
អគារធនាគារជាតិនៃកម្ពុជាដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ។ ហុង មិនា
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) បានស្នើសុំធ្វើកិច្ចសហការជាសម្ងាត់ពីអគ្គស្នងការនគរបាលជាតិដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុនផ្តល់កម្ចីជាង ២០ ដោយបញ្ជាក់ថាពួកគេកំពុងផ្តល់សេវាប្រាក់កម្ចីខុសច្បាប់។ នេះបើតាមលិខិត NBC ផ្ញើទៅអគ្គស្នងការនគរបាលជាតិដែលភ្នំពេញ ប៉ុស្តិ៍ ទទួលបានកាលពីថ្ងៃម្សិលមិញ។
លិខិត NBC ដែលមានហត្ថលេខាទេសាភិបាល លោក ជា ចាន់តូ ដែលធ្វើឡើងនៅថ្ងៃទី ៣ ខែកក្កដាក៏បានភ្ជាប់នូវបញ្ជីរាយនាមក្រុមហ៊ុនផ្តល់កម្ចីទាំងជាង ២០ រួមទាំងលេខទូរស័ព្ទទំនាក់ទំនងផងដែរដោយបានបញ្ជាក់ថា សុទ្ធសឹងតែមិនបានទទួលការអនុញ្ញាតឲ្យផ្តល់សេវាកម្ចីពី NBC។
លោក ជា ចាន់តូ បានរៀបរាប់នៅក្នុងលិខិតនោះថា កម្ចីពីក្រុមហ៊ុនទាំងនោះមានហានិភ័យខ្ពស់ ហើយអាចបង្កជាបញ្ហាធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។
លោកបានបញ្ជាក់ថា៖ «ដើម្បីការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងទប់ស្កាត់ប្រតិបត្តិការរបស់ក្រុមហ៊ុនខុសច្បាប់ ធនាគារជាតិនៃកម្ពុជាសូមស្នើសុំអគ្គស្នងការនគរបាលជាតិចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះក្រុមហ៊ុនផ្តល់កម្ចីទាំងឡាយ [ទាំងជាង ២០] ដែលមិនបានចុះបញ្ជី ឬទទួលអាជ្ញាប័ណ្ណពី NBC»។
ក្នុងគោលដៅដើម្បីកុំឲ្យក្រុមហ៊ុនដែលផ្តល់កម្ចីខុសច្បាប់ទាំងនោះបានដឹងខ្លួនជាមុនថាកំពុងត្រូវបានអាជ្ញាធរធ្វើការស៊ើបអង្កេត ភ្នំពេញប៉ុស្តិ៍ សូមមិនបង្ហាញអត្តសញ្ញាណក្រុមហ៊ុនផ្តល់កម្ចីល្មើសច្បាប់ទាំងនោះក្នុងអត្ថបទនេះឡើយ។ ជាការបញ្ជាក់ភាគច្រើននៃក្រុមហ៊ុនផ្តល់កម្ចីខុសច្បាប់ដែលមាននៅក្នុងបញ្ជីរបស់ NBC គឺមានដាក់ឈ្មោះបែបចិន។
យោងតាមលិខិតរបស់ NBC ក្រុមហ៊ុនទាំងនោះកំពុងផ្សព្វផ្សាយជាសាធារណៈ និងយ៉ាងសកម្មពីសេវាកម្ចីមានភាពងាយស្រួលទៅតាមមធ្យោបាយជាច្រើនរួមមាន ហ្វេសប៊ុកការផ្ញើសារតាមទូរស័ព្ទ និងការចែកនាមប័ណ្ណជាដើម។
ជាទូទៅស្ថាប័នទាំងនោះតែងអះអាងពីការផ្តល់កម្ចីរហ័ស និងមានលក្ខខណ្ឌងាយស្រួល ប៉ុន្តែអ្នកផ្តល់កម្ចីទាំងនោះមិនដែលបានផ្ដល់ព័ត៌មានប្រកបដោយតម្លាភាពដូចអ្វីដែលគ្រឹះស្ថានផ្តល់កម្ចីមានអាជ្ញាប័ណ្ណបានធ្វើនោះទេ។ ពួកគេព្យាយាមផ្សព្វផ្សាយពីសេវាកម្ចីដែលមិនតម្រូវឲ្យមានវត្ថុបញ្ចាំ និងអ្នកធានា តែមិនបានបង្ហាញអត្រាការប្រាក់ជាក់លាក់ ហើយតែងធ្វើការកេងបន្លំដោយគិតអត្រាការប្រាក់ខ្ពស់ ឬកម្រៃសេវាបន្ថែម ដែលធ្វើឲ្យអតិថិជនខាតបង់ និងធ្លាក់ក្នុងស្ថានភាពវ័ណ្ឌក។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានបញ្ជាក់កាលពីថ្ងៃចន្ទថា អគ្គស្នងការនគរបាលជាតិពិតជាបានទទួលលិខិតស្នើសុំពីធនាគារកណ្ដាលដើម្បីស្វែងរកការគាំទ្រក្នុងការអនុវត្តច្បាប់ និងបានចាត់តាំងក្រុមការងារមួយដែលធ្លាប់ធ្វើការជាមួយមន្ដ្រី NBC លើការងារប្រយុទ្ធប្រឆាំងការលាងលុយ ដើម្បីដោះស្រាយបញ្ហាខាងលើនេះ។
លោកថ្លែងថា៖ «NBC បានប្រមូលព័ត៌មានគ្រប់គ្រាន់លើបញ្ហានេះ ហើយសម្រាប់ខាងយើងវិញ យើងបានរៀបចំក្រុមការងាររួចហើយ ដើម្បីគាំទ្រក្នុងការអនុវត្តវិធានការតាមច្បាប់ប្រឆាំងនឹងករណីនេះ»។
លោកបន្ថែមថាការសម្រេចចិត្តលើការចាត់វិធានការស្របច្បាប់យ៉ាងណាលើក្រុមហ៊ុននោះនឹងអាស្រ័យលើ NBC ខណៈមន្ដ្រីនឹងត្រូវស្វែងយល់ពីសកម្មភាពល្មើសជាក់ស្តែងនៃករណីនីមួយៗ និងចាត់វិធានការផ្អែកលើច្បាប់ធនាគារ។ លោកបន្តទៀតថានគរបាលនឹងផ្ដល់ការគាំទ្រសម្រាប់ការអនុវត្តច្បាប់។
លោក យន់ សុវណ្ណា អគ្គលេខាធិការសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បាននិយាយកាលពីថ្ងៃចន្ទថា វិធានការទាំងអស់មានបំណងការពារសិទ្ធិ និងផលប្រយោជន៍របស់អតិថិជនគឺល្អ ហើយប្រតិបត្តិករទាំងអស់ត្រូវតែគោរពច្បាប់ គោរពអាជ្ញាប័ណ្ណដែលបានទទួលឲ្យបានត្រឹមត្រូវ និងការពារសិទ្ធិរបស់អតិថិជន។
លោកថ្លែងថា៖ «យើងសង្ឃឹមថាវិធានការនេះនឹងអនុវត្តប្រកបដោយប្រសិទ្ធភាព ហើយអ្នកដែលមិនមានអាជ្ញាប័ណ្ណនឹងត្រូវប្រឈមផ្លូវច្បាប់»។
លោកបន្ថែមថា NBC និង CMA បានធ្វើសេចក្ដីប្រកាស ដើម្បីផ្ដល់វិធានការសម្រាប់ប្រជាជនក្នុងការផ្ទៀងផ្ទាត់បញ្ជីប្រតិបត្តិករហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់នៅក្រុមហ៊ុន Emerging Markets Consulting (EMC) ស្វាគមន៍សេចក្ដីសម្រេចរបស់ NBC ក្នុងការស្វែងរកការគាំទ្រពីស្ថាប័នអនុវត្តច្បាប់ ដូចជានគរបាលជាតិដោយថ្លែងថា វាបង្ហាញពីការទទួលខុសត្រូវរបស់ធនាគារកណ្ដាលក្នុងការបង្ការកុំឲ្យបញ្ហាអាក្រក់កើតឡើងនៅក្នុងវិស័យហិរញ្ញវត្ថុ។
លោកថ្លែងថា៖ «នេះជាវិធានការដ៏ត្រឹមត្រូវ និងធ្វើឡើងក្នុងពេលដ៏ត្រឹមត្រូវ ក្នុងការបង្ការបញ្ហាដែលអាចគំរាមកំហែងដល់ស្ថិរភាពរបស់ឧស្សាហកម្មហិរញ្ញវត្ថុរបស់ប្រទេសនេះ»។
លោកបន្តថា៖ «តាមលទ្ធផលដែលយើងធ្លាប់ឃើញពីមុនៗក្នុងការប្រឆាំងនឹងសកម្មភាពខុសច្បាប់នៅក្នុងវិស័យហិរញ្ញវត្ថុ យើងសង្ឃឹមថាវិធានការថ្មីនេះនឹងមានប្រសិទ្ធភាព ហើយនឹងអាចដោះស្រាយបញ្ហានេះបានដោយជោគជ័យ»៕LA