
ទង់ជាតិដែលដោតនៅលើកំពូលអគារធនាគារជាតិនៃកម្ពុជាស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម។ រូបថត ហុង មិនា
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) បានសម្រេចបញ្ឈប់ការផ្តល់អត្រាការប្រាក់សម្រាប់ការតម្កល់ទុនបម្រុងកាតព្វកិច្ចសម្រាប់ប្រាក់បញ្ញើ និងកម្ចីជារូបិយប័ណ្ណបរទេសរបស់គ្រឹះស្ថានធនាគារពាណិជ្ជ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ NBC ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
ខណៈដែលការសម្រេចនេះអាចធ្វើឲ្យធនាគារពាណិជ្ជលែងទទួលបានចំណូលពីការតម្កល់ទុនបម្រុងកាតព្វកិច្ចតទៀត ប្រតិបត្តិករក្នុងវិស័យហិរញ្ញវត្ថុបានលើកឡើងថា ការសម្រេចនេះមិនមានឥទ្ធិពលអវិជ្ជមានដល់ប្រតិបត្តិការវិស័យធនាគារទេ ដោយសារថាចំណូលពីការប្រាក់នៃការតម្កល់ទុនបម្រុងកាតព្វកិច្ចមានចំនួនតិចតួចប៉ុណ្ណោះ។
យោងតាម NBC ប្រាក់បម្រុងកាតព្វកិច្ចជាឧបករណ៍គោលនយោបាយរូបិយវត្ថុមួយដែល NBC ប្រើដើម្បីគ្រប់គ្រងល្បឿនកំណើនឥណទាន។ បច្ចុប្បន្នអត្រាប្រាក់បម្រុងកាតព្វកិច្ចសម្រាប់រូបិយប័ណ្ណបរទេស (ភាគច្រើនប្រាក់ដុល្លារអាមេរិក) ត្រូវបានកំណត់ក្នុងអត្រា ១២,៥ ភាគរយ ខណៈរូបិយវត្ថុជាតិត្រូវបានកំណត់ ៨ ភាគរយ។
ចំពោះប្រាក់បម្រុងកាតព្វកិច្ចជារូបិយប័ណ្ណបរទេសចំនួន ១២,៥ ភាគរយ ក្នុងនោះ ៤,៥ ភាគរយត្រូវបានផ្តល់ការប្រាក់ដោយធនាគារជាតិនៃកម្ពុជា តែ ៨ ភាគរយបន្ថែមទៀតមិនត្រូវបានផ្តល់ការប្រាក់ទេ។ ចំពោះប្រាក់បម្រុងកាតព្វកិច្ចជារៀលក៏មិនត្រូវបានផ្តល់ការប្រាក់ដែរ។
យ៉ាងណាក៏ដោយ សេចក្តីជូនដំណឹងរបស់ NBC កាលពីថ្ងៃទី ៤ កញ្ញា ដែលមានហត្ថលេខាលោកទេសាភិបាល NBC ជា ចាន់តូ បានបញ្ជាក់ថា៖ «[ធនាគារជាតិ] បញ្ឈប់ការផ្តល់ការប្រាក់លើប្រាក់បម្រុងកាតព្វកិច្ចជារូបិយប័ណ្ណ [បរទេស]»។
សេចក្តីជូនដំណឹងមិនបានបញ្ជាក់ពីមូលហេតុនៃការសម្រេចថ្មីនេះនោះទេ ហើយក៏មិនបានបង្ហាញពីអត្រាការប្រាក់ដែល NBC ធ្លាប់ផ្តល់ឲ្យធនាគារពាណិជ្ជសម្រាប់ការតម្កល់ទុនបម្រុងកាតព្វកិច្ចនេះដែរ។
តំណាង NBC មិនបានឆ្លើយតបសំណើរបស់អ្នកយកព័ត៌មានភ្នំពេញប៉ុស្តិ៍ ដើម្បីសុំការអត្ថាធិប្បាយពីករណីនេះទេ។
លោក អិុន ចាន់នី ប្រធានក្រុមនាយកប្រតិបត្តិធនាគារអេស៊ីលីដាបានឲ្យដឹងថា ការសម្រេចថ្មីរបស់ NBC នេះនឹងមិនមានឥទ្ធិពលអវិជ្ជមានដល់ដំណើរការសេវាធនាគារនោះទេ ព្រោះថា ចំណូលដែលធ្លាប់ទទួលបានពីការប្រាក់នេះគឺតិចតួចប៉ុណ្ណោះ។ តាមលោក ចាន់នី ការប្រាក់ពីការតម្កល់ប្រាក់បម្រុងកាតព្វកិច្ចជាដុល្លារ គឺមានអត្រា ១ ភាគ ២ នៃអត្រាជាមធ្យមនៃអត្រាការប្រាក់គោលអន្តរជាតិ LIBOR។
លោកបន្តថា៖«ចំណូលពីការប្រាក់ហ្នឹងគឺតូចណាស់ អ៊ីចឹងធនាគារជាតិគាត់សម្រេចបញ្ឈប់ផ្តល់ការប្រាក់ វាក៏មិនមានផលប៉ះពាល់ដល់ប្រតិបត្តិការធនាគារអីដែរ»។
លោកបញ្ជាក់ថា ការផ្លាស់ប្តូរនេះក៏នឹងមិនបានធ្វើឲ្យប៉ះពាល់ដល់ថ្លៃការប្រាក់សម្រាប់សេវាកម្ចី និងសន្សំទៅអតិថិជននោះទេ។ លោកថ្លែងថា៖«ការដែលធនាគារជាតិឈប់ផ្តល់ការប្រាក់អាចធ្វើឲ្យមានការពិចារណាបន្ទាប់ការប្រាក់បញ្ញើដែរ តែខ្ញុំគិតថានឹងមិនមានអ្នកធ្វើអ៊ីចឹងទេ ព្រោះធនាគារមានកាន់តែច្រើន ហើយប្រកួតប្រជែងដើម្បីប្រមូលបញ្ញើពីអតិថិជន អ៊ីចឹងធនាគារនីមួយៗខំបំពេញចិត្តអតិថិជន»។
លោក គា បូរាណ ប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានលើកឡើងស្រដៀងគ្នាថា ការសម្រេចថ្មីនេះនឹងមិនមានការប្រែប្រួលខ្លាំងដល់ប្រភពចំណូលរបស់ធនាគារនោះទេ។
លោកថ្លែងថា៖ «ខ្ញុំយល់ថា [ការសម្រេចរបស់ NBC] នឹងរួមចំណែកលើកទឹកចិត្តដល់ធនាគារពាណិជ្ជធ្វើការកៀរគរប្រភពទុននៅក្នុងប្រទេសកម្ពុជាទៅវិញទេ។ ពេលហ្នឹងធនាគារអាចបង្កើនការព្យាយាមប្រមូលសន្សំក្នុងស្រុក និងការបោះផ្សាយលក់មូលបត្របំណុលវិញ»៕