ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា (NBC) បានចេញ​ផ្សាយ​មូលបត្រ​អាច​ជួញដូរ​បាន​ (NCD) ​មានតម្លៃ​ប្រហែល ៣៣,៤ ​ពាន់​លាន​ដុល្លារ​ ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​កាលពី​ឆ្នាំមុន​ដែល​កើនឡើង​ជាង​ ៤០ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩ ដែល​អាចឱ្យ​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អាច​វិនិយោគ​លើ​សន្ទនីយ​ភាពរយៈពេល ខ្លី​របស់​ខ្លួន ដើម្បី​ជួយ​ដល់​សេដ្ឋកិច្ច​អំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ ​១៩​។

យោងតាម​របាយការណ៍​ប្រចាំ​ឆ្នាំ​បាន​ពី​ NBC សម្រាប់​ចំនួន​ទឹកប្រាក់ NCD ​សរុប​ក្នុង​នោះ​ការចេញ​ផ្សាយ​ NCD ចារឹក​ជា​ប្រាក់​ដុល្លារ​មាន​ចំនួន ៣០,៨ ​ប៊ីលាន​ដុល្លារ​អាមេរិក កើនឡើង​ ៤៥,៣ ​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដោយ​តម្រូវការ​ភាគច្រើន​ពី​ធនាគារពាណិជ្ជ ខណៈ​ការចេញផ្សាយ​ NCD ចារឹក ជា​ប្រាក់រៀល​មាន​ចំនួន ១០,៩ ​ពាន់​ពាន់​លាន​រៀល​ ដោយបាន​កើនឡើង​ត្រឹម​ ៤ ​ភាគរយ​។

កាលពី​ខែមីនា ឆ្នាំ​ ២០២០ NBC បានចេញ​ឧបករណ៍​ហិរញ្ញវត្ថុ​ចំនួន​ ៥ ដែល​រួមទាំង NCD ​ដើម្បី​អាចឱ្យ​ធនាគារ និង​គ្រឹះស្ថាន ហិរញ្ញវត្ថុ​ទទួលបាន​សន្ទនីយភាព​គ្រប់គ្រាន់ សម្រាប់​ការផ្ដល់​កម្ចី​ដើម្បី​គាំទ្រ​ក្រុមហ៊ុន ក្នុង​អំឡុងពេល​ការរីករាលដាល​ជំងឺ​កូវីដ​១៩​។

លោកស្រី ជា សិរី អគ្គនាយិកា NBC តាមរយៈ​វីដេអូ​ក្នុង​អំឡុងពេល​ដាក់ឱ្យ​ដំណើរការ​ឧបករណ៍​ហិរញ្ញវត្ថុ​កាលពី​ខែមីនា ​បាន​ឱ្យ​ដឹងថា ទិសដៅ​គោលនយោបាយ​ថ្មី​នេះ​គឺ​ដើម្បី​គាំទ្រ​វិស័យ​ហិរញ្ញវត្ថុ​ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន ខណៈ​ពួកគេ​ប្រយុទ្ធ​ប្រឆាំងនឹង​ផលប៉ះពាល់​លើ​សេដ្ឋកិច្ច​ដោយសារ​តែ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

លោកស្រី​ថ្លែងថា​៖ «​គោលបំណង​នៃ​គោលនយោបាយ​ទាំងនេះ គឺ​ដើម្បី​គាំទ្រ​កំណើនសេដ្ឋកិច្ច ខណៈ​ដែល​ប្រទេស​នេះ​ប្រឈម​នឹង​ការគំរាម​ពី​ជំងឺ​កូវីដ​ ១៩​។ NBC បន្ត​ក្នុង​ការត្រួតពិនិត្យ​ដោយ​យកចិត្តទុកដាក់​បំផុត​លើ​វឌ្ឍនភាព​នៃ​ស្ថានការណ៍​ខាងក្នុង និង​ខាងក្រៅ​ប្រទេស​កម្ពុជា​»​។

លោក Shin Chang Moo ប្រធាន​ធនាគារ Phnom Penh Commercial Bank (PPCBank) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា NCD គឺ​ឧបករណ៍​ហិរញ្ញវត្ថុ​មួយ​ដែល​រួមចំណែក​ដល់​ការអភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​។

លោក​ថ្លែងថា​៖ «NCD គឺជា​ឧបករណ៍​ទីផ្សារ​ប្រាក់​រយៈពេល​ខ្លី​ដល់​រយៈពេល​មធ្យម​ដ៏សំខាន់​មួយ​ដែល​អាច​រក​បានតែ​ ១ ​គត់​នៅលើ​ទីផ្សារ​។ ធនាគារ​ជាច្រើន​មាន​តម្រូវការ​ខ្ពស់​លើ NCD ដើម្បី​គ្រប់គ្រង​សន្ទនីយភាព​លើស​របស់​ពួកគេ និង​ផ្ដល់​ការធានា​សម្រាប់​ការផ្ដល់​មូលនិធិ​ជា​ប្រាក់រៀល​។ NCD ក៏​ដើរតួ​ជា​បង្គោល​នៃ​អត្រា​ការប្រាក់​ផងដែរ ដោយសារ​តែ​វា​មិន​គិត​អត្រា​ការប្រាក់​ហានិភ័យ​តែ​ ១ ​គត់​នៅលើ​ទីផ្សារ​ក្នុងស្រុក​»​។

លោក អ៊ិន ចាន់នី ប្រធាន​នាយកប្រតិបត្តិ ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា អត្ថប្រយោជន៍​របស់ NCD រួមមាន​ទ្រព្យសកម្ម​សន្ទនីយភាព​គុណភាព​ខ្ពស់ អនុបាត​សធនភាព​លើ​ទ្រព្យសកម្ម គ្មាន​សំ​វិធាន​ធន​សម្រាប់​ឥណទាន​រំពឹងទុក​នឹង​បាត់បង់​អត្ថប្រយោជន៍​ប្រាក់ចំណេញ និង​ជា​វត្ថុ​បញ្ជាំ​សម្រាប់​ការធានា​សម្រាប់​សេវា Overdraft​។

លោក​លើកឡើង​ថា​៖ «​មូលហេតុ​មួយចំនួន​ដែល​ជំរុញ​ឱ្យ​មាន​កំណើន​តម្រូវការ NCD កាលពី​ឆ្នាំមុន​នោះ​គឺ​ដោយសារ​តែ​ធនាគារ​ ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយចំនួន​អាច​ប្រើប្រាស់ NCD ដើម្បី​គ្រប់គ្រង​អតិរេក​រយៈពេល​ខ្លី​របស់​ពួកគេ​ក្នុង​រយៈពេល​ពី​ ១ ​ខែ ដល់​ ៣ ​ខែ ពួកគេ​អាច​ប្រើប្រាស់​វា​ជា​ទ្រព្យ​បញ្ចាំ សម្រាប់​កម្ចី​ជា​ប្រាក់រៀល​ពី​ធនាគារជាតិ​នៃ​កម្ពុជា​»​។

លោក​ក៏បាន​អះអាង​ដែរ​ថា កាលពី​ឆ្នាំ​ ២០១៩ NCD របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី មាន​ប្រហែល​ ៥២៧ ​លាន​ដុល្លារ និង​កាលពី​ឆ្នាំ​ ២០២០ ​មាន​ចំនួន​ប្រហែល​ ៥៦៧ ​លាន​ដុល្លារ កើនឡើង​ប្រហែល​ ៨ ​ភាគរយ​។

NCD ជា​មូលបត្រ​បំណុល​មាន​អត្រា​ការប្រាក់​រយៈពេល​ខ្លី​ដែល​ចេញ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​។

មូលបត្រ​នេះ​គឺ​ចេញផ្សាយ​ជា​ប្រាក់រៀល និង​ប្រាក់​ដុល្លារ ដើម្បី​ជួយ​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​វិនិយោគ​លើ​សន្ទនីយភាព​រយៈពេល​ខ្លី​របស់​ពួកគេ​។

តម្លៃ​អប្បបរមា​សម្រាប់​ការវិនិយោគ​មាន​ចំនួន ២០០ ០០០ ០០០ ​ប្រាក់រៀល ឬ​ ៥០ ០០០ ​ដុល្លារ​អាមេរិក​។ សុពលភាព​របស់ NCD ជា​ប្រាក់រៀល​គឹ​ចាប់ពី​ ២ ​សប្ដាហ៍​ដល់​ ១ ​ឆ្នាំ ចំណែក​សុពលភាព​ NCD ជា​ប្រាក់​ដុល្លារ​គឺ​ចាប់ពី​ ២ ​សប្ដាហ៍​ដល់​ ៦ ​ខែ​។ អត្រា​ការប្រាក់​របស់​ NCD ត្រូវបាន​កំណត់ដោយ​ធនាគារជាតិ​នៃ​កម្ពុជា និង​ប្រែប្រួល​ជា​រៀងរាល់ថ្ងៃ ទៅ​តាម​លក្ខខណ្ឌ​ទីផ្សារ​។ នេះ​បើតាម NBC​។

លោកស្រី ជា សិរី បានឱ្យ​ដឹងថា NCD ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ចុងឆ្នាំ​ ២០១៣ ក្នុង​គោលបំណង​ផ្ដល់​ដល់​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នូវ​ឧបករណ៍​មួយ ដើម្បី​កែលម្អ​ការគ្រប់គ្រង​សន្ទនីយភាព​របស់​ពួកគេ​។ ដូចនេះ​ពួកគេ​អាច​ទិញ​តាម​ពេលវេលា​ទៀងទាត់ និង​ជាក់លាក់​ណាមួយ​ដែល​សមស្រប​សម្រាប់​ពួកគេ​៕LA