ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) បានឲ្យដឹងកាលពីថ្ងៃសុក្រថា ស្ថិរភាពនយោបាយ និងកំណើននៅក្នុងវិស័យសេដ្ឋកិច្ចទាំងអស់ព្រមទាំងប្រព័ន្ធធនាគាររឹងមាំ ជាកត្តាជំរុញដ៏សំខាន់ ក្នុងការបង្កើនទំនុកចិត្តសាធារណជនលើប្រព័ន្ធធនាគាររបស់កម្ពុជា។
យោងតាម ម៉ាក្រូសេដ្ឋកិច្ច និងធនាគារឆ្នាំ ២០១៩ និងចក្ខុវិស័យឆ្នាំ ២០២០ របស់ NBC ទាំងកម្ចីប្រើប្រាស់ផ្ទាល់ខ្លួន និងប្រាក់បញ្ញើរបស់វិស័យធនាគារបានកើនឡើងយ៉ាងខ្លាំងចំនួន ២៥ ភាគរយ និង ២៦ ភាគរយធៀបនឹងឆ្នាំ ២០១៨ ជាមួយនឹងកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនចំនួន ១៩,៦ ពាន់លានដុល្លារ ខណៈប្រាក់បញ្ញើផ្ទាល់ខ្លួននៅក្នុងគ្រឹះស្ថានទទួលប្រាក់បញ្ញើទាំង ៧ ចំនួន ២២ ពាន់លានដុល្លារ។
របាយការណ៍នេះបានឲ្យដឹងថា៖ «វិស័យធនាគារទទួលបានការរួមចំណែកល្អប្រសើរ និងសកម្មបំផុតក្នុងការលើកកម្ពស់ការទទួលបានសេវាហិរញ្ញវត្ថុគ្រប់គ្នាដែលគាំទ្រដល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ កម្ចីបានជំរុញការប្រើប្រាស់របស់ប្រជាជនដែលកំពុងរួមចំណែកវិជ្ជមានដល់កំណើននៃសកម្មភាពសេដ្ឋកិច្ច។ ប៉ុន្តែប្រសិនបើអតិថិជនមិនប្រើប្រាស់កម្ចីប្រកបដោយប្រសិទ្ធភាពជាមួយនឹងទិសដៅត្រឹមត្រូវនោះ កំណើនប្រាក់កម្ចីនឹងធ្វើឲ្យមានហានិភ័យដល់វិស័យហិរញ្ញវត្ថុជាមិនខាន»។
NBC បានពន្យល់ថាកំណើនកម្ចីកំពុងកើនឡើងបន្ទាប់ពីវាកំពុងបង្កើនល្បឿនក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ (ឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៥) ជាមួយនឹងកំណើន ៣០ ភាគរយ។
របាយការណ៍បន្ថែមថា៖ «ការស្ទុះងើបឡើងវិញនៃកំណើនកម្ចីដែលបានគាំទ្រភាគច្រើនដោយកម្ចីនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន និងកម្ចីពាណិជ្ជកម្ម ដោយសារការកើនឡើងប្រាក់ចំណូលរបស់ប្រជាជន តម្រូវការ និងការធ្វើពិពិធកម្មសេវាហិរញ្ញវត្ថុ ខណៈកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនកំពុងកើនឡើងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចជា កម្ចីទិញផ្ទះ»។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីបានរាយការណ៍ថា ផលបត្រកម្ចីបានកើនឡើង ៧ ភាគរយ និងប្រាក់បញ្ញើបានកើនឡើង ១២ ភាគរយដែលធ្វើឲ្យមានកំណើនប្រាក់ចំណូលដ៏រឹងមាំប្រហែល ៤០ ភាគរយ។
លោកបានថ្លែងថា៖ «ខ្ញុំមានរបាយការណ៍កំណើនប្រកបដោយភាពល្អប្រសើររបស់ ACLEDA Bank Plc សម្រាប់ឆ្នាំ ២០១៩ នៃផលបត្រកម្ចី ៧ ភាគរយ និងប្រាក់បញ្ញើ ១២ ភាគរយជាមួយនឹងកម្ចីមិនដំណើរការប្រហែល ១,២ ភាគរយ និងកំណើនប្រាក់ចំណូលប្រហែល ៤០ ភាគរយធៀបនឹងឆ្នាំ ២០១៨»។
លោកបន្តថា៖ «ទាំងនេះនឹងត្រួសត្រាយផ្លូវ និងបង្កើតមូលដ្ឋានដ៏រឹងមាំសម្រាប់កំណើនឆ្នាំ ២០២០ ព្រមទាំងការជម្នះលើបញ្ហាប្រឈមនៅឆ្នាំ ២០២០ ផងដែរ»។
មូលនិធិរូបិយវត្ថុអន្តរជាតិកាលពីចុងខែធ្នូក៏បានចង្អុលបង្ហាញប្រាក់ចំណេញរបស់វិស័យហិរញ្ញវត្ថុនៅកម្ពុជាដែលនៅតែទទួលបានកំណើនដ៏រឹងមាំ ប៉ុន្តែវិស័យនេះនៅតែប្រឈមនឹងហានិភ័យដោយសារតែកំណើនខ្ពស់៕LA