
ធនាគារជាតិនៃកម្ពុជា (NBC) បន្តជំរុញការអភិវឌ្ឍឧស្សាហកម្មទី ៤ នៅក្នុងវិស័យហិរញ្ញវត្ថុ។ ផា លីណា
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) នឹងបន្តជំរុញការអភិវឌ្ឍឧស្សាហកម្មទី ៤ នៅក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា ខណៈវិស័យនេះបាននិងកំពុងផ្លាស់ប្តូរដំណើរការនៃប្រព័ន្ធសេដ្ឋកិច្ច សង្គម និងនយោបាយ។ នេះបើតាម របាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារ ឆ្នាំ ២០១៨ និងទស្សនវិស័យឆ្នាំ ២០១៩ របស់ NBC ដែលចេញផ្សាយកាលពីសប្តាហ៍មុន។
របាយការណ៍បានឲ្យដឹងថា ការបន្តអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងការតាមដានឲ្យទាន់ពេលវេលានូវការរីកចម្រើននៃបច្ចេកវិទ្យា មានសារៈសំខាន់ក្នុងការរក្សាប្រសិទ្ធភាព ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុក៏ដូចជាសេដ្ឋកិច្ចទាំងមូល។ របាយការណ៍បន្តថា៖ «បដិវត្តន៍ឧស្សាហកម្មនេះបានបង្កើតបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗដែលមានការវិវត្តយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ»។
តាមរបាយការណ៍ NBC នឹងបន្តពង្រីកជំនឿទុកចិត្ត និងអភិវឌ្ឍប្រព័ន្ធធនាគារប្រកបដោយប្រសិទ្ធភាព ភាពរឹងមាំ ភាពប្រកួតប្រជែងស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ២០១៦-២០២៥។
របាយការណ៍បន្តថា៖ «ដើម្បីអាចសម្រេចបានយុទ្ធសាស្រ្តនេះ ទាមទារឲ្យគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ត្រូវសម្របខ្លួនទៅនឹងបដិវត្តន៍ឧស្សាហកម្មទី ៤»។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានឲ្យដឹងថា ការប្រើប្រាស់ឧស្សាហកម្មទី ៤ ពិតជាមានភាពចាំបាច់ណាស់សម្រាប់វិស័យធនាគារនាពេលបច្ចុប្បន្ន ដោយឧស្សាហកម្មនេះកំពុងរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់ឲ្យអតិថិជននូវភាពងាយស្រួល និងមានសុវត្ថិភាព។
លោកថ្លែងថា៖ «ឧស្សាហកម្មទី ៤ បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់វិស័យធនាគារ ព្រោះនៅពេលមានការងារទាក់ទងនឹងចលនាសាច់ប្រាក់ អតិថិជនមិនចាំបាច់ធ្វើដំណើរដោយផ្ទាល់មកកាន់ធនាគារទេ ដោយគេអាចប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដើម្បីបញ្ជាប្រតិបត្តិការហិរញ្ញវត្ថុតែម្តង»។
លោកពន្យល់ថា ឧស្សាហកម្មទី ៤ បានធ្វើឲ្យគ្រប់ប្រតិបត្តិការកាន់តែមានលក្ខណៈស្វ័យប្រវត្តិកម្ម និងផ្តល់នូវភាពវិជ្ជមានជាច្រើនដល់អ្នកប្រើប្រាស់ និងសង្គមទាំងមូល។
លោកថ្លែងថា៖ «ឧស្សាហកម្មទី ៤ ក៏បានចូលរួមចំណែកនៅក្នុងការកាត់បន្ថយការបញ្ចេញផ្សែងពីយានយន្តដោយសារការធ្វើដំណើរ ពិសេសគឺការជួយដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រងចរាចរណ៍សាច់ប្រាក់ និងកាត់បន្ថយការបោះពុម្ពក្រដាសប្រាក់ផងដែរ»។
លោក ចាន់នី បានប្រាប់ថា ឧស្សាហកម្មទី ៤ នេះក៏មានផលអវិជ្ជមានតិចតួចដែរសម្រាប់អតិថិជនទាក់ទងនឹងការប្រើប្រាស់លេខសម្ងាត់ជាដើម។
ទោះយ៉ាងណា លោកបានបញ្ជាក់ថា៖«កន្លងមកបញ្ហានេះមិនដែលកើតមាននោះទេសម្រាប់ធនាគារអេស៊ីលីដា ព្រោះធនាគារមានប្រព័ន្ធការពារអតិថិជនដ៏រឹងមាំ»។
បើតាមលោក ចាន់នី ឧស្សាហកម្មទី ៤ នេះត្រូវបានថ្នាក់ដឹកនាំធនាគារអេស៊ីលីដា ដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្រ្តតាំងពីឆ្នាំ ២០១៤ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ ២០១៦ (អេស៊ីលីដាទាន់ចិត្ត)។
លោក ផេង រក្សា នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Cash wagon (Cambodia) បានឲ្យដឹងថា បច្ចេកវិទ្យាបានរួមចំណែកយ៉ាងសំខាន់នៅក្នុងវិស័យហិរញ្ញវត្ថុទូទាំងពិភពលោក ព្រោះវាជួយធ្វើឲ្យថ្លៃដើមផលិតធ្លាក់ចុះមានភាពឆាប់រហ័ស និងមានសុវត្ថិភាព។
លោកបន្តថា៖ «កំណើនសេដ្ឋកិច្ចនិងការរីកចម្រើននៃបច្ចេកវិទ្យា បានជំរុញឲ្យគ្រប់ស្ថាប័នត្រូវស្វែងរកផលិតផលថ្មីៗដែលអាចជួយសម្រួលឲ្យដំណើរការក្រុមហ៊ុនមានភាពឆាប់រហ័ស និងចំណាយតិច ដើម្បីភាពជោគជ័យ»។
ធនាគារជាតិ បានឲ្យដឹងថា ខណៈបច្ចេកវិទ្យាហិរញ្ញវត្ថុមួយចំនួនបានកាត់បន្ថយកម្រៃសេវា និងហានិភ័យ ព្រមទាំងជំរុញបរិយាប័ន្នហិរញ្ញវត្ថុ ក៏មានបច្ចេកវិទ្យាមួយចំនួនទៀតដូចជា ទ្រព្យសកម្ម Crypto បានបង្កហានិភ័យដល់សេដ្ឋកិច្ចផងដែរ ដោយសារការប្រែប្រួលតម្លៃយ៉ាងឆាប់រហ័ស និងគ្មានការធានាលើការប្តូរជាសាច់ប្រាក់ដោយស្ថាប័នណាមួយឡើយ៕LA