ភ្នំពេញ: ធនាគារជាតិនៃកម្ពុជា (NBC) បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការពីថ្ងៃម្សិលមិញនូវប្រព័ន្ធទូទាត់សាច់ប្រាក់អេឡិចត្រូនិកដែលត្រូវបានប្រសិទ្ធនាម «បាគង» ដែលនឹងអនុញ្ញាតឱ្យមានការទូទាត់សាច់ប្រាក់អន្តរធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងឡាយដែលចូលសមាជិកខណៈដែលអ្នកជំនាញហិរញ្ញវត្ថុយល់ថា ប្រព័ន្ធនេះនឹងជំរុញការទូទាត់ដោយមិនប្រើសាច់ប្រាក់ផ្ទាល់ លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលក្នុងទីផ្សារហិរញ្ញវត្ថុ បង្ខិតសេវាហិរញ្ញវត្ថុទៅកាន់ទីជនបទ និងជួយបង្កើនល្បឿនបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែងាយស្រួល សុវត្ថិភាព និងតម្លាភាព។
លោកស្រី ជា សិរី អគ្គនាយិកាបច្ចេកទេសធនាគារជាតិនៃកម្ពុជាបានថ្លែងថា «បាគង» ជាសមិទ្ធផលថ្មីកើតចេញពីគំនិតផ្តួចផ្តើមរបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាដែលបានផ្តល់អនុសាសន៍ឱ្យរៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ស្នូលសម្រាប់ផ្តល់លទ្ធភាពដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអាចប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងប្រព័ន្ធគ្នាទៅវិញទៅមក (Interoperability) ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព កាត់បន្ថយចំណាយប្រតិបតិ្តការ និងជំរុញបរិយាប័ន្នហិរញ្ញវត្ថុ។
លោកស្រីបានបន្តថា ការអភិវឌ្ឍប្រព័ន្ធបាគងនេះជាការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលនៃឧស្សាហកម្មជំនាន់ទី ៤ ស្របតាមបរិបទសេដ្ឋកិច្ចឌីជីថលក្នុងតំបន់អាស៊ាន។ ការអភិវឌ្ឍប្រព័ន្ធបាគងនេះគឺជាការធ្វើទំនើបកម្មប្រព័ន្ធទូទាត់សងប្រាក់នៅក្នុងប្រទេសកម្ពុជា និងដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន។
លោកស្រីថ្លែងថា៖ «ខ្ញុំសង្ឃឹមថា ក្នុងបរិបទប្រទេសកំពុងរងវិបត្តិកូវីដ១៩ ការដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធបាគងនៅថ្ងៃនេះ នឹងជួយគាំពារដល់សុខុមាលភាពសង្គម និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ តាមរយៈការសម្របសម្រួលការទូទាត់តាមអេឡិចត្រូនិកពីបុគ្គលម្នាក់ទៅម្នាក់ (P2P) ដោយពុំប៉ះពាល់សាច់ប្រាក់ដោយផ្ទាល់ ហើយបាគងអាចទូទាត់ថ្លៃទំនិញអនឡាញពីចម្ងាយ ផ្តល់ជម្រើសច្រើនងាយស្រួលសម្រាប់អតិថិជនប្រតិបត្តិការដាក់ប្រាក់ដកប្រាក់ចេញ-ចូលគណនីធនាគារ និង កាបូបលុយអេឡិចត្រូនិក (e-wallet) ទៅវិញទៅមក»។
លោកស្រីបានបន្តថា ប្រព័ន្ធបាគងគឺជាប្រព័ន្ធទូទាត់ឆ្អឹងខ្នងដែលត្រូវបានអភិវឌ្ឍឡើងសម្រាប់បម្រើនូវគោលដៅចម្បងៗដូចជាការផ្តល់លទ្ធភាពទូទាត់ឆ្លងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ការកែលម្អប្រសិទ្ធភាព និងសុវត្ថិភាពប្រព័ន្ធទូទាត់សងប្រាក់ ការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងការជំរុញការទូទាត់ជាប្រាក់រៀលដោយមិនប្រើសាច់ប្រាក់។
លោក អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជាបានថ្លែងក្នុងពិធីនេះថា រយៈពេល ១ ទស្សវត្សរ៍កន្លងមកនេះ ការអភិវឌ្ឍប្រព័ន្ធសេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅកម្ពុជាដែលមានឱកាសចាប់យកបច្ចេកវិទ្យាទំនើបចុងក្រោយតាមរយៈទូរស័ព្ទចល័តដែលជាការឆ្លើយនឹងភាពរីកចម្រើននៃទីផ្សារហិរញ្ញវត្ថុ និងជាការខិតខំប្រឹងប្រែងរបស់ NBC ក្នុងការអភិវឌ្ឍ ប្រព័ន្ធប្រតិបត្តិការរួមបញ្ចូលគ្នាតែ ១ ដើម្បីសម្រួលដល់ការទូទាត់តាមរយៈអេឡិចត្រូនិក។
លោកថ្លែង៖ «នេះជាលទ្ធផលល្អគួរជាទីមោទនចំពោះការអភិវឌ្ឍប្រព័ន្ធបាគងដែលប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ។ ប្រព័ន្ធបាគងនឹងផ្តល់អត្ថប្រយោជន៍ថ្មីសន្លាងមួយសម្រាប់ប្រព័ន្ធទូទាត់ដែលបានផ្តល់មធ្យោបាយដល់អតិថិជន សាធារណជនធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈទូរស័ព្ទចល័តពីធនាគារ ១ ទៅធនាគារ ១ ទៀត ឬពីគ្រឹះស្ថានផ្តល់សេវាទូទាត់ ១ ទៅសមាជិកដទៃទៀតនៅប្រទេសកម្ពុជា»។
លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា យល់ថា ប្រព័ន្ធបាគងនឹងជួយបន្ថែមល្បឿនបរិយាប័ន្នហិរញ្ញវត្ថុ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារក្នុងទីផ្សារហិរញ្ញវត្ថុ។
លោកបន្តថា៖ «ខ្ញុំជឿថាកម្ពុជាជាប្រទេសដំបូងគេដែលធនាគារកណ្តាលបានយកប្រព័ន្ធបច្ចេកវិទ្យាប្លុកឆេនមកប្រើប្រាស់ដើម្បីទូទាត់នៅក្នុងវិស័យហិរញ្ញវត្ថុ ហើយប្រព័ន្ធបាគងនឹងផ្តល់ប្រយោជន៍ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិក ក៏ដូចជាប្រជាពលរដ្ឋទូទៅតាមរយៈការផ្តល់ភាពងាយស្រួលដល់ការទូទាត់ និងផ្ទេរសាច់ប្រាក់ឆ្លងគ្រឹះស្ថានប្រកបដោយសុវត្ថិភាព និងរហ័សទាន់ចិត្ត»។
បើយោងតាមលោកស្រី ជា សិរី គិតចាប់ពីថ្ងៃ ១៨ ខែ កក្កដា ឆ្នាំ ២០១៩ ដល់ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២០ ចំនួនសមាជិកចូលរួមក្នុងប្រព័ន្ធបាគងបានកើនឡើងរហូតដល់ ១៨ ក្នុងនោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានចំនួន ១៦ និង ២ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់។
ជាមួយគ្នានេះមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និង គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ចំនួន ២៤ ផ្សេងទៀតបានទទួលការអនុញ្ញាតជាគោលការណ៍ចូលជាសមាជិកប្រព័ន្ធបាគង និងកំពុងរៀបចំសិក្សាលក្ខណៈបច្ចេកទេសតភ្ជាប់ប្រព័ន្ធ។
លោកស្រីបន្តថា៖ «ខ្ញុំសូមលើកទឹកចិត្តឱ្យគ្រឹះស្ថានជាសមាជិកទាំងអស់បន្តយកចិត្តទុកដាក់ផ្តល់សេវាជូនអតិថិជនប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវព្រមទាំងសហការផ្សព្វផ្សាយប្រព័ន្ធបាគងដល់សាធារណជនឱ្យបានទូលំទូលាយបន្ថែមទៀត»៕ LA