ភ្នំពេញៈ យោងតាម​ការអង្កេត​ចន្លោះ​ជំរឿន​កសិកម្ម​កម្ពុជា​ឆ្នាំ​ ២០១៩ (CIAS 2019) ចុងក្រោយ​បានបង្ហាញ​ថា​មាន​ការកាន់កាប់​កសិកម្ម​លក្ខណៈ​គ្រួសារ​សរុប ១ ៧២៦ ០០០ នៅក្នុង​ប្រទេស​កម្ពុជា ឬ​ស្មើនឹង​ ៥០ ​ភាគរយ​នៃ​គ្រួសារ​ទាំងអស់​នៅក្នុង​ប្រទេស (៣ ៤៣៨ ០០០ គ្រួសារ ​តាម​ការអង្កេត​សេដ្ឋកិច្ចសង្គម​កម្ពុជា​ឆ្នាំ​ ២០១៧) ខណៈ​ដែល​សកម្មភាព​ដំណាំ​ត្រូវបាន​រាយការណ៍​ថា មាន​ចំនួន​ ៨៨ ​ភាគរយ​នៃ​ការកាន់កាប់​កសិកម្ម​គ្រួសារ​ទាំងអស់​នៅ​កម្ពុជា និង​ ៧៥ ​ភាគរយ ​នៃ​ការកាន់កាប់​កសិកម្ម​លក្ខណៈ​គ្រួសារ បាន​រាយការណ៍​ពី​ការចិញ្ចឹម​បសុសត្វ បសុបក្សី ឬ​សត្វល្អិត​។ នេះ​បើ​យោងតាម​អង្គការ ស្បៀង និង​កសិកម្ម​នៃ​អង្គការ​សហប្រជាជាតិ (FAO)​។

អង្គការ ​FAO បានឱ្យដឹងថា ការអង្កេត​ចន្លោះ​ជំរឿន​កសិកម្ម​ឆ្នាំ​ ២០១៩ (CIAS 2019) នេះ​គឺជា​ការអង្កេត​ទ្រង់ទ្រាយ​ធំ​លើក​ទី​ ១ ​នៅ​កម្ពុជា បន្ទាប់ពី​ការធ្វើជំរឿន​កសិកម្ម​ឆ្នាំ​ ២០១៣​។ ការអង្កេត​ចន្លោះ​ជំរឿន​កសិកម្ម​ឆ្នាំ​ ២០១៩ ធ្វើឡើង​ក្រោម​ការជួយឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) អង្គការ​ FAO និង​មូលនិធិ​បៀល និង​មីលីនដាហ្គេត (Bill and Melinda Gates Foundation)​។

របាយការណ៍​នេះ​នឹង​ត្រូវ​ចេញផ្សាយ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ៩ ខែ​កុម្ភៈ ខណៈ​ដែល​វិទ្យាស្ថាន​ជាតិ​ស្ថិតិ (NIS) នៃ​ក្រសួងផែនការ​ (MoP) សហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (MAFF) និង​មានការ​គាំទ្រ​ពី​អង្គការ​FAO រួមគ្នា​ធ្វើការ​អង្កេត​នេះ ដោយ​ប្រមូល​ព័ត៌មាន​ស្ដីពី​ការដាំដុះ​ដំណាំ ការចិញ្ចឹម​បសុសត្វ បសុបក្សី វារីវប្បកម្ម និង​នេសាទ​។

CIAS2019 បាន​បង្ហាញថា គ្រួសារ​កាន់កាប់​កសិកម្ម​ចំនួន ២៣៤ ០០០ គ្រួសារ ​បាន​ចូលរួម​ក្នុង​សកម្មភាព​នេសាទ ដោយ​មាន​ ៦៣ ​ភាគរយ ​នៃ​អ្នកកាន់កាប់បាន​រាយការណ៍​ពី​ផលនេសាទ​របស់​ពួកគេ​គឺ​ទាប​ជាង​ឆ្នាំមុន ហើយ​មាន​តែ​ ៩ ​ភាគរយ​ប៉ុណ្ណោះ ដែល​រាយការណ៍​ថា បាន​ផល​ច្រើន​ជាង​ឆ្នាំមុន​។

ការអង្កេត​នេះ​បាន​វាយតម្លៃថា ៣១ ​ភាគរយ​ នៃ​ការកាន់កាប់​កសិកម្ម​គ្រួសារ បាន​រាយការណ៍​ថា ប្រាក់ចំណូល​បាន​ពី​វិស័យ​កសិកម្ម​គឺ​ទាប​ជាង​ឆ្នាំមុន​។ អ្នកកាន់កាប់​កសិកម្ម​គ្រួសារ​ក៏ត្រូវ​បានស្នើ​ឱ្យធ្វើ​ការប៉ាន់ស្មាន​ពី​ចំណែក​នៃ​ប្រាក់ចំណូល​ដែល​បានមកពី​សកម្មភាព​កសិកម្ម​នៅក្នុង​ប្រាក់ចំណូល​សរុប​របស់​គ្រួសារ​របស់​ពួកគេ​ផងដែរ​។

ប្រមាណ​ ៣២ ​ភាគរយ​នៃ​អ្នកកាន់កាប់​កសិកម្ម​គ្រួសារ​បាន​រាយការណ៍​ថា ចំណូល​ពាក់កណ្ដាល​របស់​ពួកគាត់​បាន​មកពី​សកម្មភាព​កសិកម្ម ហើយ​ប្រមាណ​ ១៧ ​ភាគរយ​មាន​ចំណូល​ស្ទើរតែ​ទាំងអស់​ក្នុង​គ្រួសារ​បាន​មកពី សកម្មភាព​កសិកម្ម និង​ប្រមាណ​ ៤ ​ភាគរយ​បាន​រាយការណ៍​ថា ប្រាក់ចំណូល​គ្រួសារ​សរុប​ទាំងអស់​របស់​ពួកគេ គឺ​ទទួល​បាន​ពី​សកម្មភាព​កសិកម្ម​។

លោក Alexandre Huynh តំណាង​អង្គការ FAO ប្រចាំ​នៅ​កម្ពុជា​បានឱ្យដឹងថា អង្កេត​ចន្លោះ​ជំរឿន​កសិកម្ម​កម្ពុជា​ឆ្នាំ​ ២០១៩ ជួយ​បញ្ចប់​នូវ​គម្លាត​ទិន្នន័យ​កសិកម្ម ព្រមទាំង​រួមចំណែក​ដល់​ការធ្វើ​ផែនការ ការរៀបចំ​ហិរញ្ញប្បទាន និង​ការអនុវត្ត​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​កសិកម្ម​នានា​ប្រកប​ដោយ​ប្រសិទ្ធភាព​។

លោក​បន្តថា​៖ «​ការ​ដែលមាន​ទិន្នន័យ​ទាន់ពេលវេលា និង​មាន​គុណភាព​នឹង​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការធានា​បាន​នូវ​សន្ដិសុខ​ស្បៀង និង​កាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ច​ពី​ជំងឺ​កូវីដ​១៩ ដែល​កំពុង​រាតត្បាត​ពេញ​ពិភពលោក​»​។

លោកស្រី Hang Lina ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​បាន​ឱ្យ​ដឹងថា ការគាំទ្រ​ពី​ FAO បានធ្វើឱ្យ​ NIS ​មានលទ្ធភាព​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​ក្នុង​ការប្រមូល​ទិន្នន័យ​នេះ ខណៈ​USAID បាន​ផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​ជា​មូលដ្ឋាន​បញ្ចប់​កិច្ចការ​ប្រមូល​ទិន្នន័យ​នេះ​។

CIAS2019 ​គឺជា​ផ្នែក​មួយ​នៃ AGRI-Survey ដែលជា​កម្មវិធី​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​ក្នុង​គោលបំណង​ផ្ដល់ព័ត៌មាន​ប្រកបដោយ​គុណភាព​ដល់​អ្នករៀបចំ​ផែនការ អ្នករៀបចំ​គោលនយោបាយ និង​កសាង​សមត្ថភាព​ប្រទេស​ក្នុង​ការអនុវត្ត ការអង្កេត​កសិកម្ម​ឱ្យបាន​ល្អ​។

នៅ​ឆ្នាំ​ ២០២១ AGRISurvey នឹងត្រូវ​បញ្ចូល​ទៅក្នុង​គម្រោង​ «​គំនិត​ផ្តួចផ្ដើម ៥០X២០៣០» ដែលជា​កម្មវិធី​សកល​រយៈពេល​ ១០ ​ឆ្នាំ​ដឹកនាំ​ដោយ​ភាព​ជា​ដៃគូ​រវាង​ធនាគារ​ពិភពលោក​ (WB) អង្គការ FAO និង​មូលនិធិ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍ​កសិកម្ម​ (IFAD)៕LA