The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - NBC ចេញ​ផ្សាយ​របាយការណ៍​ស្ថិរភាព​ហិរញ្ញវត្ថុ​

NBC ចេញ​ផ្សាយ​របាយការណ៍​ស្ថិរភាព​ហិរញ្ញវត្ថុ​

Content image - Phnom Penh Post
អតិថិជនកំពុងដកប្រាក់​ចេញពីម៉ាស៊ីន ATM នាពេលកន្លងមក​​។ ហេង ជីវ័ន

NBC ចេញ​ផ្សាយ​របាយការណ៍​ស្ថិរភាព​ហិរញ្ញវត្ថុ​

ភ្នំពេញៈ ធនាគារ​ជាតិ​នៃ​កម្ពុជា​ (NBC) កាល​ពី​ថ្ងៃ​ពុធ​ បាន​ផ្សព្វផ្សាយ​​​របាយការណ៍​ស្តីពី​ស្ថិរភាព​ហិរញ្ញវត្ថុ​ ជា​សាធារណៈ​ជា​លើក​ដំបូង​ ដែល​បង្ហាញ​ពី​វិធានការ​របស់​ NBC ក្នុង​ការ​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ និង​ការ​តាក់តែង​គោល​នយោបាយ​ម៉ាក្រូ​ប្រុងប្រយ័ត្ន​នានា ​ដើម្បី​បង្ការ​ហានិភ័យ​ក្នុង​វិស័យ​នេះ។ ​

ការ​ត្រួត​ពិនិត្យ​ពី​ស្ថិរភាព​ហិរញ្ញវត្ថុ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ NBC ចាប់​តាំង​ពី ​ឆ្នាំ ​២០១១ ប៉ុន្តែ​ចាប់​តាំង​ពី​ពេល​​នោះ​មក វា​ត្រូវ​បាន​គេ​ធ្វើ​ឡើង​សម្រាប់​ការ​ប្រើប្រាស់​ផ្ទៃ​ក្នុង​ប៉ុណ្ណោះ​។ របាយ​ការណ៍​ត្រួត​ពិនិត្យ​ស្ថិរភាព​ហិរញ្ញវត្ថុ​ មាន​ ​៣៨ ​ទំព័រ ត្រូវ​បាន​​ធ្វើ​ឡើង​ដោយ​មាន​​ជំនួយ​បច្ចេកទេស​ស្ដីពី​បញ្ហា​ស្ថិរភាព​​ហិរញ្ញវត្ថុ​ ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​( IMF)​។

ថ្លែង​នៅ​ក្នុង​ការ​ដាក់​ឲ្យ​ដំណើរការ​របាយការណ៍​នេះ​កាល​ពី​ម្សិលមិញ​ ​លោកស្រី​ Yong Sarah Zhou តំណាង​ប្រធាន​របស់​ IMF ប្រចាំ​នៅ​កម្ពុជា​ បាន​បង្ហាញ​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​របស់​លោកស្រី​លើ​ការ​ចេញ​ផ្សាយ​ការ​ត្រួត​​ពិនិត្យ​សិ្ថរភាព​ហិរញ្ញវត្ថុ​នេះ​ ដោយ​លើក​ឡើង​ថា វា​ជា​របាយ​ការណ៍​ទូលំទូលាយ​បំផុត​ និង​ផ្ដល់​ការ​វិភាគ​ប្រកប​ដោយ​គុណភាព​ខ្ពស់​ ដើម្បី​កំណត់​​ហានិភ័យ​នៅ​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

លោកស្រី​ថ្លែង​ថា​៖ «​យើង​ដឹង​ថា ​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​ កំពុង​រីក​ចម្រើន​យ៉ាង​រហ័ស ​កា្លយ​ជា​​ប្រព័ន្ធ​កាន់​តែ​ស្មុគស្មាញ ​និង​ពិបាក​ខ្លាំង​»។ ​លោក​ស្រី​​បន្ត​ថា​៖ «​ការ​ចេញ​ផ្សាយ​របាយការណ៍​នេះ​ផ្ដល់​វេទិកា​ដើម្បី​ចែក​រំលែក​ឆន្ទៈ​របស់ NBC អំពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​​ហិរញ្ញវត្ថុ​​ ដើម្បី​កំណត់​ហានិភ័យ​​នៅ​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​ពិភាក្សា​គោល​នយោបាយ​ដែល​អាច​​ធ្វើ​ឡើង​ និង​កាត់​បន្ថយ​ហានិភ័យ​ដែល​អាច​កើត​ឡើង​»។​

របាយការណ៍​​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​មួយ​នឹង​ការ​ផ្ដោត​ជាក់​​លាក់​លើ​កត្តា​សំខាន់ៗ ៣ រួម​មាន​លក្ខខណ្ឌ​ម៉ាក្រូ​សេដ្ឋកិច្ច​ ស្ថិរភាព​ និង​ចក្ខុវិស័យ ​ដែល​ផ្ដោត​លើ​លក្ខខណ្ឌ និង​ការ​វាយ​តម្លៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ និង​ការ​ភ្ជាប់​ម៉ាក្រូ​​ហិរញ្ញវត្ថុ និង​ហានិភ័យ​ដែល​អាច​កើត​ឡើង​ចំពោះ​ស្ថិរភាព​​ហិរញ្ញវត្ថុ​។​

លោក​ ឃូ វុឍ្ឍី អគ្គ​នាយក​រងបច្ចេកទេស​របស់ NBC បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា​ ដោយសារ​តែ​ប្រាក់​ចំណូល​កាន់​តែ​ខ្ពស់​ និង​​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​កាន់​តែ​ប្រសើរ ការ​ផ្តល់​ឥណទាន​បុគ្គល​បាន​កើន​ឡើង​ ដែល​​ជួយ​លើក​កម្ពស់​ការ​វិនិយោគ​ និង​ការ​ប្រើប្រាស់​។​​

លោក​បន្ថែម​ថា ការ​ឃ្លាំ​មើល​យ៉ាង​ដិតដល់​នៅ​ក្នុង​សមាសភាព​​ឥណទាន ដែល​បាន​បង្ហាញ​សមាមាត្រ​ដ៏​ធំ​នៃ​ឥណទាន​ កំពុង​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​គោល​បំណង​ពាណិជ្ជកម្ម ​ដែល​បង្កើត​ប្រាក់​ចំណូល​។​​

លោក​ថ្លែង​ថា៖ «​ទោះបីជា​កំណើន​ដ៏​រហ័ស​ក៏​ដោយ​ ក៏​គុណភាព​ឥណទាន​​​មិន​ទាន់​ជា​ក្តី​​បារម្ភ​នោះ​ទេ​»។ លោក​បន្ត​ថា​៖ «​NBC បន្ត​ត្រួត​ពិនិត្យ​យ៉ាង​ដិត​​ដល់​លើ​ឥណទាន​បុគ្គល​បន្ត​ទៅ​មុខ​ទៀត​​»៕LA​

អត្ថបទគួរចាប់អារម្មណ៍