ភ្នំពេញៈ មូលនិធិ ​Pioneer ​Facility របស់​ក្រុមហ៊ុន​ Nexus ​for​ Development​ បាន​ចុះ​កិច្ច​ព្រមព្រៀង​មាន​តម្លៃ​កន្លះ​លាន​ដុល្លារ​អាមេរិក​ ជា​មួយ​ក្រុមហ៊ុន​ Khmer Water Supply Holding (KWSH ) ដើម្បី​គាំទ្រ​ដល់​លទ្ធភាព​ទទួល​បាន​ទឹក​ស្អាត​នៅ​ជនបទ​​ក្នុង​ប្រទេស ​​កម្ពុជា។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ម្សិលមិញ​។​

សេច​ក្ដី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ថា​ ​Pioneer Facility បាន​ចុះ​​កិច្ច​ព្រមព្រៀង​​​ផ្ដល់​​ហិរញ្ញប្បទាន​​កម្ចី ៥០ ម៉ឺន​ ​ដុល្លារ​ដល់​ KWSH ​ជា​សហគ្រាស​សង្គម​​មួយ ដែល​ធ្វើ​ការ​ក្នុង​ការ​បង្កើន​​លទ្ធភាព​ទទួល​បាន​ទឹក​ស្អាត​ សម្រាប់​ប្រជាជន​នៅ​តាម​ជនបទ​របស់​កម្ពុជា​។

ការ​សម្រេច​ចិត្ត​របស់​ក្រុមហ៊ុន Nexus​ ក្នុង​ការ​វិនិយោគ​ត្រូវ​បាន​ជំរុញ​ដោយ​កំណត់​ត្រា​របស់​​ក្រុមហ៊ុន​ KWSH​ ក្នុង​ការ​ផ្ដល់​ទឹក​ស្អាត​ដល់​​ប្រជាជន​ជនបទ​​កម្ពុជា ​ដែល​មាន​តែ ​៨,៥ ភាគរយ​ប៉ុណ្ណោះ​នៅ​ជនបទ​​ត្រូវ​បាន​​តភ្ជាប់​ទឹក​​ស្អាត​។

ក្រុមហ៊ុន​នេះ​បាន​ត​ភ្ជាប់​ទឹក​ស្អាត​ដល់​​គ្រួសារ​ជាង​ ១៣​ ០០០ ​រួច​ហើយ ​និង​មាន​ផែនការ​រយៈ​ពេល​វែង​ ក្នុង​ការ​ផ្គត់ផ្គង់​ទឹក​​ស្អាត​ ដល់​គ្រួសារ​ជាង ​៦០ ​០០០ ​គ្រួសារ។​

ជា​មួយ​នឹង​កិច្ច​ព្រមព្រៀង​នេះ ​The Pioneer Facility និង​​ធ្វើ​ការងារ​ជា​​មួយ​ក្រុមហ៊ុន​ KWSH​ ក្នុង​ការ​ផ្ដល់​ហិរញ្ញប្បទាន​ដោយ​ផ្ទាល់​ក្នុង​ការ​​ទិញ​ស្ថានីយ​ទឹក​ស្អាត ​២ បន្ថែម​ទៀត ជា​មួយ​នឹង​សក្ដានុពល​ការ​ត​ភ្ជាប់​រួម​ប្រហែល​ ១២ ៥​០០​ គ្រួសារ​។​

មូលនិធិ​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ ដើម្បី​សាងសង់​រោងចក្រ​ទឹក​ស្អាត ការ​ជួល​កម្មករ​ ការ​ទិញ​ប្រភព​ទឹក​ស្អាត​ និង​ការ​ទិញ​ និង​ឧបករណ៍​ដំឡើង​ ដូច​ជា ​បំពង់ទីប​បង្ហូរ​ទឹក​​។ នេះ​បើ​យោង​តាម​​សេច​ក្ដី​ប្រកាស​ព័ត៌មាន។​

លោក Shivam Tripathi​ ប្រធាន​គម្រោង​​ក្រុមហ៊ុន KWSH ​បាន​ឲ្យ​ដឹង​ថា​៖ «​ការ​វិនិយោគ​នេះ​អាច​ជួយ​គាំទ្រ​តម្រូវ​ការ​មូលធន​ចាំបាច់​របស់​យើង​ ក្នុង​ការ​ពង្រីក​សកម្មភាព​បណ្ដាញ​ទឹក​ស្អាត​របស់​យើង និង​បង្កើន​ជា​បន្ត​បន្ទាប់​​នូវ​លទ្ធភាព​ទទួល​​បាន​ទឹក​ស្អាត​តម្លៃ​ទាប និង​ទឹក​ម៉ាស៊ីន​សម្រាប់​ប្រជាជន​​កម្ពុជា​នៅ​តាម​ជនបទ​»​។​

Nexus for Development​ ធ្វើ​ការ​​ជា​មជ្ឈមណ្ឌល​សម្រាប់​ការ​តភ្ជាប់​ប្រភព​​​​មូលនិធិ ​និង​បច្ចេកវិទ្យា ដល់​សហគ្រាស​សង្គម SME​​ និង ​​NGO​ ដើម្បី​ផ្ដល់​ថាមពល​ស្អាត ​ទឹក​ស្អាត ​និង​ដំណោះ​ស្រាយ​អនាម័យ​៕LA