ភ្នំពេញៈ SmartLuy PLC ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន Smart Axiata ដែលជា​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ក្នុងស្រុក​ឈានមុខ​គេ​នៅ​កម្ពុជា និង​ក្រុមហ៊ុន Pi Pay កាលពី​ថ្ងៃ​ចន្ទ​ទទួល​បាន​ការយល់ព្រម​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) ក្នុង​ការច្របាច់​បញ្ចូល​គ្នា​ដើម្បី​ធ្វើការ​អភិវឌ្ឍ​ការទូទាត់​បែប​ឌីជីថល​ក្នុង​ប្រទេស​កម្ពុជា​។

ជា​ផ្នែក​មួយ​នៃ​ការធ្វើ​សមាហរណកម្ម​ពេញលេញ​របស់​ក្រុមហ៊ុន​ទាំង​ ២ ​បុគ្គលិក​របស់ SmartLuy នឹង​ចូលរួម​ជាមួយ Pi Pay ហើយ​អតិថិជន ភ្នាក់ងារ ព្រម​ទាំង​អាជីវករ​របស់ SmartLuy នឹង​ផ្លាស់​ទៅ Pi Pay​។ អតិថិជន SmartLuy អាច​នឹង​ផ្ទេរប្រាក់​របស់គេ​ទៅ​គណនី​ថ្មី​របស់ Pi Pay មុនពេល​ដំណើរ​ការច្របាច់​បញ្ចូល​គ្នា​នេះ​ត្រូវ​បាន​បញ្ចប់​។

អគ្គនាយក Pi Pay លោក Tomas Pokorny បាន​ឲ្យ​ដឹងថា ការច្របាច់​បញ្ចូល​គ្នា​នេះ​គឺ​នឹង​ផ្ដល់​ដល់ Pi Pay នូវ​ឱកាស​ថ្មីៗ និង​ធនធាន​ជាច្រើន​ដើម្បី​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​នៅ​លើ​ទីផ្សារ​។

លោក​ថ្លែងថា​៖ «​ជាមួយ​នឹង​ក្រុមហ៊ុន Smart, Pi Pay នឹង​បំពាក់​ឧបករណ៍​កាន់តែ​ប្រសើរ​ដើម្បី​គាំទ្រ​ដល់​គោលការណ៍​របស់​រដ្ឋាភិបាល​ក្នុង​ការធ្វើឲ្យ​ទៅ​ជា​លក្ខណៈ​ឌីជីថល និង​បង្កើន​ការទទួល​យក​ការទូទាត់​ឌីជីថល​ក្នុង​ចំណោម​អតិថិជន ព្រមទាំង​ពាណិជ្ជករ​ដែល​រួមទាំង​ក្នុង​ក្រុមហ៊ុន​លក់រាយ​តូចៗ​ជាច្រើន​ទៀត​»​។

លោក Thomas Hundt អគ្គនាយក​ក្រុមហ៊ុន Smart Axiata បាន​ឲ្យ​ដឹងថា អតិថិជន ភ្នាក់ងារ និង​អាជីវករ​របស់​ក្រុមហ៊ុន SmartLuy ទាំងអស់​នឹងត្រូវ​បាន​រក្សា​ការជូនដំណឹង​ក្នុងអំឡុងពេល​អន្តរកាល​នេះ​។

លោក​ថា ក្រុមហ៊ុន​រំពឹងថា​ការច្របាច់​បញ្ចូល​គ្នា​នេះ​នឹងត្រូវ​បានបញ្ចប់​ប្រកប​ដោយ​ជោគជ័យ​ក្នុងពេល​ឆាប់ៗ​ខាង​មុខ​។ វា​នឹង​ក្លាយជា​ក្រុមហ៊ុន​ដ៏ធំ​នៅក្នុង​ការលើក​កម្ពស់​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​គ្រប់ៗ​គ្នា ព្រមទាំង​យុគសម័យ​ឌីជីថល​នៅ​កម្ពុជា​ផងដែរ​។

មកទល់​ពេល​នេះ​ក្រុមហ៊ុន Smart មាន​អតិថិជន​ប្រមាណ ៨ ​លាន​នាក់ ខណៈ Pi Pay មាន​អ្នកប្រើប្រាស់​ជិត​ ៣០ ​ម៉ឺន​នាក់​ តម្លៃ​ប្រតិបត្តិការ​ជាង​ ៣៥០ ​លាន​ដុល្លារ​៕ LA