ភ្នំពេញៈ ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​នៅ​កម្ពុជា​មាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស ស្របតាម​ការវិវត្ត​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​បានរួម​ចំណែក​យ៉ាងច្រើន​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ពិសេស​ការទូទាត់​ឌីជីថល​ក្នុង​បរិបទ​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩។ នេះ​បើតាម​របាយការណ៍​ប្រចាំឆ្នាំ ២០២០ ស្តីពី​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​នៅ​កម្ពុជា។

របាយការណ៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​នេះ​បាន​ផ្សាយ​កាលពី​ថ្ងៃទី ១១ ឲ្យ​ដឹងថា ប្រព័ន្ធ​ទូទាត់​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​តាមរយៈ​ការផ្តល់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព​សម្រាប់​សម្រួល​ដល់​ប្រតិបត្តិការ​ផ្ទេរប្រាក់​ទូទាត់​ក្នុង​សកម្មភាព​ទិញ​លក់ទំនិញ​ និង​សេវា​ និង​ការជួញដូរ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ។

របាយការណ៍​បង្ហាញថា៖ «ប្រព័ន្ធ​ទូទាត់​បាន​ផ្តល់នូវ​មធ្យោបាយ​ងាយស្រួល សុវត្ថិភាព រហ័ស និង​មាន​កម្រៃ​សមរម្យ​សម្រាប់​ផ្ទេរ​មូលនិធិ​ជា​អេឡិចត្រូនិក​ក្នុងចំណោម​ភ្នាក់ងារ​សេដ្ឋកិច្ច​ដែល​បាន​រួម​ចំណែក​ឱ្យ​ដំណើរការ​ផ្គត់ផ្គង់​រូបិយវត្ថុ​របស់​ធនាគារ​កណ្តាល​កាន់តែ​មាន​ប្រសិទ្ធភាព។

NBC បញ្ជាក់ថា តាមរយៈ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ទូទាត់​ធនាគារកណ្តាល​អាច​អនុវត្ត​ប្រតិបត្តិការ​ទីផ្សារ​ចំហ ដែល​ជា​ឧបករណ៍​គោលនយោបាយ​រូបិយវត្ថុ​ចម្បង​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច និង​អាច​តាមដាន​មើល​ពី​ស្ថានភាព​សន្ទនីយភាព​របស់​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​បាន​រហ័ស​ដែលជា​ផ្នែក​មួយ​ក្នុង​ការរួមចំណែក​ធានា​ស្ថិរភាព​ហិរញ្ញវត្ថុ​ផងដែរ។

NBC ឲ្យ​ដឹង​ទៀតថា៖ «ប្រព័ន្ធ​ទូទាត់​ក៏​បាន​រួមចំណែក​យ៉ាងច្រើន​ក្នុង​ការលើកកម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា ហិរញ្ញវត្ថុ​ក្នុង​ការអភិវឌ្ឍ​សេវា​ និង​ឧបករណ៍​ទូទាត់​ថ្មីៗ ដែល​​មាន​កម្រៃ​ទាប និង​បង្កើន​លទ្ធភាព ពង្រីក​បណ្តាញ​ផ្តល់​សេវា​ទូទាត់​ឱ្យ​កាន់តែ​ទូលំទូលាយ ដែល​អនុញ្ញាត​ឱ្យ​ប្រជាជន​នៅតាម​ទីជនបទ​ចូលរួម​ប្រើប្រាស់​សេវា​ទូទាត់​តាមរយៈ​បណ្តាញ​ផ្លូវការ»។

ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​អេឡិចត្រូនិក «បាគង» ត្រូវបាន NBC ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ខែតុលា ឆ្នាំ ២០២០ គឺជា​ប្រព័ន្ធ​មួយ​បាន​អនុញ្ញាត​ឱ្យ​មាន​ការទូទាត់​ជា​អន្តរធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។

ប្រព័ន្ធ​បាគង​គឺ​ប្រព័ន្ធ​ទូទាត់​មួយ​ក្នុង​ចំណោម​ប្រព័ន្ធ​ខេមបូឌានសែស្វិច និង​ប្រព័ន្ធ​រីថែលផេ និង​ប្រព័ន្ធ​ផាត់ទាត់​ជាតិ ជាដើម បាននិង​កំពុង​ជំរុញ​ការទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​សុវត្ថិភាព ប្រសិទ្ធភាព កាត់បន្ថយ​ចំណាយ​ប្រតិបត្តិការ និង​ជំរុញ​បរិយាប័ន្ន​ហិរញ្ញវត្ថុ។

ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ក្នុង​ការអភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​ ដើម្បី​ជំរុញ​ការប្រើប្រាស់​ការទូទាត់​ជា​អេឡិចត្រូនិក​តាមរយៈ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាត់ ការរៀបចំ​បទប្បញ្ញត្តិ និង​ការធ្វើ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាត់​របស់ខ្លួន។

របាយការណ៍ NBC បង្ហាញថា ការទូទាត់​តាមរយៈ​ប្រព័ន្ធ​សេវា​ទូទាត់​រហ័ស​ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២០ មាន​ចំនួន ២១ ៣៦៣ ប្រតិបត្តិការ កើនឡើង ៣៧៣,៦៨ ភាគរយ ធៀប​នឹង​ឆមាស​ទី ១ ឆ្នាំ ២០១៩។

របាយការណ៍​ឲ្យ​ដឹង​ទៀតថា ប្រតិបត្តិ​ការមូលប្បទានបត្រ​នៅក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២០ មាន​ចំនួន ៦២៥ ៤៧៦ ថយចុះ ៥,៩២ ភាគរយ និង​ប្រតិបត្តិការ​តាមរយៈ​ការផ្ទេរ​ឥណទាន​មាន​ចំនួន ១៤៤ ៤៦៤ កើនឡើង ២៥,៤៧ ភាគរយ ធៀប​នឹង​ឆមាស​ទី ១ ឆ្នាំ២០១៩។

លោក សាយ សូនី ប្រធាន​ប្រតិបត្តិការ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់ បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពី​ខែ​មុន​ថា បច្ចុប្បន្ន​អតិថិជន​របស់លោក​អាច​ប្រើប្រាស់​កម្មវិធី Prasac Mobile និង​កម្មវិធី​ធនាគារ​អ៊ីនធឺណិត ដើម្បី​ធ្វើ​ប្រតិបត្តិការ​គ្មាន​សាច់ប្រាក់​ប្រចាំថ្ងៃ ដូចជា​ការផ្ទេរ​ប្រាក់ ការទូទាត់​វិក្កយបត្រ​នានា ព្រមទាំង​ការសង​ប្រាក់កម្ចី​របស់​ពួកគេ។ សម្រាប់​ប្រតិបត្តិការ​គ្មាន​សាច់ប្រាក់ គឺ​ពួកគេ​អាចមក​ការិយាល័យ ឬ​សេវា​បម្រើ​ផ្ទាល់ខ្លួន​នៅ​បញ្ឈរ​ម៉ាស៊ីន​អេធីអឹម​នៅ​ទូទាំង​ប្រទេស។

លោក​ថ្លែងថា៖ «លើសពីនោះ យើង​ក៏​ជា​សមាជិក​របស់​ប្រព័ន្ធ​បាគង Retail Pay និង​ប្រព័ន្ធ CSS របស់​ធនាគារជាតិ ដូច្នេះ​អតិថិជន​អាចធ្វើ​ប្រតិបត្តិការ​តាម​ធនាគារ ឬ​ប្រតិបត្តិការ​អន្តរធនាគារ​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារ​ជាង ២០ ទៀត»។

បើ​យោងតាម​របាយការណ៍​ប្រចាំឆ្នាំ ២០២០ របស់​ធនាគារជាតិ​នៃ​កម្ពុជា ទ្រព្យសកម្ម​សរុប​នៅក្នុង​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ (MFIs) របស់​ប្រទេស​កម្ពុជា​បាន​កើនឡើង​ដល់ ៥៩,៤ ពាន់​លាន​ដុល្លារ​កាលពី​ចុង​ឆ្នាំមុន កើនឡើង ១៥,៧ ភាគរយ​ធៀប​នឹង​ចុងឆ្នាំ ២០១៩។

កម្ចី​នៅក្នុង​ធនាគារ និង MFIs បាន​កើនឡើង ១៤,៨ ភាគរយ​ដល់ ៣៧,៣ ពាន់​លាន​ដុល្លារ​ត្រឹម​ចុង​ឆ្នាំមុន ខណៈ​ដែល​ប្រាក់​បញ្ញើ​បាន​កើនឡើង ១៥,៤ ភាគរយ​ដល់ ៣៣,៨ ពាន់​លាន​ដុល្លារ៕