
ធនាគារជាតិនៃកម្ពុជា (NBC)។ ហុង មិនា
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) បានប្រកាសថា នឹងបន្តពង្រឹងការអនុវត្ត គោលនយោបាយរូបិយវត្ថុដែលមានស្រាប់ចំនួន ៤ ដែលសុទ្ធសឹងសម្រាប់គោលដៅជំរុញការប្រើប្រាស់ប្រាក់រៀល និងពង្រឹងទំនុកចិត្តលើរូបិយប័ណ្ណក្នុងស្រុកមួយនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។
គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុនៃ NBC បានរៀបចំកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រ ហើយបើយោងតាមសេចក្តីជូនដំណឹងចេញថ្ងៃដដែល គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុនៃ NBC នឹងបន្តប្រកាន់យករបបអត្រាប្តូរប្រាក់ដែលមានស្ថិរភាពដោយធ្វើអន្តរាគមន៍ចាំបាច់ ផ្អែកលើការប្រែប្រួលនៃសេដ្ឋកិច្ច និងបន្តរក្សាស្ថិរភាពអត្រាការប្រាក់ LPCO និងផ្គត់ផ្គង់បរិមាណសន្ទនីយភាពជាប្រាក់រៀល ៨០០ ពាន់លានរៀលក្នុង ១ ខែ ឬទៅតាមការវាយតម្លៃលើតម្រូវការនៃសេដ្ឋកិច្ច។
គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ ក៏បានសម្រេចបន្តលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឲ្យកាន់តែទូលំទូលាយ តាមរយៈការបង្កើនការយល់ដឹងរបស់សាធារណជនពីសារៈសំខាន់ និងតួនាទីប្រាក់រៀលក្នុងសេដ្ឋកិច្ច និងបន្តតាមដានការអនុវត្តដែលតម្រូវឲ្យគ្រឹះស្ថានហិរញ្ញវត្ថុមានប្រាក់កម្ចីយ៉ាងហោចណាស់ ១០ ភាគរយ នៃកម្ចីសរុបរបស់ពួកគេជាកម្ចីជាប្រាក់រៀល។
យោងតាមសេចក្តីជូនដំណឹងរបស់ NBC នៅត្រឹមត្រីមាសទី១ នេះសូចនាករម៉ាក្រូសេដ្ឋកិច្ចសំខាន់ៗបង្ហាញវឌ្ឍនភាពល្អ។
យោងតាមសេចក្តីជូនដំណឹងរបស់ NBC៖ «អតិផរណាមានកម្រិតទាបជាមធ្យម ១,៩ ភាគរយអត្រាប្តូរប្រាក់ ៤ ០១៧ រៀលក្នុង ១ ដុល្លារអាមេរិក ហើយទុនបម្រុងអន្តរជាតិដុលបានកើនឡើងជាបន្តបន្ទាប់ដែលអាចធានាការនាំចូលទំនិញ និងសេវាបានប្រមាណ ៥ ខែនាគ្រាបន្ទាប់»៕