ភ្នំពេញៈ ធនា​គារ​ជាតិ​នៃ​កម្ពុជា ​(NBC) ​នឹង​បន្ត​លើក​កម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញ​វត្ថុ​ក្នុង​ចំណោម​​ប្រជាជន​​កម្ពុជា ​ដោយ​លើក​ឡើង​ថា ​ការ​បង្កើន​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញ​វត្ថុ​​ត្រូវ​បាន​​ផ្ដល់​អាទិ​ភាព​កាន់តែ​ខ្លាំង​ ខណៈ​ឧស្សាហ​កម្ម​នេះ​កំពុង​ត្រូវ​បាន​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ និង​កាន់​តែ​ស្មុគស្មាញ។​

ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​យក​ព័ត៌​មាន​នៅ​ក្នុង​ទិវា​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ជាតិ​កាល​ពី​ម្សិល​មិញ ​លោក​ស្រី​ ជា សិរី អគ្គ​នាយិកា​ធនាគារ​ជាតិ​នៃ​កម្ពុជា​ (NBC) ​បាន​ថ្លែង​ថា ​NBC ​ដឹង​ថា​ ការ​​​ងារ​បង្កើន​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​​ជា​របៀប​វារៈ​រយៈ​ពេល​វែង​ និង​កំពុង​​ជំរុញ​យ៉ាង​ខ្លាំង​ដល់​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​ ដើម្បី​ចូល​រួម​ក្នុង​ការ​បង្កើន​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​​ប្រជាជន​កម្ពុជា។

លោកស្រី​​បន្ថែមថា ​មាន​គ្រឹះ​ស្ថាន​​ហិរញ្ញ​វត្ថុ​​ប្រហែល​ ១០​ ចូល​រួម​​យ៉ាង​សកម្ម​ជា​មួយ​បេសក​កម្ម​របស់​ NBC​ ដើ​ម្បី​លើក​កម្ពស់​ចំណេះដឹង​​ផ្នែក​​ហិរញ្ញ​វត្ថុ​​នៅពេល​បច្ចុប្បន្ន ​ខណៈ​គ្រឹះស្ថាន​ផ្សេង​ទៀត​​បង្ហាញ​ការ​ត្រៀម​ខ្លួន​របស់​ពួក​គេ​ក្នុង​ការ​ចូលរួម។

លោក​ស្រី​ថ្លែង​ថា​៖ «​ការ​លើកកម្ពស់​​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញ​វត្ថុ​ត្រូវ​ការ​​កិច្ចខិត​ខំប្រឹង​ប្រែង​​​រយៈ​ពេល​វែង​ ហើយ​​មិន​អាច​ធ្វើវា​ក្នុង​រយ​:ពេល​ ១​ ឆ្នាំ​​បាន​​នោះទេ​ ដូច្នេះ​យើង​នឹង​បន្ត​ការ​ងារ​​នេះ​ ​ហើយវា​គឺជា​ភាព​ជោគជ័យ​ដ៏​ធំមួយ សម្រាប់​ពួក​យើង​ដែល​អាច​បញ្ចូល​មុខវិជ្ជា​​ហិរញ្ញ​វត្ថុទៅ​ក្នុង​កម្មវិធី​អប់រំ​ចំណេះ​ដឹង​ទូទៅ»។

លោក​ស្រី​បន្ត​ថា​៖ «​វា​ជា​វិធី​សាស្ដ្រ​រយៈ​ពេល​វែង ​និង​​ប្រកប​ដោយ​ស្ថិរភាព​ ក្នុង​ការ​លើក​កម្ពស់​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញ​វត្ថុ​ ហើយ​​យើង​សង្ឃឹម​ថា ​ចំណេះ​ដឹង​របស់​ប្រជា​ជន​អំពី​ហិរញ្ញ​វត្ថុ​ នឹង​កើន​ឡើង​ពី ១ ឆ្នាំ​ទៅ ១ ឆ្នាំ»។

ចំណេះ​ដឹង​ផ្នែក​ហិរញ្ញ​វត្ថុ​គឺជា​ការ​រួម​បញ្ចូល​គ្នា​នៃការ​យល់​ដឹង ​ចំណេះដឹង​ ជំនាញ ​អាកប្ប​កិរិ​យា ​និង​ឥរិយា​បថ ដែល​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​​ផ្នែក​​ហិរញ្ញ​វត្ថុ​ត្រឹម​ត្រូវ ​ហើយទី​បំ​ផុត​សម្រេច​បានសុវត្ថិ​ភាព​​ផ្នែក​​ហិរញ្ញ​វត្ថុ​ផ្ទាល់​ខ្លួន។​

នៅ​ក្នុង​គោល​បំណង​សម្រាប់​ការលើក​កម្ពស់​ចំណេះដឹង​​ផ្នែក​​ហិរញ្ញ​វត្ថុ NBC កាល​ពី​ម្សិល​មិញ​បានចុះ​អនុស្ស​រណៈនៃ​ការយោគ​យល់គ្នា​ (MoU)​ ជា​មួយ​ក្រសួង​អប់រំ​ យុវជន​ និង​កី​ឡា ដើ​ម្បី​លើក​កម្ពស់​ចំណេះ​ដឹង​ផ្នែក​​​​ហិរញ្ញ​វត្ថុ​ដល់​ប្រជា​ជន​កម្ពុជា​ចាប់តាំង​ពី​វ័យ​ក្មេង​ទៅ​។ NBC បាន​ចុះ​ MoU ជា​មួយ​ក្រសួង​កិច្ច​ការនារី ដើ​ម្បី​​លើក​កម្ពស់​លទ្ធ​ភាព​ទទួល​បាន​ហិរញ្ញ​វត្ថុ​គ្រប់​គ្នា​ ក្នុង​ចំណោម​សហ​គ្រិន​ស្ដ្រី​កម្ពុជា​ផងដែរ។​

លោកស្រី​ ច័ន្ទ ​សូរីយ៍​ រដ្ឋលេខាធិ​ការ​ក្រសួង​កិច្ច​ការនារី​បាន​ឲ្យដឹង​កាល​​ពី​ម្សិល​មិញ​ថា ការធ្វើ​ឲ្យស្រ្ដី​កម្ពុជា​ចូលរួម​កាន់​តែ​ច្រើន​នៅក្នុង​សកម្ម​ភាព​សេដ្ឋ​កិច្ច​ គឺជា​កត្តា​ដ៏​សំខាន់​​មួយ ​ក្នុងការ​លើក​កម្ពស់​សិទ្ធិ​របស់​ពួកគេ​នៅ​ក្នុង​គ្រួសារ ​និង​ដើ​ម្បី​ធ្វើ​ឲ្យគ្រួសារ​របស់​ពួកគេ​ចេញ​ផុត​ពី​ភាព​ក្រីក្រ។​

លោក​ស្រី​បន្ត​​​ថា​៖ «​ការ​លើក​កម្ពស់​ចំណេះ​ដឹង​ផ្នែក​​ហិរញ្ញ​វត្ថុ​ ក្នុង​​ចំណោម​ស្ដ្រី​គឺជា​ឧប​ករណ៍​មាន​​សារៈ​សំខាន់​​បំ​ផុត​ ក្នុងការ​រួម​ចំណែក​ផ្ដល់​អំណាច​យេនឌ័រ​ស្មើភាព​​គ្នា​ ជាពិសេស​ដើ​ម្បី​លើក​កម្ពស់​ភាព​ក្លា​ហា​ន​របស់ស្ដ្រី​នៅ​ក្នុង​សេដ្ឋកិច្ច»៕