ភ្នំពេញៈ វិស័យ​ធនាគារ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៩ បាន​បន្ត​ភាពរឹងមាំ​របស់ខ្លួន​ដ៏ល្អ ទោះបី ជា​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ និង​សកម្មភាព​ពាណិជ្ជកម្ម​ជា​អន្តរជាតិ​របស់​តំបន់ និង​ប្រទេស​ធំៗ​នៅលើ​ពិភពលោក ជួបប្រទះ​នឹង​ភាពតានតឹង​ក៏ដោយ​។ នេះ​បើតាម​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​។

ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​ ២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២០ ​របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​លើកឡើង ថា ឆ្នាំ​ ២០១៩ គឺជា​ឆ្នាំ​ដែល​ពិភពលោក​បាន​ជួបប្រទះ​នឹង​បាតុភាព​តវ៉ា និង​ភាពតានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ជាច្រើន​ដូចជា តំបន់​អឺរ៉ុប អាមេរិក​ឡាទីន អាស៊ី និង​មជ្ឈិមបូព៌ា ដែល​ធ្វើឲ្យ​វិស័យសេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់​។

លោក​បន្តថា ទន្ទឹម​នឹង​នេះ​ភាពតានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​មហាយក្ស​សេដ្ឋកិច្ច​ពិភពលោក​ទាំង ២ គឺ​ប្រទេស​អាមេរិក និង​ចិន​ក៏​បាន​បន្ត​អូស​បន្លាយ​ពេល​យ៉ាងយូរ​ព្រម​ជាមួយ​នឹង​ផែនការ​នៃ​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប (Brexit) ដែល​មិនទាន់​ត្រូវបាន​ដោះស្រាយ​រួចរាល់​ផងដែរ​។

លោក​លើកឡើងថា បញ្ហា​ទាំងអស់​នេះ​បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ទៅដល់​គ្រប់​សកម្មភាព​ពាណិជ្ជកម្ម​អន្តរជាតិ និង​ការវិនិយោគ​នៅ​ទូទាំង​ពិភពលោក​។ ទោះយ៉ាងណា វិស័យ​ធនាគារ​នៅ​កម្ពុជា​នៅតែ​អាច​រក្សាបាន​នូវ​ភាពរឹងមាំ​របស់ខ្លួន​បាន​ដដែល ខណៈ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ​ ២០១៩ រំពឹង​នឹង​សម្រេចបាន​ក្នុង​អត្រា ៧,១ ​ភាគរយ​ ដែល​ជា​អត្រាកំណើន​ខ្ពស់​ជាងគេ​ក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។

លោក​ថ្លែងថា​៖ «​វិស័យ​ធនាគារ​នៅ​កម្ពុជា​មាន​សុខភាព​ល្អ ហើយ​បានរួម​ចំណែក​យ៉ាង​សកម្ម​ក្នុងការ​ជំរុញ​បរិយាប័ន្ន​ហិរញ្ញវត្ថុ លើកស្ទួយ​​ជីវភាព​រស់នៅ និង​បាន​ចូលរួម​ចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​»​។

លោក​បន្តទៀតថា ដើម្បី​រក្សាបាន​នូវ​ភាពល្អប្រសើរ​របស់​ខ្លួន បច្ចុប្បន្ន​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​ក៏​បាននិង​កំពុង​ធ្វើ​ទំនើបកម្ម​ផ្នែក​បច្ចេកវិទ្យា​ដែល​ជា​ការឆ្លើយតប​ទៅនឹង​ការវិវឌ្ឍ​របស់​សង្គម​ផងដែរ​។

របាយការណ៍​របស់ NBC បាន​ឲ្យ​ដឹងថា វិស័យ​ធនាគារ​នៅ​កម្ពុជា​មាន​សម្ទុះ​យ៉ាង​លឿន​ក្នុង​រយៈពេល​ជិត ២ ​ទសវត្សរ៍​មកនេះ​ដោយ​កាលពី​ឆ្នាំ​ ២០០២ ចំនួន​ទ្រព្យសកម្ម​ធៀប​នឹង ផ.ស.ស ដែលមាន​ត្រឹម ២០ ​ភាគរយ​បាន​ហក់​ឡើងដល់ ១៨៩ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០១៩ ស្មើនឹង​តម្លៃ​ ៥១,០៧ ​ពាន់​លាន​ដុល្លារ​។

ចំណែក​ឥណទាន​ធៀប​នឹង ផ.ស.ស មាន​ ៦ ​ភាគរយ​ កាលពី​ឆ្នាំ​ ២០០២ បាន​ឡើងដល់ ១១៩ ​ភាគរយ​ ក្នុង​ឆ្នាំ​ ២០១៩ ស្មើនឹង​ប្រហែល ២៨,៩១​ ​ពាន់​លាន​ដុល្លារ និង​ប្រាក់​បញ្ជី​ធៀប​នឹង ផ.ស.ស កើន​ពី​ចំនួន ១២ ​ភាគរយ ដល់ ១១៣ ​ភាគរយ ​ស្មើនឹង ៣០,៦២ ​ពាន់​លាន​ដុល្លារ​។

ភាពល្អប្រសើរ​របស់​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៩ ក៏​ត្រូវបាន​បង្ហាញថា ទទួល​បាន​ការគាំទ្រ​ដោយ​កំណើន​នៃ​តម្រូវការ​ក្នុងស្រុក និង​ការនាំ​ចេញ​ផងដែរ​។

របាយការណ៍​ខាងលើ​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល ៣ ​ត្រីមាស​ដំបូង​ក្នុង​ឆ្នាំ​ ២០១៩ ការនាំចេញ​ទំនិញ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​តម្លៃ​សរុប ១០,៩ ​ពាន់​លាន​ដុល្លារ ខណៈ​ការ​នាំចូល​មានតម្លៃ ១៦,៥ ​ពាន់​លាន​ដុល្លារ​។

គិត​ត្រឹម​ចុងឆ្នាំ​ ២០១៩ ទុនបម្រុង​អន្តរជាតិ​របស់​កម្ពុជា​បាន​កើន​ដល់​ប្រមាណ ១៨ ​ពាន់​លាន​ដុល្លារ និង​អាច​ធានា​ការនាំចូល​ទំនិញ និង​សេវា​បាន​ប្រមាណ ៧ ​ខែ​។ នេះ​បើតាម​របាយការណ៍​៕LA