ភ្នំពេញៈ ត្រីចក្រយានយន្តប្រើថាមពលអគ្គិសនី Onion T1 ដែលមានរោងចក្រដំឡើងមុនគេនៅកម្ពុជារបស់ក្រុមហ៊ុន Onion Mobility Co., Ltd បានចាប់ផ្តើមបង្ហាញរូបរាងជាផ្លូវការហើយកាលពីសប្តាហ៍មុន ខណៈក្រុមហ៊ុនបញ្ជាក់ថា នឹងបញ្ចេញលក់ជាផ្លូវការក្នុងឆ្នាំ ២០២១ នេះ។
Onion Mobility Co.,Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន MVLLABS Pte Ltd (MVL) មានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី។ កាលពីដើមខែកុម្ភៈ ឆ្នាំ ២០២១ ក្រុមហ៊ុន Onion Mobility Co.,Ltd បានទទួលការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីសង់រោងចក្រផ្គុំដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តប្រើថាមពលអគ្គិសនីស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិ ខេត្តកណ្តាល ក្រោមទុនវិនិយោគ ២០ លានដុល្លារ។
ក្រៅពី Onion Mobility Co.,Ltd បច្ចុប្បន្ន MVL ក៏មានក្រុមហ៊ុនបុត្រសម្ព័ន្ធ MVL TADA (Cambodia) Co.,Ltd ដែលកំពុងប្រតិបត្តិការលើសេវាកម្ម (TADA App) សម្រាប់កក់យានជំនិះធ្វើដំណើរនៅកម្ពុជាផងដែរ។
សេចក្តីប្រកាសព័ត៌មានរបស់ Onion Mobility Co.,Ltd ឱ្យដឹងថា Onion T1 គឺជាត្រីចក្រយានយន្តអគ្គិសនីដ៏ទំនើប និងមានផាសុកភាព ដែលអាចបើកបានចម្ងាយ ១០០ គីឡូម៉ែត្រនៅពេលសាកអាគុយពេញ ឬជាមធ្យមចំណាយប្រហែល ២ ដុល្លារសម្រាប់ការធ្វើដំណើរ ១០០ គីឡូម៉ែត្រ។ ការចំណាយនេះគឺទាបជាង ២០ ភាគរយ បើធៀបនឹងត្រីចក្រយានយន្តប្រើប្រាស់ឧស្ម័ន LPN ដែលកំពុងចរាចរច្រើននៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មានឱ្យដឹងទៀតថា ក្រៅពីមានរូបរាងស្អាតទូលាយ មិនមានសំឡេងរំខាន និងសន្សំសំចៃ Onion T1 ក៏បានចូលរួមចំណែកក្នុងការការពារបរិស្ថានផងដែរ។
លោក ជីម ប៉ូលី ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន MVL TADA (Cambodia) Co., Ltd បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ៣០ ខែមីនាថា បន្ទាប់ពីឆ្លងកាត់ការសាកល្បងដោយជោគជ័យ ក្រុមហ៊ុន Onion Mobility Co.,Ltd បានដាក់បង្ហាញត្រីចក្រយានអគ្គិសនី Onion T1 ជាសាធារណៈហើយកាលពីថ្ងៃទី ២៨ ខែមីនា។ លោកបន្តថា គ្រាន់តែដាក់បង្ហាញភ្លាម Onion T1 ទទួលបានការចាប់អារម្មណ៍ច្រើន។ ទោះយ៉ាងណា វាគ្រាន់តែជាការតាំងប៉ុណ្ណោះ ដោយក្រុមហ៊ុនមិនទាន់ប្រកាសដាក់លក់នោះទេ។
លោកថ្លែងថា៖ «នេះគឺជាការដាក់បង្ហាញរូបពិតរបស់ Onion T1 ឱ្យសាធារណជនបានឃើញតែប៉ុណ្ណោះ ដោយសកម្មភាពនៃការដំឡើងទ្រង់ទ្រាយធំដើម្បីដាក់លក់លើទីផ្សារ គឺមិនទាន់ចាប់ផ្តើមទេ ព្រោះក្រុមហ៊ុនត្រូវការពេលវេលាសិក្សាលម្អិតថែមទៀតទៅលើតម្លៃ និងតម្រូវការទីផ្សារជាក់ស្តែង»។
លោកបន្ថែមទៀតថា Onion T1 នឹងរួមចំណែកបង្កើនប្រាក់ចំណូលដល់អ្នកបើកបរ ជាពិសេសវានឹងក្លាយជាយានជំនិះដែលមានផាសុកភាពសម្រាប់សហគមន៍ទាំងមូល។
យោងតាមលោក ប៉ូលី នៅពេលនេះក្រុមហ៊ុនក៏កំពុងរៀបចំកន្លែងតាំងបង្ហាញ (Showroom) និងសា្ថនីយសម្រាប់សាកអាគុយមួយចំនួនក្នុងរាជធានីភ្នំពេញផងដែរ។
លោក Kay Woo នាយកប្រតិបត្ដិក្រុមហ៊ុន MVL បានឱ្យដឹងថា នេះជាការនាំយកមកនូវភាពពេញនិយមនៅក្នុងការប្រើប្រាស់កង់ ៣ អគ្គិសនីនៅកម្ពុជា តាមរយៈការផលិតយានជំនិះដែលមានសេវាកម្មប្រកួតប្រជែងភ្ជាប់ជាមួយមធ្យោបាយកក់ការធ្វើដំណើរតាមរយៈ TADA។
លោកថ្លែងថា៖ «យើងកំពុងបង្កើតឱ្យមានប្រព័ន្ធអេកូឡូស៊ីមួយដែលអាចជួយផ្នែកសេដ្ឋកិច្ចដល់អ្នកបើកកង់៣»។
របាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹងថា ក្នុងឆ្នាំ ២០១៩ នៅកម្ពុជាមានត្រីចក្រយានយន្ត (ម៉ូតូកង់៣) មកចុះបញ្ជីសរុប ៣៥ ២១៨ គ្រឿង៕ LA