
អគារការិយាល័យរបស់ NCAC ដែលផ្តល់ឲ្យប្រើប្រាស់ដោយក្រសួងពាណិជ្ជកម្ម។ ផា លីណា
ភ្នំពេញៈ ប្រធានមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (NCAC) នឹងដាក់សំណើទៅក្រសួងពាណិជ្ជកម្ម ដើម្បីសុំការយោគយល់ផ្តល់ទីតាំងអគារការិយាល័យដោយមិនគិតថ្លៃបន្តទៀត ដោយបញ្ជាក់ថា ប្រតិបត្តិការបច្ចុប្បន្នរបស់ខ្លួន មិនអាចឲ្យមជ្ឈមណ្ឌលនេះរ៉ាប់រងលើថ្លៃជួលអគារការិយាល័យបានដោយខ្លួនឯងនៅឡើយទេ។
NCAC គឺជាស្ថាប័នឯករាជ្យដែលបង្កើតឡើងដើម្បីដោះស្រាយវិវាទផ្នែកពាណិជ្ជកម្មតាមរយៈការផ្សះផ្សារបស់អាជ្ញារកណ្តាលដែលមានជំនាញផ្នែកច្បាប់ និងពាណិជ្ជកម្ម។ ដើម្បីដំណើរការមជ្ឈមណ្ឌលនេះ ដំបូងឡើយ ក្រសួងពាណិជ្ជកម្មបានសម្រេចផ្តល់អគារការិយាល័យដែលជាអតីតនាយកដ្ឋានមួយរបស់ក្រសួង ដែលមានទីតាំងនៅជិតផ្សារកណ្តាលសម្រាប់រយៈពេល៣ឆ្នាំ គឺពីឆ្នាំ២០១៥ ដល់ ២០១៧ ទៅឲ្យ NCAC ប្រើប្រាស់ធ្វើជាការិយាល័យសម្រាប់ប្រតិបត្តិការដោយមិនគិតថ្លៃ។
ខណៈពេលដែលពេលវេលាអនុគ្រោះនេះបានបញ្ចប់ លោក រស់ មុនិន្ទៈ ប្រធាន NCAC បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា NCAC ត្រូវការជំនួយផ្នែកអគារការិយាល័យនេះទៀតជាចាំបាច់ ហើយលោកបានលើកឡើងថា លោកនឹងដាក់សំណើទៅក្រសួងនៅថ្ងៃនេះដើម្បីសុំបន្តរយៈពេលផ្តល់ការអនុគ្រោះនេះទៀត។
លោកបន្តថា៖ «កម្រៃសេវាដែលយើងទទួលបានពីការដោះស្រាយវិវាទមានតិចតួចណាស់ដែលមិនទាន់មានលទ្ធភាពក្នុងការចំណាយថ្លៃអគារបានដោយខ្លួនឯងនៅឡើយទេ»។ លោកបញ្ជាក់ថា NCAC ទើបទទួលបានរឿងវិវាទតិចតួចប៉ុណ្ណោះដើម្បីដោះស្រាយ ហើយលោករំពឹងថាក្រសួងនឹងបន្តការគាំទ្រក្នុងការផ្តល់អគារការិយាល័យនេះបន្តទៀត។
លោកបន្ថែមថា៖ «នៅពេលប្រតិបត្តិការរបស់យើងកាន់តែសកម្មនាថ្ងៃខាងមុខដោយមានសំណុំរឿងកាន់តែច្រើនដើម្បីដោះស្រាយ យើងរំពឹងថានឹងអាចរ៉ាប់រងថ្លៃចំណាយដោយខ្លួនឯងបាន»។
យោងតាមលោក មុនិន្ទៈ គិតមកទល់ពេលនេះ NCAC ទទួលបានវិវាទផ្នែកពាណិជ្ជកម្មសរុបចំនួន ៥ ដើម្បីផ្សះផ្សា ដែលក្នុងនោះមាន១ករណីត្រូវច្រានចោលទៅវិញដោយសារមិនមានលក្ខខណ្ឌគ្រប់គ្រាន់។ ក្នុងចំណោមនោះ NCAC បានដោះស្រាយវិវាទបានជោគជ័យ ២ ករណី ខណៈ ២ករណី ផ្សេងទៀតកំពុងដំណើរការដោះស្រាយ។
រាល់ករណីវិវាទនីមួយៗ ភាគីវិវាទត្រូវបង់ថ្លៃសេវាដោះស្រាយដល់អាជ្ញាកណ្តាល (អាស្រ័យលើទំហំវិវាទ) ថ្លៃរដ្ឋបាលរបស់ NCAC និងថ្លៃចុះបញ្ជីសំណុំរឿងមួយ ២៥០ ដុល្លារ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) បានថ្លែងកាលពីម្សិលមិញថា ការដែលឲ្យ NCAC នៅតែមានប្រតិបត្តិការមានប្រយោជន៍យ៉ាងខ្លាំង ដោយសារតែវាផ្ដល់ជម្រើសក្នុងការដោះស្រាយជម្លោះសម្រាប់ធុរកិច្ច។ បើគ្មាន NCAC ដំណើរការទេ ការចរចាគឺជាជំហានដំបូង ដែលជាធម្មតាក្រុមហ៊ុនត្រូវធ្វើដើម្បីដោះស្រាយជម្លោះ។
លោកបន្ថែមថា ក្រុមហ៊ុនចាប់ផ្ដើមយល់ដឹងពីអត្ថប្រយោជន៍នៃការមាន NCAC ដោយសារតែពួកគេដាក់ ខ ក្នុងកិច្ចព្រមព្រៀងរបស់ពួកគេ ដោយចែងថា នៅពេលពួកគេកើតមានជម្លោះណាមួយ ពួកគេនឹងយល់ព្រមក្នុងការនាំយកករណីនោះទៅដោះស្រាយនៅ NCAC។
លោកថ្លែងថា៖«ម្ចាស់ក្រុមហ៊ុនជាច្រើនគិតថា ប្រព័ន្ធច្បាប់ចំណាយពេលច្រើន និងចំណាយខ្ពស់»។ លោកបន្តថា៖ «ខ្ញុំសង្ឃឹម និងជឿជាក់ថា ក្រសួងនឹងផ្ដល់ការគាំទ្របន្ថែមទៀតដើម្បីរក្សាប្រតិបត្តិការរបស់មជ្ឈមណ្ឌលនេះ»។
លោក សៀង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងកាលពីម្សិលមិញថា ក្រសួងមិនទាន់បានទទួលសំណើពី NCAC នៅឡើយទេ ប៉ុន្តែនឹងពិចារណា បន្ទាប់ពីទទួលសំណើនេះ។
លោកបានបន្តថា ក្រសួងបានគាំទ្រដល់ប្រតិបត្តិការរបស់ NCAC ចាប់ពីឆ្នាំ២០០៦ និងទទួលស្គាល់អត្ថប្រយោជន៍នៃការមានដំណើរការរបស់មជ្ឈមណ្ឌលនេះ។
លោកថ្លែងថា៖«មានតែរដ្ឋមន្ដ្រីប៉ុណ្ណោះអាចធ្វើការសម្រេចចិត្តបាន។ ការឲ្យ NCAC នៅប្រតិបត្តិការដោយស្ថិរភាពគឺជាទិសដៅរបស់យើង»៕ LA