
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ហេង ជីវ័ន
ភ្នំពេញៈ ក្រុមហ៊ុន Negocia Ventures របស់កម្ពុជាបានបង្ហាញផែនការអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងវិស័យអាកាសចរណ៍តាមរយៈការផ្ដល់ការបណ្ដុះបណ្ដាលអ្នកបើកបរយន្តហោះ ខណៈក្រុមហ៊ុនអាកាសចរណ៍ថ្មីៗ កំពុងកើនឡើង។ នេះបើយោងតាមស្ថាបនិករបស់ក្រុមហ៊ុននេះបានឲ្យដឹងកាលពីម្សិលមិញ។
ក្រុមហ៊ុន Negocia Ventures កាលពីសប្ដាហ៍មុនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) មួយជាមួយក្រុមហ៊ុន Alpha Aviation Group ដែលជាក្រុមហ៊ុនផ្ដល់ការបណ្ដុះបណ្ដាលអ្នកបើកបរយន្តហោះមានមូលដ្ឋាននៅហ្វីលីពីន ដើម្បីអភិវឌ្ឍផែនការបង្កើតសាលាបណ្ដុះបណ្ដាលជំនាញហោះហើរកម្ពុជា និងការបណ្ដុះបណ្ដាលអ្នកបើកបរយន្តហោះនៅកម្ពុជា។
លោក Thierry Tea ប្រធាននិងជាអគ្គនាយកក្រុមហ៊ុន Negocia Ventures បានឲ្យដឹងកាលពីម្សិលមិញថា ភាពជាដៃគូនេះត្រូវបានបង្កើតឡើងនៅពេលដែលចំនួនក្រុមហ៊ុនអាកាសចរណ៍ថ្មីៗបានកើនឡើង ក្នុងប្រទេស កម្ពុជា ដោយមានការ បង្កើនចំនួនយន្តហោះ Airbus A320 ក្នុងការធ្វើប្រតិបត្តិការ។
លោកបន្ថែមថាយន្តហោះទាំង នេះនឹងតម្រូវឲ្យមានអ្នកបើកបរថ្មីច្រើន ដូច្នេះក្រុមហ៊ុនរបស់លោក និងក្រុមហ៊ុន Alpha Aviation Group មានបំណងបង្កើតសាលាបណ្ដុះបណ្ដាលអ្នកបើកបរមួយនៅកម្ពុជា ដើម្បីគាំទ្រក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក តាមរយៈការបណ្ដុះបណ្ដាលប្រជាជនកម្ពុជា។
ដោយទទួលស្គាល់ថា ទំហំទីផ្សារនៅតែតូច ខណៈដែលការវិនិយោគសាលាបណ្ដុះបណ្ដាលអ្នកបើកបរយន្តហោះត្រូវការការវិនិយោគធំនោះ លោក Thierry ដែលជាជនជាតិកម្ពុជាកើតនៅប្រទេស បារាំង ដែលមានបទពិសោធជាង ១០ ឆ្នាំក្នុងនាមជាអគ្គនាយកក្រុមហ៊ុន Airbus Helicopter Philippines បានឲ្យដឹងថា លោកស្វែងរកការវិនិយោគរយៈពេលវែង។
លោកថ្លែងថា៖ «យើងចង់ធ្វើការងារជាមួយយុវជនកម្ពុជា។ យើងជឿជាក់ថា អ្នកបើកបរយន្តហោះកម្ពុជា អាចបើកយន្តហោះនៅបរទេសបាន បន្ទាប់ពីពួកគេក្លាយជាអ្នកបើកបរយន្តហោះ»។
លោកបន្តថា៖ «ខ្ញុំជឿជាក់ថា ក្នុងរយៈពេលពី ១០ ទៅ ២០ ឆ្នាំក្រោយ វាគួរតែមានអ្នកបើកបរយន្តហោះជាជនជាតិកម្ពុជានៅក្នុងប្រទេស កម្ពុជា ហើយនៅពេលនោះ អ្នកបើកបរយន្តហោះកម្ពុជា អាចទៅធ្វើការងារនៅបរទេសដូចជាមជ្ឈិមបូព៌ា ឬអាស៊ីអាគ្នេយ៍ផងដែរ»។
លោក Thierry បដិសេធផ្ដល់ព័ត៌មានលម្អិតបន្ថែមអំពីគម្រោងបណ្ដុះបណ្ដាលអ្នកបើកបរយន្តហោះនេះ ដោយថ្លែងថា វាជាព័ត៌មានសម្ងាត់។
ទោះបីជាទិសដៅចម្បងគឺដើម្បីបង្កើតសាលាបណ្ដុះបណ្ដាលនៅកម្ពុជាក្នុងពេលអនាគតក្តី ក៏លោក Thierry បានបន្ថែមថា គម្រោងនេះនឹងចាប់ផ្ដើមពីការងារតូចៗ ដូចជាការបង្កើតការិយាល័យតំណាងសម្រាប់ក្រុមហ៊ុន Alpha Aviation Group នៅកម្ពុជា និងបញ្ជូននិស្សិតទៅបណ្ដុះបណ្ដាលនៅប្រទេស ហ្វីលីពីន។
សាលាបណ្ដុះបណ្ដាលជំនាញហោះហើរថ្មីនេះ នឹងស្ថិតក្រោមការត្រួតពិនិត្យរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA)។
លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យ SSCA ស្វាគមន៍ព័ត៌មានស្ដីពីផែនការអភិវឌ្ឍន៍មជ្ឈមណ្ឌលបណ្ដុះបណ្ដាលអ្នកបើកយន្តហោះនេះ ប៉ុន្តែលោកឲ្យដឹងថា នឹងមានបញ្ហាប្រឈមធំមួយ ដោយសារតែទំហំទីផ្សារនៅតូច ខណៈដែលការវិនិយោគត្រូវការមូលនិធិច្រើន។
លោកថ្លែងថា៖ «រយៈពេល ២-៣ ឆ្នាំកន្លងមក មានវិនិយោគិនចូលមកស្វែងរកឱកាសពាណិជ្ជកម្មសម្រាប់សាលាបណ្ដុះបណ្ដាលអ្នកបើកបរយន្តហោះនៅកម្ពុជា ប៉ុន្តែបន្ទាប់ពីបញ្ចប់ការសិក្សាពី លទ្ធភាព គម្រោងនេះមិនបានកើតឡើងទេ ដោយសារតែទំហំទីផ្សារតូច»។ លោកបន្តថា៖ «វាជាការវិនិយោគដែលត្រូវការដើមទុនច្រើន ខណៈចំនួនសិស្សនៅមានកម្រិតនៅឡើយ»។
យោងតាមលោក ចាន់សិរីវុត្ថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចុះបញ្ជីក្នុងស្រុកចំនួន ៩ នៅកម្ពុជា ដោយប្រើប្រាស់យន្តហោះប្រហែល ២០ គ្រឿង ប៉ុន្តែមានអ្នកបើកបរយន្តហោះជនជាតិកម្ពុជាប្រហែល ១២ នាក់ប៉ុណ្ណោះ។
រហូតមកដល់ពេលនេះ កម្ពុជាមានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលមួយសម្រាប់វិស័យអាកាសចរណ៍ដែលមានទីតាំងក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ មជ្ឈមណ្ឌលនេះត្រូវបាន កសាងឡើងក្រោមការវិនិយោគ ១០,១ លានដុល្លារដែលផ្ដល់មូលនិធិ និងគ្រប់គ្រងដោយទីភ្នាក់ងារកូរ៉េ KOICA។
វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងសម្រាប់សន្ដិសុខព្រលានយន្តហោះ សេវាបញ្ជាឧបករណ៍វិទ្យុនាំផ្លូវ អ្នកគ្រប់គ្រងការធ្វើចរាចរណ៍ផ្លូវអាកាស និងការគ្រប់គ្រងព្រលាន យន្តហោះប៉ុណ្ណោះ ប៉ុន្តែមិនមែន សម្រាប់ការបណ្ដុះបណ្ដាលអ្នកបើកបរយន្តហោះទេ៕ LA