ភ្នំពេញៈ ​ធនាគារ​ជាតិ​នៃ​កម្ពុជា ​(NBC) ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​បាន​ដាក់​ឲ្យ​ដំណើរការ​​យុទ្ធសាស្ដ្រ​ជាតិ​ស្ដីពី​ការ​ប្រឆាំង ​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម (ML-FT) ​ឆ្នាំ ​២០១៩-​២០២៣ ​ដោយ​ផ្ដល់​ដល់​ភាគី​​ពាក់ព័ន្ធ​នូវ​ឯកសារ​ ដើម្បី​បង្ហាញ​ពី​យុទ្ធសាស្ដ្រ​សំខាន់ៗ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ ML-FT ​ក្នុង​រយៈ​ពេល ៥ ​ឆ្នាំ​​បន្ទាប់​​​​។​

យុទ្ធសាស្ដ្រ​ជាតិ​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​ ML-FT ​ដែល​ជា​កំណែ​ថ្មី​លើក​ទី​២ ​ចាប់​តាំង​​ពី​ឆ្នាំ ២០១៣ ​រួម​មាន​យុទ្ធសាស្ដ្រ​សំខាន់ៗ​ចំនួន ​១០ ​ដូច​ជា ​ការ​​យល់​ដឹង​ និង​ការ​គ្រប់គ្រង​ហានិភ័យ ​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ និង​ការ​ត្រួត​ពិនិត្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ និង​មុខរបរ​ និង​វិជ្ជាជីវៈ​មិនមែន​ហិរញ្ញវត្ថុ និង​ការ​អនុវត្ត​វិធានការ​ទប់ស្កាត់ ​ការ​ស៊ើប​អង្កេត​​នូវ​សំអាង​បទ​ល្មើស​ និង​បទ​ល្មើស​សម្អាត​ប្រាក់​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​គោល​បំណង​សំខាន់ៗ​ចំនួន​​ ៧ ​ផ្សេង​​ទៀត​។

ថ្លែង​នៅ​ក្នុង​ការ​ដាក់​ឲ្យ​ដំណើរ​ការ​យុទ្ធសាស្ដ្រ​ជាតិ​សម្រាប់​ការ​ប្រឆាំង​ ML-FT​ ឆ្នាំ ​២០១៩-​២០២៣ ​កាល​ពី​ម្សិលមិញ​ លោក​ ជា ​ចាន់តូ ​ទេសាភិបាល​​ធនាគារ​ជាតិ​ បាន​ឲ្យ​ដឹង​ថា យុទ្ធសាស្ដ្រ​ជាតិ​នេះ​មាន​បំណង​បម្រើ​​ជា​​ផែនទី​តម្រង់​ទិស​រយៈពេល​វែង​​ដ៏​ទូលំ​ទូលាយ​ចំពោះ​កម្ពុជា ​ដែល​អាច​​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ដូច​ជា​ក្រសួង ​គ្រឹះស្ថាន ​និង​ភាគី​ពាក់ព័ន្ធ​ផ្សេង​​ទៀត ​យល់​ដឹង​ល្អ​ប្រសើរ​ពី​តួនាទី​ និង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រួម​ចំណែក​​ដល់​ការ​ពង្រឹង ​ប្រសិទ្ធភាព​ការ​ប្រឆាំង​នឹង​ការ​សម្អាត​ប្រាក់ ​និង​ហិរញ្ញប្បទាន​ភេរវកម្ម​នៅ​កម្ពុជា។​

លោក​ថ្លែង​ថា​៖​ «​កម្ពុជា​បាន​រៀបចំ​យុទ្ធសាស្រ្ត​ជាតិ​ឆ្នាំ ២០១៩-​២០២​៣​ ដើម្បី​ផ្តល់​ជា​ត្រី​វិស័យ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ក្នុង​ការ​​ធ្វើ​ការងារ​ស្រប​តាម​ការ​ទទួល​ខុស​ត្រូវ​រៀងៗ​​ខ្លួន ដើម្បី​​ឲ្យ​ប្រព័ន្ធ​​​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម មាន​ភាព​រឹងមាំ​ និង​អាច​ឲ្យ​កម្ពុជា​ចូល​រួម​ចំណែក​ជា​មួយ​ប្រទេស​នានា​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ប្រឆាំង​ការ​សម្អាត​ប្រាក់ ​និង​ ហិរញ្ញប្បទាន​ប្រឆាំង​ភេរវកម្ម​​របស់​ពិភព​លោក​ផង​ដែរ»​។

លោក​បន្ត​ថា​៖ ​«​​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ចាំបាច់​ត្រូវ​បន្ត​​​ខិតខំ​ប្រឹងប្រែង​ និង​សាមគ្គី អនុវត្ត​ការងារ​បន្ថែម​ទៀត ​ដើម្បី​អាច​ឲ្យ​កម្ពុជា​ចេញ​ពី​បញ្ជី​ប្រផេះ [របស់​ស្ថាប័ន​ឃ្លាំមើល​ការ​លាង​លុយ​កខ្វក់] ​ក្នុង​ពេលវេលា​ដ៏​ឆាប់​បំផុត»​។

យុទ្ធសាស្ដ្រ​ជាតិ​ឆ្នាំ ២០១៩-​២០២៣ ​ត្រូវ​បាន​រៀបចំ​ជា​មួយ​នឹង​ធាតុ​ចូល​បាន​​ពី​អ្នក​ចូលរួម​ជាង ​៧០ ​នាក់​ មក​ពី​ក្រសួង ​និង​ទី​ភ្នាក់ងារ ​២២ ​ខណៈ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​(IMF) ​ផ្ដល់​ជំនួយ​​បច្ចេកទេស​សម្រាប់​គម្រោង​នេះ​​។

យុទ្ធសាស្ដ្រ​ជាតិ​ឆ្នាំ ​២០១៩-​២០២​៣ ​នេះ​​សង្កត់​ធ្ងន់​លើ​សារៈសំខាន់​នៃ​បញ្ហា​​គន្លឹះ​មួយ​ចំនួន​ដូច​ជា​ ក្រសួង​ ស្ថាប័ន​សំខាន់ៗ ​និង​អង្គភាព​ទទួល​ខុស​​ត្រូវ​អនុវត្ត​ការងារ​ប្រឆាំង​សកម្មភាព​​ប្រឆាំង​ការ​លាង​លុយ​កខ្វក់​ និង​ហិរញ្ញប្បទាន​ប្រឆាំង​ភេរវកម្ម ​(​ស.​ប.​ហ.​​ភ) ​ត្រូវ​បង្កើន​ធនធាន​បន្ថែម​​ទៀត​ ដើម្បី​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​។​ គ្រប់​ភាគី​ ពាក់ព័ន្ធ​ទាំង​អស់​ ត្រូវ​ផ្ដល់​អាទិភាព​ខ្ពស់​លើ​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​វិធានការ​ប្រឆាំង​ ស.ប.​ហ.​ភ​​។ ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ ត្រូវ​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ និង​កិច្ច​សម្របសម្រួល​ទាំង​ក្នុង​ និង​​ក្រៅ​ក្រសួង​ ស្ថាប័ន​ ឲ្យ​មាន​ប្រសិទ្ធភាព​ ដើម្បី​សម្រេច​គោល​បំណង​ប្រឆាំង ​ស.ប.ហ.ភ​។

លោក ​Clive ​Scott ​ទីប្រឹក្សា​ជាន់​ខ្ពស់​នៅ ​IMF បាន​ឲ្យ​ដឹង​ថា ​ការ​អនុវត្ត​យុទ្ធសាស្ដ្រ​ប្រកប​ដោយ​ប្រសិទ្ធភាព នឹង​ផ្ដល់​ត្រី​វិស័យ ​ដើម្បី​សម្រេច​បាន​​ទិសដៅ​របស់​​កម្ពុជា​ ក្នុង​ការ​ប្រឆាំង​​នឹង​ការ​លាង​លុយ និង​ហិរញ្ញប្បទាន​ភេរវកម្ម ​និង​ហិរញ្ញវត្ថុ​ឧក្រិដ្ឋកម្ម ​ព្រម​ទាំង​សម្រាប់​ការ​ចាកចេញ​ឲ្យ​បាន​លឿន​ពី​បញ្ជី​ប្រផេះ​របស់​ FATF​។

លោក​បន្ថែម​ថា ​យុទ្ធសាស្ដ្រ​ជាតិ ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ជា​គោល​ការណ៍​ណែនាំ​ដល់​ម្ចាស់​អំណោយ ក្នុង​ការ​កំណត់​អ្វី​ជា​ជំនួយ​ដែល​ពួក​គេ​អាច​ផ្ដល់​ឲ្យ​។​

លោក​ថ្លែង​ថា៖ «​យុទ្ធសាស្ដ្រ​ជាតិ ​ដែល​ត្រូវ​បាន​ដំណើរការ​នៅ​ថ្ងៃ​នេះ ​គឺ​ជា​ឧទាហរណ៍​នៃ​ការ​រីក​ចម្រើន​របស់​កម្ពុជា ​ស្រប​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន ​ក្នុង​ការ​អនុវត្ត​ច្បាប់​ និង​គោល​នយោបាយ​របស់ ​AML/CFT»​។​​

FATF ​ជា​អង្គការ​ឃ្លាំមើល​ការ​លាង​​លុយ​ពិភព​លោក ​កាល​ពី​ខែ​មុន ​បាន​​ដាក់​ប្រទេស ​កម្ពុជា ​​ក្នុង​បញ្ជី​ប្រផេះ​របស់​ខ្លួន ​ដោយ​សារ​តែ​ការ​បារម្ភ​​របស់​ប្រទេស​នេះ​ពី​ងាយ​ទទួល​រងគ្រោះ​ពី​សកម្មភាព​លាង​លុយ​៕LA