The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - NBC បង្កើន​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល




NBC បង្កើន​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល

អតិថិជន​កំពុង​ប្តូរ​ប្រាក់​នៅ​តាម​ហាង​ប្តូរ​ប្រាក់​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​កន្លង​មក។
អតិថិជន​កំពុង​ប្តូរ​ប្រាក់​នៅ​តាម​ហាង​ប្តូរ​ប្រាក់​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​កន្លង​មក។ ភ្នំពេញ ប៉ុស្តិ៍

NBC បង្កើន​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល

ភ្នំពេញៈ ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) កំពុង​ជំរុញ​ការ​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​រូបិយប័ណ្ណ​ក្នុង​ស្រុក​ដើម្បី​បង្កើន​ការ​ធ្វើ​បដិ​ដុល្លារ​នីយកម្ម​សម្រាប់​ស្ថិរភាព​កំណើន​សេដ្ឋកិច្ច។

យោង​តាម​ការ​ប្រកាស​ព័ត៌មាន NBC នឹង​រៀបចំ​សន្និសីទ​ម៉ាក្រូ​សេដ្ឋកិច្ច​លើក ទី២ របស់​ខ្លួន​ស្ដីពី​ការ​អភិវឌ្ឍ​ទីផ្សារ​ហិរញ្ញវត្ថុ​ដើម្បី​រួម​ចំណែក​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល។

សេចក្ដី​ប្រកាស​នេះ​បន្ត​ថា ប្រទេស​កម្ពុជា​បាន​ជួប​ប្រទះ​កម្រិត​ដុល្លា​រូបនីយកម្ម​ខ្ពស់​នៅ​ក្នុង​រយៈ​ពេល ២ ទសវត្សរ៍​ចុង​ក្រោយ ដោយ​កម្រិត​ប្រាក់​បញ្ញើ​រូបិយប័ណ្ណ​បរទេស​ធៀប​នឹង​រូបិយប័ណ្ណ​ទូទៅ​បាន​កើន​ឡើង ៦០ ភាគរយ​ក្នុង​ទសវត្សរ៍ ឆ្នាំ​១៩៩០ ដល់ ៨០ ភាគរយ​ក្នុង​ទសវត្សរ៍ ឆ្នាំ​២០០០ និង​បច្ចុប្បន្ន​មាន​កម្រិត ៨៣ ភាគរយ។ «ដុល្លា​រូបនីយកម្ម​មាន​ទាំង​គុណវិបត្តិ និង​គុណ​សម្បត្តិ។ ចំពោះ​គុណសម្បត្តិ វា​បាន​រួម​ចំណែក​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​យ៉ាង​រហ័ស និង​ជួយ​គាំទ្រ​ដល់​ទំនុក​ចិត្ត​សាធារណៈ​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការ​អភិវឌ្ឍ។ ដុល្លា​រូបនីយកម្ម​ក៏​បាន​បង្កើន​ភាព​ស៊ី​ជម្រៅ​ផ្នែក​ហិរញ្ញវត្ថុ និង​អន្តរ​ការិយកម្ម​ហិរញ្ញវត្ថុ​ជា​លំដាប់។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ត​ថា៖ «តែ​ទន្ទឹម​នឹង​នេះ​ដុល្លា​រូបនីយកម្ម​ក៏​នាំ​មក​នូវ​ការ​ខាត​បង់​ប្រាក់​ចំណូល​ដែល​ទទួល​បាន​ពី​ការ​បោះពុម្ព​រូបិយវត្ថុ​ជាតិ និង​ដាក់​កំហិត​លើ​តួនាទី​ជា​អ្នក​ខ្ចី​ចុង​ក្រោយ​របស់ NBC។ លើសពី​នេះ វា​រារាំង​ដល់​ការ​អនុវត្ត​គោល​នយោបាយ​រូបិយវត្ថុ និង​អាច​បង្ក​ជា​ហានិភ័យ​ចំពោះ​ស្ថិរភាព​ហិរញ្ញវត្ថុ ជាពិសេស​គឺ​ហានិភ័យ​សន្ធនីយ​ភាព»។

ក្នុង​បរិការណ៍​នេះ​រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​ការ​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​ជា​ការងារ​អាទិភាព​នៅ​ក្នុង​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់​កាល​ទី៣ និង​យុទ្ធសាស្ដ្រ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ ឆ្នាំ២០១១-២០២០។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល។

លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន ថ្លែង កាលពី​ថ្ងៃ​ចន្ទ​ថា រូបិយប័ណ្ណ​ក្នុង​ស្រុក​បាន​កែលម្អ និង​ទទួល​បាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ពី​សាធារណជន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។ លោក​បន្ត​ថា៖ «ទោះ​បី​ជា​ប្រទេស​កម្ពុជា​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រើ​ប្រាក់​រូបិយប័ណ្ណ​បរទេស​យ៉ាង​ទូលំ​ទូលាយ​នៅ​ក្នុង​ទីផ្សារ​នេះ​ក៏ដោយ ក៏​ការ​ទូទាត់​របស់​ប្រជាជន​ក្នុង​ស្រុក​ភាគ​ច្រើន​គឺជា​ប្រាក់​រៀល»។

លោក​បន្ត​ថា៖ «អត្រា​ប្តូរ​ប្រាក់​នៅ​ក្នុង​កម្រិត​នេះ​គឺ​ពិត​ជា​ល្អ​សម្រាប់​ស្ថិរភាព​ម៉ាក្រូ​ហិរញ្ញវត្ថុ និង​ទប់ស្កាត់​អតិផរណា​របស់​ប្រទេស​កម្ពុជា»។

យោង​តាម​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់ NBC កម្ពុជា​ទទួល​រង​នូវ​កម្រិត​អតិផរណា​ត្រឹម​តែ ៣ ភាគរយ​ប៉ុណ្ណោះ​កាលពី​បំណាច់​ឆ្នាំ​មុន។ ហើយ​អត្រា​ប្រាក់​រៀល​ក៏​ស្ថិត​ក្នុង​រង្វង់ ៤០០០ រៀល​ផងដែរ​ក្នុង ១ ដុល្លារ​អាមេរិក។

លោក Hiroshi SUZUKI អគ្គ​នាយក​និង​ជា​ប្រធាន​សេដ្ឋវិទូ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​កម្ពុជា (BRIC) បាន​ថ្លែង​ថា ទោះ​បី​ជា​កម្លាំង​ចូល​រួម​មកពី​គ្រឹះស្ថាន​បរទេស​ផ្សេង​ទៀត​មួយ​ចំនួន​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​ក៏​ដោយ ក៏​វា​នៅ​តែ​មាន​ដំណើរការ​យឺត។

លោក​ថ្លែង​ថា៖ «រាជ​រដ្ឋាភិបាល ធនាគារ​ជាតិ​នៃ​កម្ពុជា និង IMF ហាក់​ដូច​ជា​មាន​គំនិត​ដូច​គ្នា ទោះ​បី​ជា​ការ​ធ្វើ​បដិដុល្លា​រូបនីយកម្ម​មាន​ភាព​ចាំ​បាច់​ក៏​ដោយ ក៏​ការ​ធ្វើ​បដិដុល្លា​រូបនីយកម្ម​នេះ​គួរ​តែ​ត្រូវ​បាន​អនុវត្ត​យឺត​បំផុត»។

លោក​បាន​បន្ត​ថា៖ «នេះ​គឺ​ដោយ​សារ​ការ​ធ្វើ​បដិដុល្លា​រូបនីយកម្ម​ដ៏​គំហុក​នេះ​អាច​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា។ ខ្ញុំ​ដែល​ជា​សេដ្ឋវិទូ​មួយ​រូប យល់​ស្រប​ទាំង​ស្រុង​ជាមួយ​នឹង​ដំណោះ​ស្រាយ​របៀប​នេះ»។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ចរាចរណ៍​ប្រាក់​រៀល​កើន​ឡើង​ជា​មធ្យម ១៧ ភាគរយ និង​ប្រាក់​បញ្ញើ​បាន​កើន​ឡើង​ជា​មធ្យម ២៤ ភាគរយ​ក្នុង​មួយ​ឆ្នាំៗ​ក្នុង​អំឡុង ២ ទសវត្សរ៍​ចុង​ក្រោយ​នេះ។

ទោះ​បី​ជា​ភាព​ស៊ីជម្រៅ​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​រយៈ​ពេល ២ ទសវត្សរ៍​កន្លង​មក​មាន​ភាព​ល្អ​ប្រសើរ​ក៏​ដោយ ក៏​ទីផ្សារ​ហិរញ្ញវត្ថុ​មួយ​ចំនួន​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​អភិវឌ្ឍ​នៅ​ឡើយ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន៕

អត្ថបទគួរចាប់អារម្មណ៍