The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - NBC ដាក់​ឲ្យ​ដំណើរ​ការ​ប្រព័ន្ធ​ជួញ​ដូរ​អន​ឡាញ

NBC ដាក់​ឲ្យ​ដំណើរ​ការ​ប្រព័ន្ធ​ជួញ​ដូរ​អន​ឡាញ

Content image - Phnom Penh Post
អគារ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​នរោត្តម​។ ហេង ជីវ័ន

NBC ដាក់​ឲ្យ​ដំណើរ​ការ​ប្រព័ន្ធ​ជួញ​ដូរ​អន​ឡាញ

ភ្នំពេញៈ ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ នឹង​ដាក់​ឲ្យ​ដំណើរ​ការ​ប្រព័ន្ធ​ធ្វើ​ប្រតិបត្តិការ​ឧបករណ៍​ហិរញ្ញវត្ថុ​តាម​អន​ឡាញ ដែល​ជា​ប្រព័ន្ធ​ថ្មី​មួយ​ផ្តល់​ភាព​ងាយ​ស្រួល​ជាង​មុន​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ភ្នាក់ងារ​ប្តូរ​ប្រាក់​នៅ​ពេល​ធ្វើ​ការ​ជាមួយ NBC ក្នុង​គោលដៅ​ជំរុញ​ការ​អភិវឌ្ឍ​ទីផ្សារ​អន្តរ​ធនាគារ​។

​ប្រព័ន្ធ​ថ្មី​នេះ​ឈ្មោះថា ផ្លេត​ហ្វម​របស់​ធនាគារ​ជាតិ (NBCP) ដែល​ជា​ប្រព័ន្ធ​ជួញដូរ​អនឡាញ​សម្រាប់​ទិញ​លក់​ឧបករណ៍​ហិរញ្ញវត្ថុ​មួយ​ចំនួន​ដែល NBC បាន​បង្កើត​ឡើង​ដូចជា ប្រតិបត្តិ​ការ​មូល​បត្រ​អាច​ជួញ​ដូរ​បាន (NCD) និង LPCO និង ការ​ជួញ​ដូរ​រូបិយប័ណ្ណ​។

ក្នុង​សេចក្តី​ជូន​ដំណឹង​ចេញ​ផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​សប្តាហ៍​មុន NBC បាន​បញ្ជាក់​ដល់​ប្រតិបត្តិ​ករ​ហិរញ្ញវត្ថុ​ដូចជា ​ធនាគារ​ពាណិជ្ជ ធនាគារ​ឯកទេស មីក្រូ​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ប្តូរ​ប្រាក់​ជាដើម ដែល​មាន​បំណង​ចូលរួម​ជា​សមាជិក​ក្នុង​ទម្រង់​នេះ​ឲ្យ​ចុះបញ្ជី​ឈ្មោះ​នៅ NBC ហើយ​ចុះ​ហត្ថលេខា​យល់​ព្រម​តាម​លក្ខខណ្ឌ​។

លោក​ស្រី​ ជា សិរី អគ្គនាយិកា NBC ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​តាម​អ៊ីមែល​ថា ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុងការ​ធ្វើ​ការ​ជួញ​ដូរ​ឧបករណ៍​ហិរញ្ញវត្ថុ ដែល​មាន​ស្រាប់​គឺ​ពឹង​ខ្លាំង​នូវ​ការ​ធ្វើ​ដោយ​ដៃ​ដែល​ធ្វើ​ឲ្យ​តម្លៃ​ប្រតិបត្តិការ​ខ្ពស់​ខ្លាំង ព្រោះ​ថា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ត្រូវ​តែ​រៀបចំ​ក្រដាស​ស្នាម បុគ្គលិក និង​ការ​ប្រើ​ប្រាស់​ពេលវេលា​យូរ​។

លោកស្រី បន្ថែម​ថា កត្តា​នេះ​បានធ្វើ​ឲ្យ​ការអភិវឌ្ឍ​ទីផ្សារ​អន្តរ​ធនាគារ​កម្ពុជា​ជួប​បញ្ហា​ប្រឈម​។

លោកស្រី​ថ្លែងថា​៖ «​ការដាក់​ឲ្យ​ប្រើប្រាស់ NBCP ដែល​ជា​ប្រព័ន្ធ​ជួញដូរ​អន​ឡាញ នឹង​អនុញ្ញាត​ឲ្យ​អ្នកចូលរួម​ក្នុង​ប្រព័ន្ធ​នេះ​អាចធ្វើ​ប្រតិបត្តិ​ការ​ទិញ ឬ​លក់ ឬ​ប្រតិបត្តិ​ការ​ទិញ​កិច្ច​សន្យា​វិញ នៅក្នុង​តម្លៃ​ណាមួយ​ក៏បាន​ដោយមាន​ការចរចា​តម្លៃ​ដោយ​រក្សា​ការ​សម្ងាត់ និង​ទំនុកចិត្ត​ខ្ពស់ ព្រម​ជាមួយ​ការ​ធ្វើ​ប្រតិបត្តិ​ការដែល​ទទួល​ការ​ឆ្លើយ​តប​ភ្លាមៗ​»​។

លោក​ស្រី​បន្ត​ថា​៖ «​ទម្រង់​ប្រព័ន្ធ NBCP ថ្មី​ក្នុង​ដំណាក់​កាល​ដំបូង​នេះ អាច [​ជួញដូរ​ឧបករណ៍​ហិរញ្ញវត្ថុ​] នៅ​មាន​កម្រិត​នៅ​ឡើយ​ប៉ុន្តែ​វា​បង្ហាញ​ពី​ការផ្ដល់​ភាព​ងាយស្រួល តម្លាភាព និង​បណ្ដាញ​រហ័ស​សម្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក្នុងការ​ជួញដូរ​»​។​

​លោក​ស្រី​បន្ថែម​ថា គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អាច​ប្រើប្រាស់ NBCP ក្នុង​ការ​ដេញថ្លៃ LPCO និង​ជាវ NCD អន​ឡាញ​ដោយ​មិន​ចាំបាច់​បង្ហាញ​ខ្លួន​ដោយ​ផ្ទាល់ នៅ​បញ្ជា NBC នោះទេ​។

លោក​ស្រី សូ ផន​ណារី អនុប្រធាន​នាយក​ប្រតិបត្តិការ​ធនាគារ​អេស៊ីលីដា បាន​ឲ្យ​ដឹង​ថា ការចាប់ផ្ដើម​ដំណើរការ NBCP នឹង​លើកកម្ពស់​ទំនុក​ចិត្ត​ក្នុង​ចំណោម​អ្នកចូលរួម​ទីផ្សារ ហើយ​កាន់​តែមាន​តម្លាភាព​នៅក្នុង​ទីផ្សារ​នេះ​។

លោកស្រី​បន្ថែម​ដោយ​ក្តី​រំពឹងថា កម្មវិធី​នេះ​នឹង​ជួយ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក្នុងការ​សន្សំ​ពេលវេលា និង​កាត់បន្ថយ​ចំណាយ​។

លោក​ស្រី​បន្ត​ថា​៖ «​ខ្ញុំ​ពិតជា​សង្ឃឹម​ថា ប្រព័ន្ធ​ជួញដូរ​អន​ឡាញ​នេះ នឹង​ជួយ​ដល់​ពួកយើង​ធ្វើ​ឲ្យ​ការងារ​របស់​យើង​ដំណើរការ​រលូន ដោយ​សារ​វា​អាច​ជួយ​ពួក​យើង​ក្នុងការ​ប្រើប្រាស់​ពេលវេលា​តិចជាង​មុន និង​ចំណាយ​តិច​ជាង​មុន​»​។

លោក Neoh Sze Ming អនុប្រធាន​ប្រតិបត្តិ​ធនាគារ CIMB Bank Plc ក៏បាន​ឯកភាព​ដូច្នេះ​ដែរ​។

លោក​ថ្លែង​ថា​៖ «​តាំងពី​ឆ្នាំ​​ ២០១៦ NBC ជួយ​សម្រួល​ជាច្រើន​ក្នុង​ការ​ការផ្ដល់​ឧបករណ៍​មូលនិធិ​រយៈពេល​ខ្លី​សម្រាប់​ធនាគារ តាម​រយៈ​ក្របខ័ណ្ឌ LPCO»៕

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។