ភ្នំពេញៈ ភ្នាក់ងារទូទាត់ឌីជីថល Nium មានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងធនាគារ PhillipBank កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសកិច្ចព្រមព្រៀងភាពជាដៃគូក្នុងការផ្ដល់ការទូទាត់ឆ្លងកាត់ព្រំដែន សម្រាប់អតិថិជនដែលធ្វើឲ្យធនាគារនេះទទួលបានសេវាជម្រើសកាន់តែច្រើន។ នេះបើយោងតាមសេចក្ដីរបស់ក្រុមហ៊ុនកាលពីថ្ងៃព្រហស្បតិ៍។
លោក PrajitNanu សហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Nium បានឲ្យដឹងថា ភាពជាដៃគូជាមួយធនាគារ PhillipBank ពង្រឹងបន្ថែមដល់តួនាទីរបស់ខ្លួនជាស្ថាប័នឈានមុខគេនៅក្នុងលម្ហការទូទាត់នៅអាស៊ីអាគ្នេយ៍។
យើងរីករាយក្នុងការធ្វើការងារជាមួយធនាគារ PhillipBank សម្រាប់ការផ្ញើប្រាក់មកផ្ទះ។ ទំនាក់ទំនងនេះបានពង្រឹងបន្ថែមតួនាទីរបស់ Nium នៅអាស៊ីអាគ្នេយ៍»។ លោកបន្តថា៖ «សហប្រតិបត្តិការជាមួយ Nium នឹងធ្វើឲ្យអតិថិជនរបស់ PhillipBank អាចទទួលបានសេវាកាន់តែរហ័ស»។
លោក Ong TeongHoon អគ្គនាយកធនាគារ PhillipBank បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា នេះគឺជាភាពជាដៃគូដ៏សំខាន់មួយសម្រាប់ធនាគារ PhillipBank នៅក្នុងដំណាក់កាលដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងការវិវត្តរបស់ខ្លួន។
លោកថ្លែងថា៖ «ជាមួយនឹងអាជីវកម្ម និងគ្រឹះស្ថានកម្ពុជាដែលចូលរួមកាន់តែច្រើនឡើងៗជាមួយនឹងសមភាគីពិភពលោករបស់ពួកគេដែលស្វែងរកលទ្ធភាពថ្មីសម្រាប់កិច្ចសហការ យើងត្រូវតែបង្កើនសមត្ថភាពទូទាត់ឆ្លងកាត់ព្រំដែនរបស់យើងនៅក្នុងទីផ្សារសំខាន់ៗ ទូទាំងពិភពលោក។ យើងកំពុងមើលឃើញតម្រូវការកំណើនរួចហើយពីអតិថិជនរបស់យើងសម្រាប់សេវាទូទាត់ឆ្លងកាត់ព្រំដែន។ យើងមានទំនុកចិត្តថា សេវារបស់ Nium នឹងបំពេញបន្ថែម និងពង្រឹងបន្ថែមសមត្ថភាពរបស់យើងក្នុងការបម្រើអតិថិជនរបស់យើង»។
ក្រុមហ៊ុន Nium ដែលពីមុនត្រូវបានគេស្គាល់ថាជា InstaReM ដំណើរការទូទាត់សម្រាប់ធនាគារអាស៊ីអាគ្នេយ៍ និងគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេទូទាំងពិភពលោក។
PhillipBank ថ្មីៗនេះបានទទួលការយល់ព្រមពីធនាគារជាតិនៃកម្ពុជាក្នុងការច្របាច់បញ្ចូលគ្នាជាមួយ Kredit MFIS ។ Kredit MFIS ក៏ត្រូវបានគ្រប់គ្រងទាំងស្រុងដោយភាគទុនិកដូចគ្នាក្នុងក្រុមហ៊ុន Phillip Capital Group of Companies ដែលមានក្នុងប្រទេស ១៦ ទូទាំងពិភពលោក និងជាមួយនឹងមូលនិធិភាគទុនិកជិត ២ ពាន់លានដុល្លារ។ ពេលច្របាច់បញ្ចូលគ្នា PhillipBank នឹងមានជិត ៩០ សាខាទូទាំងប្រទេសកម្ពុជា៕LA