ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា​បន្ត​ជំរុញ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អនុវត្ត​ការផ្តល់​កម្ចី​ជា​ប្រាក់រៀល​ឲ្យ​បាន ១០ ​ភាគរយ​ នៃ​ការផ្តល់​កម្ចី​សរុប​របស់​ខ្លួន ខណៈ​កាលបរិច្ឆេទ​ស្តីពី​ការអនុវត្ត​នេះ​នឹង​កំណត់​ត្រឹម​ដំណាច់​ឆ្នាំនេះ​។ នេះ​បើ​យោង​តាម​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​គោលនយោបាយ​រូបិយវត្ថុ​លើក​ទី​ ៤៨ ​របស់​ធនាគារជាតិ​កាលពី​សប្តាហ៍​មុន​។

ធនាគារជាតិ​បាន​កំណត់​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​នៅ​កម្ពុជា​ត្រូវ​ផ្តល់​ឥណទាន​ជា​រូបិយវត្ថុ​ជាតិ​យ៉ាង​តិច​ ១០ ​ភាគរយ​ នៃ​ទំហំ​ឥណទាន​សរុប​ចាប់​តាំងពី​ឆ្នាំ​ ២០១៦ ដោយ​ទុកពេល​ឲ្យ​រហូត​ទៅ​ដល់​ដំណាច់ឆ្នាំ​ ២០១៩ ដែល​វិធានការ​នេះ​ធ្វើ​ឡើង​ដើម្បី​ជួយ​លើកស្ទួយ​ការប្រើប្រាស់​ប្រាក់រៀល​ខ្មែរ​។

លោក គា បូរាណ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ AMK បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ការផ្តល់​កម្ចី​ជា​រូបិយវត្ថុ​ជាតិ​របស់ AMK មាន​បរិមាណ​រហូត​ដល់​ ៧០ ​ភាគរយ ក្នុង​ចំណោម​ការផ្តល់​កម្ចី​សរុប​នៅ​ទូទាំង​ប្រទេស​។

លោក​ថ្លែង​ថា​៖ « អតិថិជន​ភាគច្រើន​ជា​ប្រជាកសិករ​នៅ​ជនបទ កម្ចី​របស់​យើង​ភាគច្រើន​ជា​កម្ចី​ខ្នាតតូច​ដែល​អតិថិជន​ភាគច្រើន​ត្រូវការ​ប្រាក់​រៀល​សម្រាប់​យក​ទៅ​ប្រើប្រាស់​»​។

លោក​អះអាង​ថា​មាន​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ ៣០ ​ភាគរយ ​អាច​នឹង​ពិបាក​ក្នុងការ​សម្រេច​បាន​តាម​តម្រូវការ​របស់​ធនាគារ​ជាតិ​ដោយសារ​ស្ថាប័ន​ទាំងនោះ​មិនមាន​ប្រតិបត្តិការ​ច្រើន​នៅ​ជនបទ​ដែល​ជា​ទីតាំង​ត្រូវការ​ប្រាក់រៀល​ច្រើន​។ ទោះបី​យ៉ាង​នេះ​ក្តី​លោក​ថ្លែង​ថា​៖ «​ខ្ញុំ​គិត​​ថា វា​មិនមែន​ជា​ឧបសគ្គ​ធំ​ទេ ព្រោះ​បច្ចុប្បន្ន NBC បាន​ជួយ​សម្រួល​ច្រើន​លើ​ការងារ​នេះ​។ ខ្ញុំ​គិតថា​នឹង​មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជាច្រើន​អាច​សម្រេច​បាន​តាម​ការកំណត់​របស់​ធនាគារ​នៃ​កម្ពុជា​»​។

លោក ប៊ុន មុនី អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ «​វិថី​» បាន​និយាយ​ថា សម្រាប់​គ្រឹះស្ថាន «​វិថី​» ការផ្តល់​ឥណទាន​ជា​ប្រាក់រៀល​សម្រេច​បាន​ជាង​ ១០ ​ភាគរយ​ហើយ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​យុទ្ធនាការ​កំណត់​ការផ្តល់​ឥណទាន​ជា​ប្រាក់រៀល​នេះ ព្រោះ​វា​នឹង​ជួយ​លើកតម្កើង​ការប្រើប្រាស់​ប្រាក់រៀល​»​។

លោក​បាន​សង្កេត​ឃើញ​មាន​ធនាគារ​ជាច្រើន​កំពុង​សម្រុក​ក្នុង​ការបញ្ចេញ​ប្រាក់រៀល​ឲ្យ​ប្រជាជន​ខ្ចី​តាមរយៈ​ការបញ្ចុះ​អត្រា​ការប្រាក់​ផង​ដែរ​។

ការផ្តល់​កម្ចី​ជា​ប្រាក់រៀល​អាច​ជា​ការលំបាក​បន្តិច​សម្រាប់​ធនាគារ​បរទេស ដែល​មាន​អតិថិជន​ធំៗ និង​ប្រើប្រាស់​តែ​ប្រាក់​ដុល្លារ​។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​និយាយ​ថា​បច្ចុប្បន្ន​ការផ្តល់​ឥណទាន​ជា​ប្រាក់រៀល​របស់ អេស៊ីលីដា សម្រេច​បាន ១២,៥ ភាគរយ​ នៅក្នុង​ចំណោម​ការកម្ចី​សរុប​ដោយសារ​អេស៊ីលីដា​មាន​សាខា និង​អតិថិជន​ច្រើន និង​មាន​ប្រតិបត្តិការ​បង់ពន្ធ​ជា​ប្រាក់រៀល​។

លោក​ថ្លែង​ថា​៖ «​សម្រាប់​ធនាគារ អេស៊ីលីដា ការផ្តល់​ឥណទាន​ជា​ប្រាក់រៀល មិន​មាន​ការលំបាក​ទេ ហើយ​ការផ្តល់​ឥណទាន​ជា​ប្រាក់រៀល​គឺ​មាន​ចម្រុះ​ទាំង​ក្នុង​ទីក្រុង និង​ជនបទ​»​។

លោក ប៊ុន យីន ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ CIMB បាន​ប្រាប់​ថា​ធនាគារ​នេះ​នឹង​សម្រេច​ឲ្យ​បាន​តាម​តម្រូវការ​របស់​ធនាគារ​ជាតិ​លើ​ការផ្តល់​កម្ចី ជា​ប្រាក់រៀល​។

លោក​ថ្លែង​ថា​៖ «​យើង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បានសម្រេច​ក្នុងការ​ផ្តល់​ឥណទាន​ជា​ប្រាក់រៀល​ ១០ ​ភាគរយ​នៅ​ចុងឆ្នាំ​នេះ​»​។ លោក​បន្ត​ថា​បច្ចុប្បន្ន​ការផ្តល់​ឥណទាន​ជា​ប្រាក់រៀល​របស់​ធនាគារ CIMB មាន​ប្រមាណ ៧ ​ភាគរយ​៕ LA