
ធនាគារជាតិនៃកម្ពុជា។ ផា លីណា
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា កាលពីម្សិលមិញបានរៀបចំសន្និសីទរួមគ្នាមួយជាមួយ មូលនិធិរូបិយវត្ថុអន្តរជាតិ ជាវេទិកាដែលបើកឱកាសឲ្យមានការពិភាក្សាដើម្បីស្វែងយល់ពីត្រីវិស័យឆ្ពោះទៅកាន់ពិពិធកម្ម និងការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា។
គោលបំណងនៃសន្និសីទនេះគឺដើម្បីផ្តល់ជាវេទិកាសម្រាប់អ្នករៀបចំគោលនយោបាយ និងអ្នកជំនាញ បានជួបពិភាក្សាគ្នាអំពីបញ្ហាប្រឈមដែលត្រូវដោះស្រាយ ក្នុងគោលដៅដើម្បីឈានទៅដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍ និងស្វែងរកដំណោះស្រាយគោលនយោបាយសម្រាប់កម្ពុជា។
លោកស្រី ជា សិរី អគ្គនាយិកាបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានលើកឡើងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីម្សិលមិញថា វេទិកាពិភាក្សានេះមិនមានគោលដៅដើម្បីរៀបរៀងជាយុទ្ធសាស្រ្តជាតិ ឬ គោលនយោបាយអភិវឌ្ឍន៍ណាមួយនោះឡើយ តែគឺជាការបើក ឱកាសឲ្យភាគីពាក់ព័ន្ធបានចូលរួមមតិយោបល់ និងស្វែងយល់គំនិតថ្មីសម្រាប់ការប្រើប្រាស់រៀងៗខ្លួន។
លោកស្រីថ្លែងថា៖ «យើងតែងដឹងថាកម្ពុជាមានសក្តានុពលច្រើនប៉ុន្តែថា តើត្រូវដើរយ៉ាងដូចម្តេចដើម្បីចាប់យកសក្តានុពលនោះឲ្យពេញលេញគឺជាអ្វីដែលត្រូវយកចិត្តទុកដាក់។ ជាការពិត មានបញ្ហាប្រឈមច្រើន»។
លោកស្រីបន្តថា៖«យើងតែងស្វែងយល់ ដើម្បីឲ្យផលិតផលនាំចេញរបស់យើងកាន់តែចម្រុះឡើង ឬធ្វើយ៉ាងម៉េចដើម្បីត្រៀមខ្លួនដោះស្រាយបញ្ហាពីកត្តាខាងក្រៅ»។
កិច្ចពិភាក្សាផ្តោតលើប្រធានបទ ២ គឺការធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពប្រកួតប្រជែង និងពិពិធកម្មដើម្បីប្រើប្រាស់សក្តានុពលរបស់កម្ពុជា និង ការពិនិត្យមើលបទពិសោធដែលកម្ពុជាអាចទទួលយកពីអន្តរជាតិក្នុងដំណើរការវិវឌ្ឍផ្នែករចនាសម្ព័ន្ធនៃដំណាក់កាលថ្មីនៃការអភិវឌ្ឍ។
លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់ប្រចាំធនាគារពិភពលោក បានលើកឡើងពីកាវិវឌ្ឍជាវិជ្ជមាននៃប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា តែបានបញ្ជាក់ថា កម្ពុជាត្រូវព្យាយាមដោះស្រាយបញ្ហាជាច្រើនដែលជាកត្តាប្រឈមដល់កំណើនសេដ្ឋកិច្ច។
លោកថ្លែងថា៖ «សម្រាប់រយៈពេលខ្លីខាងមុខ ការកែលម្អភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មជារឿងចាំបាច់មួយសម្រាប់កម្ពុជា»។
លោកបន្តថា៖«ការធ្វើឲ្យប្រសើរឡើងនូវហេដា្ឋរចនាសម្ព័ន្ធផ្នែករឹង ដើម្បីកាត់បន្ថយថ្លៃប្រព័ន្ធឡូជីស្ទីកក៏ជាកត្តាសំខាន់ដើម្បីពង្រឹងភាពប្រកួតប្រជែង»៕