ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា (NBC) ជាថ្មី​ម្តង​ទៀត​បាន​រំឭក​ដល់​គ្រឹះស្ថាន​ផ្តល់​កម្ចី​ពី​ការហាមឃាត់​ការទទួល​យក​អត្តសញ្ញាណប័ណ្ណ ឬ​សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់នៅ​សម្រាប់​ជា​ការ​ធានា​លើ​ការផ្តល់​ឥណទាន​។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​កាលពី​ថ្ងៃ​ម្សិលមិញ​។

ក្នុង​សេចក្តី​ប្រកាស NBC បាន​ក្រើនរំឭក​ជាថ្មី​ម្តង​ទៀត​ថា គ្រឹះស្ថាន​ទាំងអស់​ត្រូវ​យក​ចិត្ត​ទុកដាក់​អនុវត្ត​តាម​ខ្លឹមសារ​​នៃ​សេចក្តី​ជូន​ដំណឹង​របស់ NBC ចុះ​ថ្ងៃទី​ ១១ ខែ​មីនា ឆ្នាំ​ ២០១៦ ឲ្យ​បាន​ពេញលេញ និង​ម៉ឺងម៉ាត់​បំផុត​។

NBC បាន​ព្រមាន​ចាត់​វិធានការ​ក្នុង​ករណី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​ណា​នៅ​តែ​បន្ត​សកម្មភាព និង​មិន​យក​ចិត្តទុកដាក់​អនុវត្ត​តាម​សេចក្តី​ជូន​ដំណឹង​នេះ​ដោយ​នឹង​ត្រូវ​ទទួលរង​ទណ្ឌកម្ម​ខាង​វិន័យ​ធ្ងន់ធ្ងរ​រហូត​ដល់​ការដកហូត​អាជ្ញាប័ណ្ណ​អាជីវកម្ម​។

គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃទី​ ១៦ កក្កដា​ក៏​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ឲ្យ​ប្រធាន​ក្រុម​ការងារ និង​ប្រធាន​គណៈកម្មាធិការ​គណបក្ស​រាជធានី-ខេត្ត ស្រាវជ្រាវ​ឲ្យ​ឃើញ​នូវ​ប្រជាពលរដ្ឋ​ដែល​យក​ឯកសារ​ទាំងនេះ​ទៅ​ដាក់​ជា​វត្ថុបញ្ចាំ​ហើយ​ជួយ​ឲ្យ​សម្រួល​ដើម្បី​ស្នើសុំ អត្តសញ្ញាណប័ណ្ណ ឬ​សៀវភៅ​គ្រួសារ​ពី​ម្ចាស់​បំណុល​ឲ្យ​ប្រជាពលរដ្ឋ​មក​ប្រើប្រាស់​ក្នុង​ការ​បោះឆ្នោត​សិន​។

សេចក្តី​ជូន​ដំណឹង​បន្ត​ថា​កន្លង​មក​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​យក​អត្តសញ្ញាណប័ណ្ណ​ទៅ​ដាក់បញ្ចាំ​ដើម្បី​សុំ​ខ្ចីប្រាក់​ពី​ម្ចាស់​បំណុល ឬ​ពី​មីក្រូហិរញ្ញវត្ថុ​ជា​ហេតុ​ធ្វើឲ្យ​គាត់​ពុំ​មាន​អត្តសញ្ញាណប័ណ្ណ​សម្រាប់​ប្រើ​ពេល​ទៅ​បោះឆ្នោត​ខាង​មុខ​៕LA