ភ្នំពេញៈ ខណៈ​ច្បាប់​ស្តីពី​ផលិតផល​សរីរាង្គ​ជាតិ​កំពុង​ស្ថិត​ក្នុង​សេចក្តី​ព្រាង​នៅ​ឡើយ អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​គួរ​តែ​បង្កើន​ល្បឿន​បញ្ចេញ​ច្បាប់​នេះ​ឲ្យ​បាន​ឆាប់​ដើម្បី​បង្កើន​ទំនុក​ចិត្ត​លើ​ទីផ្សារ​សរីរាង្គ និង​ការលើក​កម្ពស់​កសិករ​។

លោក តេន រ៉ា ទីប្រឹក្សា​បច្ចេកទេស​ស្ដីពី​ការជួយ​សម្រួល​ពាណិជ្ជកម្ម និង​ស្ដង់ដារ​នៅ​អង្គការ GIZ បាន​ថ្លែង​ថា​ច្បាប់​សរីរាង្គ​ជាតិ​គឺជា​គន្លឹះ​ដ៏សំខាន់​ក្នុង​ការ​បង្កើន​ទំនុកចិត្ត​លើ​ទីផ្សារ ខណៈ​ការធ្វើ​កសិកម្ម និង​ការផលិត​ដំណាំ​សរីរាង្គ​កំពុង​រីកចម្រើន​លើ​ទីផ្សារ ប៉ុន្តែ​អតិថិជន​នៅ​តែ​ស្ទាក់ស្ទើរ​អំពី​គុណភាព និង​សុវត្ថិភាព​ទំនិញ​។

លោក​បាន​ថ្លែង​ថា​៖ «​ប្រទេស​កម្ពុជា​មិន​មាន​ច្បាប់​ផលិតផល​សរីរាង្គ ដើម្បី​បញ្ជាក់​ផលិតផល​របស់​ខ្លួន​នោះ​ទេ វា​ពិបាក​ក្នុង​ការ​បង្កើន​ទំនុក​ចិត្ត​អតិថិជន​»​។

លោក​បន្ត​ថា​៖ «​គ្រប់​គ្នា​តែងតែ​អះអាង​ពី​គុណភាព និង​សុវត្ថិភាព​ស្បៀងអាហារ​របស់​ពួកគេ ប៉ុន្តែ​អតិថិជន​នៅ​តែ​មិន​មាន​ទំនុកចិត្ត​គ្រប់គ្រាន់​»​។ លោក​បន្ថែម​ថា​ក្រុមហ៊ុន​ផលិត​ផលិតផល​សរីរាង្គ​មួយ​ចំនួន​បាន​ចំណាយ​ប្រាក់​ច្រើន​សម្រាប់​ទទួល​បាន​ការបញ្ជាក់​ពី​អង្គការ​ក្រៅ​ប្រទេស​លើ​ផលិតផល​របស់​ពួកគេ​។

លោក តេន រ៉ា ថ្លែង​ថា​៖ «​ប្រសិន​បើ​យើង​មាន​ច្បាប់​សរីរាង្គ​របស់​យើង គឺ​ប្រសើរ​ជាង​ការបញ្ជាក់​ពី​ខាងក្រៅ​»​។ លោក​បន្ត​ថា​៖ «​រដ្ឋាភិបាល​គួរ​តែ​ពិចារណា​ក្នុង​ការ​បង្កើន​ល្បឿន​ច្បាប់​នេះ ដើម្បី​គ្រប់គ្រង​លើ​ផលិតផល​សរីរាង្គ ដែល​នឹង​លើក​កម្ពស់​ផលិតផល​ក្នុង​ស្រុក​ឲ្យ​កាន់តែ​ទូលំទូលាយ​»​។

លោក គៀន សុភា អនុប្រធាន នាយកដ្ឋាន​សាកវប្បកម្ម និង​ដំណាំ​រួមផ្សំ​នៅ​ក្រសួង​កសិកម្ម​បាន​ថ្លែង​ថា​សេចក្តី​ព្រាង​ច្បាប់​ដែល​មាន​ ៦០ មាត្រា ត្រូវ​បាន​បញ្ចប់​ហើយ ហើយ​ពេល​នេះ​វា​កំពុង​ស្ថិត​ក្រោម​ការត្រួត​ពិនិត្យ​របស់​គណៈកម្មាធិការ​នៃ​ក្រសួង​កសិកម្ម​។

លោក​ថ្លែង​ថា​៖ «​ប៉ុន្តែ​យើង​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត​ក្នុង​ការ​ត្រួតពិនិត្យ និង​វិភាគ​ដោយ​គណៈកម្មាធិការ​នៅក្នុង​ក្រសួង​មុន​ពេល​អនុវត្ត​ជា​សាធារណៈ​»​។

លោក​បាន​បន្ត​ទៀត​ថា​ច្បាប់​នេះ​ដើរ​តួនាទី​ដ៏សំខាន់​ក្នុង​ការ​អនុវត្ត និង​ត្រួតពិនិត្យ​គុណភាព និង​ស្ដង់ដារ​។ លោក​បញ្ជាក់​ថា​៖ «​យើង​មាន​យន្តការ​ក្នុង​ការគ្រប់គ្រង​គុណភាព​សរីរាង្គ ដើម្បី​បង្កើន​ទំនុក​ចិត្ត​ចំពោះ​ទីផ្សារ និង​អតិថិជន​»​។

លោក​បន្ត​ថា​ក្រសួង​នឹង​ព្យាយាម​ជំរុញ​ឲ្យ​កសិករ ផលិត​ផលិតផល​សរីរាង្គ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ត្រឹមត្រូវ​។

លោក សំ វិទូ ទីប្រឹក្សា​អង្គការ​កសិកម្ម សេដាក ដែល​ជា​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​មួយ​ធ្វើការ​លើ​ការផលិត​ដំណាំ សរីរាង្គ និង​ដែល​ចូលរួម​កិច្ចប្រជុំ​លើក​ដំបូង​ជាមួយ​ក្រសួង​កសិកម្ម​អំពី​ច្បាប់​សរីរាង្គ​ជាតិ​នេះ​កាលពី​ឆ្នាំ​មុន​បាន​និយាយ​ថា ការ​មាន​ច្បាប់​នេះ​នឹង​ជួយ​លើក​កម្ពស់ និង​ជំរុញ​ក្រុមហ៊ុន​ផលិត​សរីរាង្គ​ក្នុង​ស្រុក​។

លោក​បញ្ជាក់​ថា៖ «​ច្បាប់​នេះ​នឹង​ធានា​គុណភាព និង​សុវត្ថិភាព​ស្បៀង​អាហារ​សម្រាប់​កសិករ វា​នឹង​ផ្ដល់​ចំណាប់​អារម្មណ៍​សម្រាប់​ក្រុមហ៊ុន​ផលិត​ក្នុង​ការ​ពង្រីក​កសិដ្ឋាន​សរីរាង្គ​របស់​ពួកគេ ខណៈ​វា​នឹង​បន្ថែម​តម្លៃ​ថែម​ទៀត​ដល់​កសិករ​»​។ បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មាន​តម្រូវការ​បន្លែ ៥០០ តោន​ក្នុង​មួយ​ថ្ងៃ​ដែល​មាន​តម្លៃ ២០០ លាន​ដុល្លារ​ទៅ​ ៣០០ ​លាន​ដុល្លារ​រៀងរាល់​ឆ្នាំ​។

ប្រទេស​កម្ពុជា​ ពេល​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​ផែ្ល​ឈើ និង​បន្លែ​មាន​សារ​ធាតុគីមី​ដែល​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​ដូចជា​វៀតណាម​៕LA