ភ្នំពេញ: រោងចក្រ​ផលិត​វាំងនន Nien Made Enterprise ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​បាន​ប្រកាស​ពី​គម្រោង​មក​ពង្រីក​រោងចក្រ​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​គេច​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​។ នេះ​បើ​យោងតាម​សេចក្តី​រាយការណ៍​របស់ Taipei Times​។

មន្ត្រី​ទំនាក់ទំនង​សាធារណៈ​របស់​ក្រុមហ៊ុន Nien Made Enterprise បាន​ប្រាប់​កាសែត Taipei Times ថា ការពង្រីក​ចង្វាក់​ផលិតកម្ម​របស់ខ្លួន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​គឺ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ការបង់ពន្ធ​ខ្ពស់​ទៅ​អាមេរិក​។

មន្ត្រី​រូបនោះ​បាន​ឲ្យ​ដឹង​ទៀតថា ក្រុមហ៊ុន​នឹង​បង្វែរ​ការបញ្ជាទិញ​ផលិតផល​សម្រេច​ពី​ប្រទេស​ចិន​ទៅ​ប្រទេស​កម្ពុជា​វិញ ដើម្បី​ចៀសវាង​ហានិភ័យ​ការយក​ពន្ធ​ពី​អាមេរិក​។

លោក​ប្រាប់ Taipei Times ថា​៖ «​ជម្លោះ​ពាណិជ្ជកម្ម​អាមេរិក និង​ចិន​បាន​បង្ខំ​ឲ្យ​យើង​ពង្រីក​ការផលិត​នៅ​តំបន់​អាស៊ីអាគ្នេយ៍​»​។ លោក​បន្ត​ថា ក្រុមហ៊ុន​នេះ​បាន​បង្កើន​ការផលិត​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា គឺ​ដើម្បី​បំពេញ​កង្វះ​កម្លាំង​ពលកម្ម​នៅ​ប្រទេស​ចិន​ផងដែរ​។

បច្ចុប្បន្ន​ប្រហែល ១ ​ភាគ​ ៣ ​នៃ​ផលិតផល​សម្រេច​របស់​ក្រុមហ៊ុន​នេះ​ដូចជា វាំងនន​ត្រូវបាន​ផលិត​នៅក្នុង​ប្រទេស​ចិន ប៉ុន្តែ​ក្រុមហ៊ុន​មាន​ផែនការ​ផ្លាស់​មក​កម្ពុជា​នៅក្នុង​រយៈពេល​ ២ ​ទៅ​ ៣ ​ឆ្នាំ​ខាងមុខ​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ (GMAC) បាន​ស្វាគមន៍​ចំពោះ​ផែនការ​ពង្រីក​មួយ​នេះ​។ លោក​បាន​បន្តថា ប្រទេស​កម្ពុជា​ត្រូវការ​ចាំបាច់​ការអភិវឌ្ឍ​វិស័យ​ឯកជន​ប្រកប​ដោយ​និរន្តរភាព ដើម្បី​សម្រេច​បាន​គោលដៅ​សេដ្ឋកិច្ច​នៅ​ឆ្នាំ ២០៣០ និង​ឆ្នាំ​ ២០៥០​។

លោក​ថ្លែង​ថា​៖ «​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​កម្ពុជា​ដែល​មាន​ការកើនឡើង​ការវិនិយោគ​ណាមួយ​ក្នុង​វិស័យ​ឧស្សាហកម្ម​ដែល​មាន​វត្តមាន​ផលិតផល និង​វិនិយោគិន​ថ្មី​ក្នុង​ការអាច​ជួយ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​ល្អប្រសើរ​»​។

ទោះបី​យ៉ាង​នេះ​ក្តី​លោក​ថ្លែងថា កម្ពុជា​ត្រូវ​តែ​ខិតខំ​ធ្វើការ​បន្ថែម​ទៀត​ក្នុង​បរិយាកាស​ប្រកួតប្រជែង និង​ការផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​នៃ​បរិយាកាស​ពិភពលោក​។ លោក​បន្ត​ថា​៖ «​យើង​នៅ​តែ​មានឱកាស​ធ្វើឲ្យ​ប្រសើរឡើង​ទាក់ទង​នឹង​ការចំណាយ​ក្នុង​ការធ្វើ​ជំនួញ ដូចជា តម្លៃ​បង្កើត​ការវិនិយោគ​ថ្មី​តម្លៃ​ដឹកជញ្ជូន និង​ឯកសារ និង​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់​»​។

បច្ចុប្បន្ន Nien Made Enterprise បាន​និង​កំពុង​ប្រតិបត្តិការ​រោងចក្រ​ផលិត​វាំងនន​បង្អួច​នៅ​កម្ពុជា​រួច​ទៅ​ហើយ​។

កាលពី​ខែ​កក្កដា​ក្រុមហ៊ុន​វាយនភណ្ឌ Eclat Textile Co មាន​មូលដ្ឋាន​នៅ​តៃវ៉ាន់​ដែល​ផ្គត់ផ្គង់​សម្លៀកបំពាក់ និង​ស្បែកជើង​កីឡា​ដល់​ក្រុមហ៊ុន Nike Inc និង Lululemon Athletica Inc នឹង​វិនិយោគ​លើ​រោងចក្រ​ថ្មី​នៅ​ប្រទេស​អាស៊ីអាគ្នេយ៍ ដែល​រួមមាន​កម្ពុជា​ដោយសារ​ក្រុមហ៊ុន​នេះ​យល់​ថា ខ្លួន​កំពុង​ប្រឈម​នឹង​ការលំបាក​ដែល​ចាំបាច់​ត្រូវ​ពង្រីក​ក្រៅពី​ប្រទេស​វៀតណាម​។

ក្នុង​ឆមាស​ទី​ ១ ឆ្នាំ ២០១៩ នេះ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​មាន​ទុន​តម្លៃ​ ៥,២ ​ពាន់​លាន​ដុល្លារ​ស្មើ ១៥៣ ​គម្រោង​។ គម្រោង​នេះ​បាន​កើនឡើង ៤៨ គម្រោង បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។

បើ​តាម GMAC នៅ​ឆមាស​ទី​ ១ ឆ្នាំ​នេះ​មាន​រោងចក្រ​ថ្មី​ ៣៤ បាន​បើក​ដំណើរការ​ក្នុង​នោះ​រោងចក្រ​ស្បែកជើង​ចំនួន ២ និង​រោងចក្រ​ផលិត​ផលិតផល​ធ្វើ​ដំណើរ ៣២៕ LA