
ក្រដាសប្រាក់យន់ចិន និងដុល្លារអាមេរិកដែលគេដាក់តាំងដើម្បីថត។ រូបថត AFP
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃអង្គារបានរៀបចំសន្និសីទព័ត៌មានមួយដោយបញ្ជាក់បន្ថែមពីអត្ថន័យបច្ចេកទេសលើពាក្យ «ជំរុញការប្រើប្រាស់ប្រាក់យន់ចិនសម្រាប់ពាណិជ្ជកម្មឆ្លងព្រំដែន» ដោយលើកឡើងថា ដើម្បីបញ្ចៀសការភាន់ច្រឡំក្នុងការបកស្រាយព័ត៌មាននេះក្នុងសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ។
ការបញ្ជាក់នេះ ធ្វើឡើងមួយសប្ដាហ៍ បន្ទាប់ពីធនាគារចិន នៅកម្ពុជាបានរៀបចំវេទិកាមួយស្តីអំពីការប្រើប្រាស់ប្រាក់យន់ចិននៅកម្ពុជា ដោយមានវត្តមានចូលរួមពីមន្ដ្រីជាន់ខ្ពស់មកពីធនាគារជាតិនៃកម្ពុជា (NBC) ហើយត្រូវបានស្ថាប័នព័ត៌មានមួយចំនួនបានបកស្រាយខុស ដែលអាចធ្វើឲ្យសាធារណជនភាន់ច្រឡំថា NBC ជំរុញឲ្យមានការប្រើប្រាស់ប្រាក់យន់ សម្រាប់ការទូទាត់ទំនិញដែលមានការទិញលក់ប្រចាំថ្ងៃនៅកម្ពុជា។
ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅក្នុងសន្និសីទកាលពីម្សិលមិញ លោកស្រី ជា សិរី អគ្គនាយិកា NBC បានថ្លែងថាការប្រើប្រាស់ប្រាក់យន់ សម្រាប់ការទូទាត់សម្រាប់ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន មិនមានន័យថា ជាការជំរុញឲ្យមានការទូទាត់ជាប្រាក់យន់នៅក្នុងការលក់ដូររាយប្រចាំថ្ងៃនៅក្នុងប្រទេសនោះទេ។
លោកស្រីបន្តថា វាគឺសំដៅលើការអនុញ្ញាតឲ្យក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនចិន អាចធ្វើការទូទាត់ពាណិជ្ជកម្មដោយប្រើប្រាស់ប្រាក់យន់ ឬប្រាក់រៀលដោយផ្ទាល់តាមប្រព័ន្ធធនាគារ នៅពេលមានពាណិជ្ជកម្មឆ្លងកាត់ព្រំដែន (ទ្វេភាគី កម្ពុជា-ចិន)។ ការជំរុញបែបនេះ មានប្រយោជន៍ដោយភាគីពាណិជ្ជករ កម្ពុជា និងចិន មិនចាំបាច់ប្រើប្រាស់ប្រាក់ដុល្លារជារូបិយប័ណ្ណអន្តរការីនោះទេ ដែលអាចជួយកាត់បន្ថយហានិភ័យអត្រាប្តូរប្រាក់។
លោកស្រីថ្លែងថា៖ «អ្វីដែលយើងចង់ជំរុញគឺថា ពាណិជ្ជករចិន អាចប្រើប្រាស់ប្រាក់យន់ ដើម្បីប្តូរជាប្រាក់រៀល ក្នុងការទូទាត់ពាណិជ្ជកម្មជាមួយពាណិជ្ជករកម្ពុជា»។
លោកស្រីបន្តថា៖ «នៅពេលវិនិយោគិនចិន ប្តូរប្រាក់យន់យកប្រាក់រៀល ដើម្បីទូទាត់ពាណិជ្ជកម្មជាមួយ ភាគីកម្ពុជា ពេលនោះតម្រូវការប្រាក់រៀលនឹងកាន់តែកើនឡើង ហើយកត្តានេះក៏នឹងជួយជំរុញការប្រើប្រាស់ប្រាក់រៀលដោយប្រយោលផងដែរ»។
គិតមកទល់ពេលនេះ ការទូទាត់ពាណិជ្ជកម្មទ្វេភាគីកម្ពុជាចិន នៅបន្តពឹងផ្អែកខ្លាំងលើរូបិយប័ណ្ណទី ៣ នៅឡើយ គឺប្រាក់ដុល្លារអាមេរិក។
យោងតាមរបាយការណ៍ NBC កម្ពុជាបាននាំចូលទំនិញពីចិនមានតម្លៃជាទឹកប្រាក់ ៥,២ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៧ ហើយក្នុងនោះការទូទាត់ជាប្រាក់យន់ចិននៅមានទំហំតិចតួចនៅឡើយ គឺប្រហែល ១៣០ លានដុល្លារអាមេរិក។ ការនាំចេញរបស់កម្ពុជាទៅចិនវិញមានតម្លៃជាទឹកប្រាក់ ៧៥៨ លានដុល្លារ ហើយការទូទាត់ជាប្រាក់យន់មានប្រមាណ ៩ ភាគរយ៕LA