ភ្នំពេញៈ ជាមួយ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការអភិវឌ្ឍ​បរិយាប័ន្ន​ហិរញ្ញវត្ថុ តាមរយៈ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech) ធនាគារ​ជាតិ​នៃ​កម្ពុជា​ (NBC) ​បាន​រាយការណ៍​កំណើន​ដ៏រឹងមាំ​នៃ​ចំនួន​គណនី​កាបូប​អេឡិចត្រូនិក​កើនឡើង​ ៦៤ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដល់​ ៥,២២ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩ ខណៈ​ដែល​ចំនួន​គណនី​ប្រាក់​បញ្ញើ​កើនឡើង​ ៧,៦២ ​លាន​ដុល្លារ​នៅក្នុង​​រយៈពេល​ដូចគ្នា​។

យោងតាម​របាយការណ៍​របស់​ NBC ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ១៧ ខែមិថុនា ការផ្ទេរ​ប្រាក់​ដោយ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផ្ដល់​សេវា​ទូទាត់​ (PSIs) បាន​កើនឡើង​ដល់​ ៥៧,៩៩ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩ មាន​ ២១៣ ​ភាគរយ​នៃ​ GDP​។

របាយការណ៍​នេះ​បន្តថា នេះ​ជា​វិធានការ​មួយ​ក្នុង​ចំណោម​វិធានការ​ដ៏មាន​ប្រសិទ្ធភាព​ជាច្រើន ដើម្បី​លើកកម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ និង​ធ្វើឲ្យ​សង្គម​មួយ​មិន​ប្រើ​សាច់ប្រាក់​ផ្ទាល់ ដែល​ប្រតិបត្តិការ​អាច​ត្រូវបាន​ធ្វើឡើង​តាម​លក្ខណៈ​ឌីជីថល ហើយ​ការផ្ទេរ​ប្រាក់ ធនាគារ​ចល័ត​អាច​ប្រើប្រាស់​បាន និង​មានតម្លៃ​សមរម្យ​ចំពោះ​ពលរដ្ឋ​គ្រប់គ្នា​។

NBC យល់ឃើញ​ថា​៖ «​រហូត​មក​ដល់​ពេលនេះ ការលើកកម្ពស់​នេះ​ត្រូវធ្វើ​ឡើង​ដោយ​វិស័យ​ឯកជន ជាពិសេស PSIs ដែល​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុង​ការដាក់​ដំណើរការ​នូវ​ផលិតផល​នវានុវត្តន៍ ដែល​អាច​បម្រើ​ទីផ្សារ​ទាំងមូល​កាន់តែ​ប្រសើរឡើង​ទៅកាន់​ប្រជាជន​នៅ​តំបន់​ជនបទ ព្រមទាំង​អ្នក​មាន​គណនី​ធនាគារ តាមរយៈ​ការពង្រីក​បណ្ដាញទូរស័ព្ទ​ចល័ត និង​ភ្នាក់ងារ​របស់​ពួកគេ​»​។

NBC នឹង​ដំណើរការ​ប្រព័ន្ធ​ទូទាត់​មួយ​តាមរយៈ Blockchain និង​កម្មវិធី​ផ្ទេរប្រាក់​ដែល​មាន​ឈ្មោះថា​ «​គម្រោង​បាគង​» ដែល​ទទួលបាន​គាំទ្រ​ដោយ​ធនាគារ​ ១១ ​រួចហើយ ជាមួយ​នឹង​ការរំពឹង​ថា​នឹង​មាន​ធនាគារ​ចូលរួម​កាន់តែ​ច្រើន​។

លោកស្រី​ ជា សិរី អគ្គនាយិកា NBC បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​មុន​ថា ប្រព័ន្ធ​បាគង​ដែល​ជា​ទម្រង់​ដូចគ្នា​ជាពិសេស​នៃ​រូបិយប័ណ្ណ​ឌីជីថល​ធនាគារកណ្ដាល​ (CBDC) ​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​កាលពី​ខែកក្កដា ឆ្នាំ​ ២០១៩ ហើយ​វា​នឹង​ក្លាយជា​ប្រព័ន្ធ​ «​ច្រក​ទូទាត់​ជាតិ​សម្រាប់​កម្ពុជា​»​។

លោកស្រី​បន្ត​៖ «​ប្រព័ន្ធ​បាគង​នឹង​ដើរតួនាទី​ដ៏សំខាន់​ក្នុង​ការនាំយក​ធនាគារ​ទាំងអស់​ចូលក្នុង​ប្រព័ន្ធ​ទូទាត់​នេះ​នៅ​កម្ពុជា ស្ថិតក្រោម​កម្មវិធី​តែមួយ​ដែល​ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​សម្រាប់​អ្នកប្រើប្រាស់​ក្នុង​ការផ្ទេរប្រាក់​ឲ្យ​គ្នា​ទៅវិញ​ទៅមក ដោយ​មិន​គិតពី​គ្រឹះស្ថាន​ធនាគារ​មួយណា​របស់​ពួកគេ​នោះទេ​»​។

លោកស្រី​បន្ថែមថា​៖ «​យើង​សង្ឃឹមថា​នឹង​អាច​ឲ្យ​មាន​ការទូទាត់​ឆ្លងកាត់​ព្រំដែន​តាមរយៈ​ប្រព័ន្ធ​បាគង​នេះ​ផងដែរ​»​។

ប្រព័ន្ធ​បាគង​នឹងមាន​សក្ដានុពល​ក្នុង​ការនាំយក​ប្រជាជន​ដែល​មិនមាន​គណនី​ធនាគារ​ទាំងនោះ​ចូលក្នុង​វិស័យ​ហិរញ្ញវត្ថុ​ផ្លូវការ​។ វា​ត្រូវបាន​បង្កើតឡើង​ជាមួយ​នឹង​លក្ខណពិសេស​ដែល​អាច​ឲ្យ​មាន​ការផ្ទេរ​មូលនិធិ​បាន​ភ្លាមៗ និង​ប្រតិបត្តិការ​ទូទាត់​ភ្លាមៗ និង​អន្តរ​ទំនាក់ទំនង និង​អន្តរប្រតិបត្តិការ​ក្នុងចំណោម​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូទាត់​ផ្សេងៗ និង​ការទូទាត់​តាម QR កូដ​។

លោក Shin Chang Moo ប្រធាន​ធនាគារ Phnom Penh Commercial Bank (PPCBank) ដែល​បាន​ភ្ជាប់​ប្រព័ន្ធ​បាគង​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​ថា សេវា​ទូទាត់​កាបូប​អេឡិចត្រូនិក​តាមរយៈ​ទូរស័ព្ទ​ចល័ត ឬ​ឧបករណ៍​ផ្សេងទៀត​គឺ​ងាយស្រួល​ក្នុង​ការចំណាយ​ជាង​ការប្រើកាត​ទៅ​ទៀត​។

លោក​ថ្លែងថា​៖ «​ប្រព័ន្ធ​បាគង​នឹង​រួមចំណែក​ដល់​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ដោយ​មិន​ប្រើ​ក្រដាសប្រាក់ និង​ថែមទាំង​ការធ្វើ​បដិដុល្លា​រូបនីយកម្ម​របស់​ប្រទេស​នេះ​។ ប្រព័ន្ធ​បាគង​កំពុង​ស្ថិត​ក្នុងដំណាក់កាល​ដំបូង និង​មាន​ឱកាស​ជាច្រើន​ក្នុង​ការអភិវឌ្ឍ និង​កែលម្អ ប៉ុន្តែ​យើង​អាច​រំពឹងថា តួនាទី​របស់​បាគង​នឹង​ត្រូវ​ពង្រីក​ទៅជា​ប្រព័ន្ធ​ទូទាត់​ជាតិ​។ លើស​ពីនេះ​កម្ពុជា​ជា​ប្រទេស​អធិបតេយ្យភាព​មួយ គួរតែ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាត់​ឯករាជ្យ​មួយ​ដែល​បាន​តភ្ជាប់​រួចហើយ​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងទៀត​លើ​ពិភពលោក​»​។

លោក សាយ សូនី នាយកប្រតិបត្តិការ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា គ្រឹះស្ថាន​របស់លោក​បាន​តភ្ជាប់​ជាមួយ​ប្រព័ន្ធ​បាគង​តាំងពី​ខែតុលា​ឆ្នាំមុន​មក​ម្ល៉េះ​។ លោក​ថា​៖ «​ប្រព័ន្ធ​បាគង គឺជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​វេរ​ប្រាក់​ជាច្រើន​ដែល​ប្រាសាក់​បាន​សហការ​ជាមួយ NBC ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង​ប្រព័ន្ធ​ទូទាត់ ដូចជា ប្រព័ន្ធ Fast Service និង​ប្រព័ន្ធ​កណ្ដាល​សម្រាប់​ភ្ជាប់​បណ្ដាញ​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យប្រវត្តិ (Cambodian Shared Switch)»​។

ទិន្នន័យ​ NBC ​បង្ហាញថា ការទូទាត់​ចល័ត​ PSI មាន​ចំនួន​ ២២,៩ ​ភាគរយ​នៃ​ (GDP) កាលពី​ឆ្នាំ​ ២០១៩​។ ទោះបីជា​យ៉ាងណា​ក៏​ការអភិវឌ្ឍ​សេវា​ទូទាត់​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​ប្រឈម​នឹង​បញ្ហា​ធំៗ​​ផង​ដែរ​៕LA