ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) បាន​ជំរុញ​ឲ្យ​ក្រសួង​របស់​រដ្ឋាភិបាល ស្ថាប័ន គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​សាធារណជន​ត្រូវធ្វើការ​ទូទាត់ និង​ផាត់ទាត់​តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​កូវីដ​១៩​។

សេចក្ដី​ប្រកាស​បាន​ពី NBC កាលពី​ចុង​សប្ដាហ៍​មុន​បាន​ឲ្យ​ដឹងថា​៖ «​ដើម្បី​រួមចំណែក​បង្ការ​ការរីក​រាលដាល​កូវីដ​ ១៩ ដែល​កំពុង​រីក​រាលដាល និង​ដើម្បី​ធានា​សុវត្ថិភាព និង​ហានិភ័យ​ដែល​អាច​កើតឡើង​ដោយ​យថាហេតុ ធនាគារជាតិ​នៃ​កម្ពុជា​ជំរុញ​ឲ្យ FI កាត់បន្ថយ​ការប្រើប្រាស់​ការចេញ​មូលប្បទានប័ត្រ​សម្រាប់​ការផាត់ទាត់ និង​ការទូទាត់​ជំនួយ​ដោយ​ការប្រើប្រាស់​តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​»​។

លោក សាយ សូនី អនុប្រធាន​ប្រតិបត្តិ​ប្រាសាក់​បាន​ឲ្យ​ដឹងថា គ្រឹះស្ថាន​របស់​លោក​បាន​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​នានា​រួចហើយ ដូចជា អ៊ីនធឺណិត និង​ប្រព័ន្ធ​ធនាគារ​ចល័ត​ដែល​អាច​ឲ្យ​អតិថិជន​ធ្វើ​ប្រតិបត្តិការ​ដូចជា ការផ្ទេរ​ប្រាក់ ការទូទាត់ និង​ការត្រួតពិនិត្យ​ទឹកប្រាក់​ជាដើម​។

លោក​ថ្លែងថា​៖ «​គិត​មក​ត្រឹម​ពេលនេះ​អតិថិជន​របស់​យើង​អាច​ផ្ទេរប្រាក់​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ជាមួយ​នឹង​ចំនួន​អប្បបរមា​រហូតដល់ ១០០ ០០០ ​ដុល្លារ​ ហើយ​បច្ចុប្បន្ន​ពាណិជ្ជករ​ជាច្រើន​ប្រើប្រាស់​មធ្យោបាយ​ទូទាត់​នៅពេល​ពួកគេ​ចង់​ធ្វើការ​ទូទាត់​ទៅ​អតិថិជន​របស់​ប្រាសាក់​ដែល​មាន​គណនី​»​។

លោក​បន្ថែមថា មាន​ប្រព័ន្ធ​ទូទាត់​មួយចំនួន​ផ្សេងទៀត​ដាក់​ឲ្យ​ដំណើរការ​ដូចជា ការទូទាត់​រហ័ស និង​ប្រព័ន្ធ​កណ្ដាល​សម្រាប់​ភ្ជាប់​បណ្ដាញ​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យប្រវត្ដិ និង​ម៉ាស៊ីន​ឆូតកាត ព្រមទាំង​គំនិត​ផ្តួចផ្ដើម​ប្រព័ន្ធ​បាគង​របស់ NBC ដើម្បី​អាច​ឲ្យ​អតិថិជន និង​សាធារណជន​ប្រតិបត្តិការ​ទូទាំង​ធនាគារ​ដោយ​មិន​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ​។

លោក សាយ សូនី បន្ថែម​ថា​៖ «​ក្នុង​ស្ថានការណ៍​បច្ចុប្បន្ន​យើង​ចង់​ជំរុញ​ឲ្យ​អតិថិជន​របស់​យើង​ប្រើប្រាស់​កម្មវិធី​អនឡាញ​ដូចជា​ធនាគារ​ចល័ត ធនាគារ​អ៊ីនធឺណិត ម៉ាស៊ីន​អេធីអឹម ព្រម​ទាំង​ប្រព័ន្ធ​ទាំងអស់​របស់ NBC ដើម្បី​កាត់បន្ថយ​ការរីករាលដាល​កូវីដ​ ១៩»​។ សេចក្ដី​ប្រកាស​របស់ NBC បាន​ឲ្យ​ដឹងថា គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់ ស្ថាប័ន និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​សាធារណជន​ត្រូវតែ​គោរព​តាម​សេចក្ដី​ប្រកាស​នេះ​៕LA