
មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (NCAC)។
ភ្នំពេញៈ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (NCAC) ដែលជាកន្លែងដោះស្រាយវិវាទពាណិជ្ជកម្មតាមរយៈការផ្សះផ្សារបស់អជ្ញាកណ្តាលបានទទួលសំណុំរឿងវិវាទ ៤ បន្ថែមទៀតនៅឆ្នាំ ២០១៨ (គិតត្រឹមថ្ងៃអង្គារ) ដែលធ្វើឲ្យចំនួនរឿងក្តីសរុបកើនដល់ ១១ ករណី គិតមកទល់ពេលនេះ។ នេះបើតាមតំណាង NCAC។
NCAC បានបង្កើតឡើងជាផ្លូវការកាលពីឆ្នាំ ២០១៣ តែដោយសារកង្វះធនធានមួយចំនួនមជ្ឈមណ្ឌលនេះត្រូវរង់ចាំរហូតដល់ដើមឆ្នាំ ២០១៤ ទើបអាចរួចរាល់ក្នុងការទទួលរឿងក្តីដើម្បីដោះស្រាយ។ មកទល់ពេលនេះតួនាទីរបស់ NCAC នៅមិនទាន់ត្រូវបានក្រុមពាណិជ្ជករ និងភាគីពាក់ព័ន្ធបានយល់ដឹងទូលំទូលាយនៅឡើយ។
លោក ស៊ុយ សុធី អគ្គលេខាធិការ NCAC បានឲ្យដឹងថាក្នុងចំណោមសំណុំរឿងវិវាទ ១១ ករណីនេះ NCAC បានដោះស្រាយដោយជោគជ័យ ៤ ករណី។ ករណីដែលនៅសល់ស្ថិតក្រោមដំណើរការនីតិវិធី។
លោកបន្ថែមថា ភាគីវិវាទបានបង្ហាញការយកចិត្តទុកដាក់លើការប្រើប្រាស់ សេវារបស់ NCAC ដោយសារតែពួកគេយល់ឃើញថាវាមានតម្លៃទាប និងត្រូវការរយៈពេលខ្លីជាងការដោះស្រាយបញ្ហាតាមរយៈនីតិវិធីតុលាការ។
លោកថ្លែងថា៖ «ខ្ញុំជឿជាក់ថាចាប់ពីពេលនេះតទៅមជ្ឈមណ្ឌលនេះនឹងទទួលករណីវិវាទកាន់តែច្រើនដើម្បីដោះស្រាយ ដោយសារតែក្រុមហ៊ុនកាន់តែច្រើន និងអ្នកជំនាញខាងច្បាប់បង្ហាញចំណាប់អារម្មណ៍លើមជ្ឈមណ្ឌលរបស់យើងខ្លាំងជាងពីមុន»។
លោកបន្ថែមថា មានពាណិជ្ជករ និងមេធាវីចូលមកមជ្ឈមណ្ឌលនេះកាន់តែច្រើនដើម្បីស្វែងរកព័ត៌មាន និងស្វែងយល់ពីនីតិវិធី។
យោងតាមលោក សុធី ភាគច្រើននៃករណីវិវាទដែលត្រូវបានដាក់ជូន NCAC គឺជាបញ្ហាពាណិជ្ជកម្មជាប់ទាក់ទងនឹងកិច្ចសន្យាសម្រាប់ការជួល និងការលក់អចលនទ្រព្យ។
ខណៈតម្លៃសរុបលើករណីវិវាទនេះគឺខុសគ្នាពីករណីមួយទៅករណីផ្សេងទៀតលោក សុធី ថ្លែងថាភាគីវិវាទនឹងត្រូវការចំណាយលើការកំណត់ ការចំណាយ ដូចជា កម្រៃចុះបញ្ជីសំណុំរឿង កម្រៃរដ្ឋបាល កម្រៃសេវាវេទិកាមជ្ឈត្តកម្ម កម្រៃលើសេវាមជ្ឈត្តករ និងកម្រៃផ្សេងៗទៀត៕ LA