលើកឡើងក្នុងបទបង្ហាញស្តីពីរបាយការណ៍បូកសរុបកាងារប្រចាំឆ្នាំ កាលពីម្សិលមិញថា ទំហំប្រាក់រៀលដែលចាក់បញ្ចូលទីផ្សារដើម្បីទិញចូលប្រាក់ដុល្លារកាលពីឆ្នាំ ២០១៧ នេះ បានកើនឡើង ១១,៤ ភាគរយធៀបនឹងទឹកប្រាក់កាលពីឆ្នាំ២០១៦។
លោកស្រីថ្លែងថា៖ «កំណើននេះ ឆ្លុះបញ្ចាំងពីកំណើនតម្រូវការប្រាក់រៀលក្នុងពេលដែលសកម្មភាពសេដ្ឋកិច្ចមានការរីកចម្រើន និងកំណើនជំនឿទុកចិត្តរបស់សាធារណជនមកលើប្រាក់រៀល»។
យោងតាមរបាយការណ៍របស់ NBC កាលពីម្សិលមិញ ក្នុងចំណោមទឹកប្រាក់សរុប ៣,៧ ពាន់ពាន់លានរៀលនេះ ធនាគារពាណិជ្ជនៅកម្ពុជា បានស្រូបយក៥៤ភាគរយ ខណៈភាគរយដែលនៅសេសសល់គឺជាអាជីវករប្តូរប្រាក់។
យោងតាមរបាយការណ៍ដដែល ធនាគារជាតិបានបង្កើនទុនបម្រុងអន្តរជាតិដុលដល់ ៨,៧ ពាន់លានដុល្លារគិតត្រឹមដំណាច់ឆ្នាំ ២០១៧ ដែលអាចធានាការនាំចូលទំនិញ និងសេវាប្រមាណរយៈពេល៦ខែ។
លោកស្រី សិរី មិនអាចទាក់ទងសុំអត្ថាធិប្បាយបន្ថែមបានទេកាលពីម្សិលមិញ តែលោកស្រីបានបញ្ជាក់ កាលពីខែកក្កដា ឆ្នាំមុនថា ចំណែកប្រាក់រៀលដែលចរាចរណ៍ក្នុងសេដ្ឋកិច្ចទាំងមូលនៅតែតូចនៅឡើយបើធៀបនឹងប្រាក់ដុល្លារ ដែលតាមការប៉ាន់ស្មាន ការចរាចរប្រាក់ដុល្លារមានរហូតដល់ទៅ ៨៣ ភាគរយនៃទំហំសេដ្ឋកិច្ចសរុប។
លោក ស៊ាន ធនិន សាស្ដ្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យកម្ពុជា និងជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ បានថ្លែងកាលពីម្សិលមិញថា កំណើនតម្រូវការប្រាក់រៀល អាចជាការរួមចំណែកដ៏សំខាន់ពីការធ្វើកំណែទម្រង់ប្រព័ន្ធពន្ធដារកាលពីចុងឆ្នាំ២០១៥ ដែលជាលទ្ធផលធ្វើឲ្យប្រាក់ចំណូលពន្ធបានកើនឡើងយ៉ាងខ្លាំង ហើយអ្នកជាប់ពន្ធចាំបាច់ត្រូវបំពេញកាតព្វកិច្ចបង់ពន្ធរបស់ពួកគេជារូបិយប័ណ្ណក្នុងស្រុក។
លោកបន្តថា៖ «វាជាសញ្ញាដ៏ល្អដែលឆ្លុះបញ្ចាំងពីប្រតិបត្តិការល្អមួយរបស់ធនាគារកណ្ដាល»។ យ៉ាងណាក៏ដោយ ខណៈកម្ពុជាជាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើប្រាក់ដុល្លារ លោក ធនិន បានបញ្ជាក់ថា ធនាគារកណ្ដាលកម្ពុជា នៅមិនទាន់មានជម្រើសច្រើនក្នុងការដាក់ចេញនូវនយោបាយរូបិយវត្ថុឲ្យសម្បូរបែបដូចប្រទេសផ្សេងៗនៅឡើយទេ។
លោកបន្តថា ធនាគារជាតិនៅមានជម្រើសតិចតួចក្នុងការធ្វើគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ហើយកន្លងមកការទិញប្រាក់ដុល្លារដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់គឺជាភារកិច្ចដ៏សំខាន់មួយរបស់ធនាគារកណ្ដាលដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ និងអតិផរណា។
យោងតាមលោក ធនិន រដ្ឋាភិបាលគួរធ្វើអន្តរាគមន៍ជាប្រព័ន្ធ ដើម្បីពង្រីកការចរាចរប្រាក់រៀលក្នុងសេដ្ឋកិច្ច ដូចជាការតម្រូវឲ្យទូទាត់ពន្ធ ការបង់ថ្លៃទឹកភ្លើងជាប្រាក់រៀល ឬតម្រូវឲ្យក្រុមហ៊ុនត្រូវដាក់ស្លាកតម្លៃជាប្រាក់រៀលជាដើមដើម្បីបង្កើនល្បឿនប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក។
លោកថ្លែងថា៖«នៅពេលការចរាចរប្រាក់រៀលរបស់យើងក្នុងសេដ្ឋកិច្ចមានចំណែកកាន់តែធំ នៅពេលនោះ ធនាគារកណ្ដាលនឹងអាចអនុវត្តគោលនយោបាយរូបិយវត្ថុបានពេញលេញ និងកាន់តែមានប្រសិទ្ធភាព»។
លោកស្រី សូ ផនណារី អនុប្រធានធនាគារអេស៊ីលីដា កាលពីម្សិលមិញ បានព្យាករថា ការចរាចរប្រាក់រៀលក្នុងសេដ្ឋកិច្ចនឹងកើនឡើងខ្លាំងក្នុងរយៈពេល ២-៣ ឆ្នាំខាងមុខនេះ ដោយសារគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ចាំបាច់ត្រូវគោរពតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា ដែលតម្រូវឲ្យគ្រឹះស្ថានទាំងអស់ត្រូវមានទុនកម្ចីជាប្រាក់រៀលយ៉ាងហោចណាស់ ១០ភាគរយនៃកម្ចីសរុបគិតត្រឹមដំណាច់ឆ្នាំ២០១៩។
លោកស្រីបានថ្លែងថា៖ «ឥឡូវ គ្រឹះស្ថានហិរញ្ញវត្ថុកាន់តែច្រើនឡើងៗកំពុងពង្រីកកម្ចីជាប្រាក់រៀលរបស់ពួកគេដើម្បីគោរពតាមបទប្បញ្ញត្តិរបស់ NBC»។
លោកស្រីបញ្ជាក់ថា គិតមកទល់ពេលនេះ អេស៊ីលីដា មានកម្ចីជាប្រាក់រៀល ៥ភាគរយប៉ុណ្ណោះក្នុងចំណោមកម្ចីសរុបរបស់ធនាគារ ដែលកត្តានេះឆ្លុះបញ្ចាំងថា ការផ្តល់កម្ចីជារៀលនឹងកើនឡើង ហើយការប្រើប្រាស់ប្រាក់រៀលក្នុងសេដ្ឋកិច្ចនឹងមានចំណែកកាន់តែធំ។
យោងតាមការព្យាកររបស់ NBC ផ្អែកលើនិន្នាការ និងតម្រូវការទីផ្សារនៅឆ្នាំ ២០១៧ តម្រូវការប្រាក់រៀលពីសំណាក់គ្រឹះស្ថានធនាគារ និងអាជីវករប្តូរប្រាក់នឹងកើនឡើង ១២ ភាគរយនៅឆ្នាំ ២០១៨ នេះ ហើយអាចឲ្យ NBC ចាក់បញ្ចូលប្រាក់រៀលទៅកាន់ទីផ្សារតាមរយៈការទិញចូលប្រាក់ដុល្លារដោយមានតម្លៃសរុប ១,០២ ពាន់លានដុល្លារដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់៕ LA