ភ្នំពេញៈ ក្រុម​ហ៊ុន​អាមេរិក Omni Navitas ដែល​ផលិត​អគ្គិសនី​ពី​កសិ​ដ្ឋាន​សូឡា​ កាល​ពី​ម្សិល​មិញ​បាន​បង្ហាញ​ពី​គម្រោង​វិនិយោគ​ធំ​មួយ​នៅ​កម្ពុជា​ដោយ​គ្រោង​ចំ​ណាយ​ទឹក​ប្រាក់​ ៥០០ លាន​ដុល្លារ​ដើម្បី​ផលិត​អគ្គិស​នី​ពីបន្ទះ​សូ​ឡា​​មាន​អនុ​ភាព​ផលិត​ថាមពល​១៥០ មេហ្កាវ៉ាត់​។ នេះ​បើ​យោង​តាម​ការ​អះអាង​ពី​តំ​ណាង​ក្រុម​ហ៊ុន។

តំណាង​ក្រុម​ហ៊ុន​បាន​ជួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា​ កាល​ពី​ម្សិល​មិញ​ ដើម្បី​ស្វែង​យល់​ពី​នីតិវិធី​វិនិយោគ​នៅ​កម្ពុជា និង​ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​ស្ថាប័ន​រដ្ឋាភិបាល ខណៈ​ប្រធាន​ក្រុម​ហ៊ុន​បាន​បញ្ជាក់​ថា​ នៅ​ពេល​ដែល​គម្រោង​នេះ​ចេញ​ជា​រូប​រាង​​វា​នឹង​ក្លាយ​ជា​កសិដ្ឋាន​ផលិត​​​អគ្គិសនី​ពី​​បន្ទះ​​សូឡាធំ​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌​មាន​កាល​ពី​ម្សិល​មិញ ​បន្ទាប់​ពី​កិច្ច​ប្រជុំ​ជា​មួយ​លោក ​ឈួន ​ដារ៉ា អនុ​រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជ​កម្ម ​លោក Jim McAuliffe ​អគ្គនា​យក​​ក្រុម​ហ៊ុន​ Omni Navitas បាន​ថ្លែង​ថា​ ក្រុម​ហ៊ុន​របស់​លោក​កំពុង​ធ្វើ​ការ​ងារ​ក្នុង​ការ​ទទួល​បាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​កម្ពុជា​ ហើយ​គ្រោង​នឹង​សាង​សង់​​កសិ​ដ្ឋាន​ថាមពល​បន្ទះ​សូឡា​ ដែល​នឹង​ជា​កសិដ្ឋាន​ដ៏​ធំ​មួយ​នៅ​ក្នុង​តំបន់​នេះ​។

លោក Jim McAuliffe បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា​៖ «​យើង​នៅ​ទីនេះ ​ដើម្បី​ស្នើ​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​សូឡា​ឈាន​មុខ​គេ​នៅ​ក្នុង​​តំបន់​អាស៊ី​អាគ្នេយ៍​ សម្រាប់​ប្រទេស​កម្ពុជា​។ ​យើង​ចង់​នាំ​យក​ការ​វិនិយោគ​ផ្ទាល់​​ពី​បរទេស ​​៥០០ ​លាន​ដុល្លារ​​មក​ក្នុង​ប្រទេស​កម្ពុជា​»​។​

លោក​បាន​បន្ត​ថា​៖ «​យើង​សង្ឃឹម​ថា យើង​នឹង​បើក​ចំហ​ទ្វារ​សម្រាប់​ការ​វិនិយោគ​របស់​អាមេរិក​កាន់​តែ​ច្រើន​​នៅ​ក្នុង​ប្រទេស​កម្ពុជា​»​។

តាម​លោក Jim ​គម្រោង​នេះ​ត្រូវ​ការ​ផ្ទៃដី​ប្រហែល​ ៥០០​ហិក​តា​ដើម្បី​ដំឡើង​បន្ទះ​សូឡា ​ហើយ​នៅ​ពេល​កសិដ្ឋាន​នេះ​ប្រតិ​បត្តិ​ការ​នឹង​​ផលិត​ថាមពល​បាន​ប្រហែល​២៧៥ គីឡូវ៉ាត់​​​​ម៉ោង​ប្រចាំ​ឆ្នាំ​។ ការ​សាង​សង់​ដំបូង​នឹង​បង្កើត​ការងារ​ ៣០០០​នាក់​ សម្រាប់​ប្រជា​​ជន​កម្ពុជា​។

គម្រោង​វិនិយោគ​នេះ ​​គឺនៅ​តែ​​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូង​ ខណៈ​ក្រុម​ហ៊ុន​កំពុង​ស្វែងរក​ការ​គាំទ្រ​ពី​ក្រសួង​ពាក់​ព័ន្ធ​ដែល​​ចូល​រួម​នៅ​ក្នុង​វិស័យ​នេះ​។ ខណៈ​​ក្រុម​នេះ​បាន​ពិភាក្សា​ជា​មួយ​ អគ្គិសនី​កម្ពុជា (​EdC) លើ​តម្លៃ​ ដែល​ខ្លួន​អាច​លក់​អគ្គិសនី​ឲ្យ​ EDC ​​មិន​មាន​កិច្ច​ព្រម​ព្រៀង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឡើយ​ទេ​។ តំណាង​របស់​ក្រុម​ហ៊ុន ​នឹង​ជួបជា​មួយ​មន្ដ្រី​មក​ពី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(​CDC)​ បន្ត​ទៀត។

ក្រសួង​រ៉ែ​ និង​ថាមពល ​អគ្គិ​សនី​​កម្ពុជា​ និង​ CDC​ មិន​អាច​ទាក់ទង​សុំ​ការ​អត្ថា​ធិប្បាយ​បាន​ទេ​កាល​ពី​ម្សិល​មិញ​។

លោក​ ឈួន​ ដារ៉ា​ បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា ​លោក​ស្វាគមន៍​គម្រោង​វិនិយោគ​មក​ពី​ក្រុម​ហ៊ុន​នេះ​ ដោយ​សង្ឃឹម​ថា វា​នឹង​បង្កើត​ថាមពល​ស្អាត​កាន់​តែ​ច្រើន​សម្រាប់​ប្រទេស​កម្ពុជា​ព្រម​ទាំង​ជួយ​បំពេញ​គម្លាត​លើ​តម្រូវ​ការ​ និង​ការ​ផ្គត់​ផ្គង់​អគ្គិសនី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។​ ​

លោក​ថ្លែង​ថា៖ «​យើង​គាំទ្រ​គំនិត​ផ្ដួច​ផ្ដើម​នេះ​ ហើយ​នឹង​ផ្ដល់​ការ​ជួយ​សម្រួល​លើ​គម្រោង​វិនិយោគ​នេះ​ ជា​ពិសេស​ថាមពល​ស្អាត​ដូចជា​គម្រោង​នេះ​»។

លោក​បន្តថា​៖ «​​​បើ​ពួក​គេ​អាច​លក់​អគ្គិ​សនី​ឲ្យ​រដ្ឋាភិបាល​នៅ​ក្នុង​តម្លៃ​ដូច​គ្នា​នឹង​រោង​ចក្រ​ថាម​ពល​ដែល​មាន​ស្រាប់​ [ធ្យូង​ថ្ម ​និង​ទំនប់​វារីអគ្គិ​សនី​]ឲ្យ​រដ្ឋាភិបាល​ វា​នឹង​ជួយ​បាន​យ៉ាង​ច្រើន​»​។

យោង​តាម​របាយ​ការណ៍​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ EAC ក្នុង​ឆ្នាំ ២០១៧ អនុ​ភាព​នៃ​អគ្គិសនី​សរុប​របស់​​កម្ពុជា​បាន​កើន​ឡើង​ពី ២១១៥ មេ​ហ្គា​វ៉ាត់​នៅ​ឆ្នាំ​ ២០១៦​ ដល់​​ ២ ២៨៣ មេហ្គាវ៉ាត់​។​ ​​បរិមាណ​ថាម​ពល​អគ្គិសនី​ដែល​កម្ពុជា​បាន​ប្រើ​ប្រាស់​បាន​កើន​ឡើង​ពី ៧ ១៧៥ លាន​គីឡូ​វ៉ាត់​ម៉ោង​នៅ​ឆ្នាំ ២០១៦ មក​ ៧ ៩៦៦ លាន​​គីឡូវ៉ាត់​ម៉ោង​នៅ​ឆ្នាំ ២០១៧។

ក្នុង​នោះ​បរិមាណ​អគ្គិសនី​ដែល​បាន​មក​ពី​ការ​ផលិត​ក្នុង​ស្រុក​បាន​កើន​ឡើង​ពី ៧៧,៩ ភាគរយ ​កាលពី​ឆ្នាំ ២០១៦ ដល់​ ៨១,៤ ភាគរយ​នៅ​ឆ្នាំ ២០១៧ ឯ​បរិមាណ​ថាមពល​អគ្គិសនី​ដែល​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​បាន​ថយចុះ​ពី២២ ភាគរយ​ កាល​ពី​ឆ្នាំ ២០១៦ មក​ដល់ ១៨,៦ ភាគ​រយ​នៅ​ឆ្នាំ ២០១៧៕ LA