ភ្នំពេញៈ កម្ពុជា​នឹង​រៀបចំ​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ប្រចាំឆ្នាំ​លើក​ទី​៨ ឆ្នាំ ​២០២១ ស្តីពី​ «​បញ្ហា​ប្រឈម និង​គោលនយោបាយ​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម (SME) នៅ​កម្ពុជា​ (Challenges for Cambodian SMEs Development and Policy Options)» ​នៅ​ខែធ្នូ​ ឆ្នាំនេះ ដើម្បី​បម្រើ​ជា​ធាតុ​ចូលក្នុង​ការរៀបចំ​គោលនយោបាយ បន្ទាប់ពី​មើលឃើញ​ថា SME បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​សកម្មភាព​សេដ្ឋកិច្ច និង​ក៏​រង​ផលប៉ះពាល់​ច្រើន​អំឡុង​វិបត្តិ​កូវីដ​ ១៩​។

សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ប្រចាំឆ្នាំ គឺជា​គំនិត​ផ្តួចផ្តើមឡើង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) លើ​ប្រធានបទ​នានា​ដើម្បី​ប្រមូល​ជា​ធាតុ​ចូលក្នុង​ការរៀបចំ​គោលនយោបាយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។

នៅ​កម្ពុជា សហគ្រាស​ធុន​តូច និង​មធ្យម​មាន​ប្រមាណ​លើសពី ៩០ ​ភាគរយ​នៃ​សហគ្រាស​សរុប ដែល​បាន​រួមចំណែក​ជិត ៦០ ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប និង​បង្កើត​ការងារ​ជាង ៧០ ​ភាគរយ​នៃ​ការងារ​សរុប​។

កន្លងមក​សហគ្រាស​ធុន​តូច និង​មធ្យម​បាន​រួម​ចំណែក​ដល់​ការលើកកម្ពស់​ជីវភាព និង​កាត់បន្ថយ​ភាពក្រីក្រ ជាពិសេស​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​រស់នៅ​តាម​ទីជនបទ​។ នេះ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ NBC កាលពី​ថ្ងៃ​ចន្ទ​។

NBC បាន​លើកឡើង​ថា ទោះបីជា​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការគាំទ្រ​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​យ៉ាងណាក្តី ក៏​ការសិក្សា​ពី​ស្ថានភាព​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​បាន​បង្ហាញថា សហគ្រាស​ធុន​តូច និង​មធ្យម មាន​បញ្ហា​ប្រឈម​ច្រើន​ក្នុង​អាជីវកម្ម ហើយ​មាន​ឧបសគ្គ​ក្នុងការ​អភិវឌ្ឍ​ខ្លួន​ប្រកបដោយ​ចីរភាព​។

NBC បញ្ជាក់ថា​៖ «​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ បាន​បង្ក​ផលប៉ះពាល់​ខ្លាំង​បន្ថែមទៀត​ដល់​ការធ្វើ​អាជីវកម្ម​របស់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​មាន​ភាពងាយ​រងគ្រោះ​ទៅនឹង​ការប៉ះទង្គិច​ស្រាប់​។

ក្នុង​បរិការណ៍​នេះ ដើម្បី​ចូលរួមចំណែក​ក្នុង​ការបង្កើន​ការសិក្សា​ស្រាវជ្រាវ​ដែល​នៅមាន​តិច​អំពី​ការអភិវឌ្ឍ និង​ពង្រឹង​ភាពធន់​នៃ​សហគ្រាស​ធុន​តូច និង​មធ្យម ធនាគារជាតិ​នៃ​កម្ពុជា​បាន​ជ្រើសរើស​ប្រធានបទ​ស្រាវជ្រាវ​របស់​សន្និសីទ​ម៉ាក្រូ​សេដ្ឋកិច្ច​លើក​ទី​៨ នា​ឆ្នាំ​ ២០២១ ស្តីពី​ «​បញ្ហា​ប្រឈម និង​គោលនយោបាយ​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​»​។

ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ (FASMEC) លោក តែ តាំងប៉ បាន​ប្រាប់​ ភ្នំពេញ ប៉ុស្ដិ៍​ថា បញ្ហា​ចម្បង​របស់ SME ក្នុងស្រុក គឺ​ទាក់ទង​នឹង​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ដោយសារ​តែ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ភាគច្រើន​ផ្ដោត​ទៅ​លើ​ទ្រព្យ​ដាក់​ធានា​ ដែល​វា​បានក្លាយ​ទៅជា​ឧបសគ្គ​រារាំង​លទ្ធភាព​ពួកគេ​ក្នុង​ការទទួល​បាន​មូលនិធិ​កាន់តែច្រើន​សម្រាប់​ការពង្រីក​អាជីវកម្ម​។

លោក​ថ្លែងថា​៖ «​យើង​ស្វាគមន៍​ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​អន្តរជាតិ​ណាមួយ​ដែល​ជួយ SME ក្នុងស្រុក​យើង ជាពិសេស​ទាក់ទង​នឹង​ការផ្ដល់​មូលនិធិ ដោយសារ SMEs ភាគច្រើន​របស់​យើង​ទទួលបាន​ថវិកា​នៅមានកម្រិត​តិចតួច ដែល​តម្រូវឱ្យ​មានទ្រព្យ​ធានា ដើម្បី​ទទួលបាន​មូលនិធិ​កាន់តែច្រើន​ពី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​»​។

បច្ចុប្បន្ន​រដ្ឋាភិបាល​កំពុង​ខំប្រឹងប្រែង​ដើម្បី​គាំទ្រ SMEs នៅក្នុង​ប្រទេស​តាមរយៈ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ (SME Bank) ដោយមាន​ដើមទុន​វិនិយោគ ១៥០ ​លាន​ដុល្លារ ដើម្បី​ផ្ដល់​កម្ចី​អត្រា​ការប្រាក់​ទាប​ដល់​វិស័យ SME​។

ទោះបីយ៉ាងណា លោក តែ តាំងប៉ បញ្ជាក់ថា ការផ្ដោត​ការយកចិត្ត​ទុកដាក់​ដែលមាន​មូលដ្ឋាន​លើ​ទ្រព្យ​ដាក់​ធានា​នៅតែ​ជា​ឧបសគ្គ​សម្រាប់ SME ក្នុង​ការទទួល​បាន​មូលនិធិ​។ លោក​បន្ថែមថា​៖ «SME របស់​យើង​នៅតែ​មាន​ការពិបាក​ក្នុង​ការទទួល​បាន​កម្ចី​ពី​ធនាគារ SME Bank ដោយសារតែ​ពួកគេ​ទាមទារ​ទ្រព្យ​ដាក់​ធានា​សម្រាប់​ការវាយតម្លៃ​កម្ចី​របស់​ពួកគេ​»​។

ឆ្នាំ​ ២០២១ នេះ​ជា​លើក​ទី៨ ហើយ​ដែល NBC បានរៀបចំ​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​បែបនេះ ដោយ​មាន​បំណង​លើកកម្ពស់​ការស្រាវជ្រាវ​លើ​ប្រធានបទ​ខាងលើ និង​ផ្តល់​ជា​វេទិកា​ពិភាក្សា​ជុំវិញ​បញ្ហា​ប្រឈម និង​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ដែល​អាច​ក្លាយ​ជា​ធាតុ​ចូល​ក្នុងការ​រៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​មាន​ភាពធន់ និង​ប្រកបដោយ​បរិយាប័ន្ន​។ សន្និសីទ​នេះ​ក៏មាន​ការចូលរួម​ពី​អ្នកជំនាញ អ្នកស្រាវជ្រាវ និង​ភាគី​ពាក់ព័ន្ធ​ជាតិ និង​អន្តរជាតិ​ផងដែរ​៕