The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Ooctane ត្រៀម ​៥៥ លានដុល្លារ ​សម្រាប់ ​Start up

Ooctane ត្រៀម ​៥៥ លានដុល្លារ ​សម្រាប់ ​Start up

Content image - Phnom Penh Post
បុគ្គលិក​កំពុង​ឈរ​នៅ​ពី​មុខ​ឡូហ្គោ​ផ្សារ​មូលបត្រ​កម្ពុជា ​នៅ​កន្លែង​ផ្តល់​ព័ត៌មាន​ កន្លង​មក។ ហេង ជីវ័ន

Ooctane ត្រៀម ​៥៥ លានដុល្លារ ​សម្រាប់ ​Start up

ភ្នំពេញៈ ក្រុមហ៊ុន​ Ooctane​ ដែល​ជា​មូលធន​វិនិយោគ​ឯកជន​ គាំទ្រ​ដោយ ​Worldbridge Group ​បាន​កំណត់​​ក្រុមហ៊ុន​បង្កើត​ថ្មី​មាន​សក្ដានុពល​មួយ​ចំនួន​រួច​​ហើយ​ ​ដើម្បី​ដាក់​ទុន​វិនិយោគ​ជាមួយ​ ដោយ​លើក​ឡើង​ថា ​Ooctane ​បាន​បម្រុង​​​ទុន​ ​៥៥ ​លាន​ដុល្លារ​ សម្រាប់​សហគ្រិន​ថ្មី​ដែល​កំពុង​រីក​ដុះដាល​។​

ការ​បង្កើត​ក្រុមហ៊ុន ​Ooctane ​ត្រូវ​បាន​បង្ហាញ​ជា​​លើក​ដំបូង​​កាល​ពី​ខែ​ មិថុនា​ ឆ្នាំ ​២០១៨ ​ដែល​កាល​នោះ​​ ​លោក ​ស៊ា រិទ្ធី ​ប្រធាន​ស្ថាបនិក​របស់​​ក្រុមហ៊ុន​ Worldbridge Group បាន​វិនិយោគ​ប្រាក់ ​៥ ​លាន​ដុល្លារ ​ផ្ទាល់​ខ្លួន​ដើម្បី​បង្កើត​មូលនិធិ​នេះ។ ​រហូត​មក​ដល់​ពេល​នេះ​ លោក​ រិទ្ធី ​បាន​ប្រមូល​មូលនិធិ​​ ៥០ ​​លាន​ដុល្លារ ​បន្ថែម​ពី​បណ្ដាញ​មិត្តភក្ដិ​ និង​ពាណិជ្ជករ​របស់​លោក ​ដែល​ធ្វើ​ឲ្យ Ooctane ​មូលនិធិវិនិ​យោគ​រួម​មួយ​នេះ​​មាន​ប្រាក់​សរុប ​៥៥ ​លាន​ដុល្លារ​។​

Tapas KUILA ជា​ដៃគូ​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន OOCTANE បាន​ឲ្យ​ដឹង​ថា​ ចាប់​តាំង​ពី​ការ​ដំណើរការ​មូលនិធិ​នេះ​កាល​ពី​ឆ្នាំ​មុន ​ក្រុមហ៊ុន​នេះ​​​មិន​បាន​ធ្វើ​ការ​វិនិយោគ​ណា​មួយ​នៅ​ឡើយ​ទេ ​ដោយសារ​តែ​​​ក្រុមហ៊ុន​ត្រូវ​​រៀបចំ​ក្រុម​ការងារ​ផ្ទៃ​ក្នុង​​ និង​ប្រព័ន្ធ​ផ្ទៃ​ក្នុង​។ ​ នៅ​ពេល​នេះ លោក​បាន​​ឲ្យ​ដឹង​ថា ​អ្វីៗ​មាន​គ្រប់​ហើយ​ ហើយ​ដល់​ពេល​ត្រូវ​ដំណើរការ​ជាមួយ​ក្រុមហ៊ុន​បង្កើត​ថ្មី​ល្អៗ​ជា​ច្រើន​។​

លោក​ថ្លែង​ថា​៖ «​ពេល​នេះ​ ហាង​របស់​យើង​​បាន​បើក​ដំណើរការ​ហើយ​ ហើយ​ប្រសិន​បើ​​​ក្រុមហ៊ុន​បង្កើត​ថ្មី ឬ​ជា​​ក្រុមហ៊ុន​ថ្មី​ដែល​ចង់​រីក​ចម្រើន និង​ពង្រីក សូម​ទាក់ទង​​មក​​ពួក​យើង សូម​ជជែក​ជាមួយ​ពួក​យើង​»។​ ​

លោក​បន្ត​ថា៖ «​យើង​បាន​សម្គាល់​​ក្រុមហ៊ុន​បង្កើត​ថ្មី ​២-៣ ​ក្នុង​រយៈពេល ​២-៣ ខែ​កន្លង​មក​ ហើយ​នៅ​ពេល​យើង​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​​កាន់​តែ​ច្រើន​អំពី​ក្រុមហ៊ុន​បង្កើត​ថ្មី​ទាំង​នោះ​។ ដូច្នេះ​សង្ឃឹម​ថា​ យើង​នឹង​មាន​លទ្ធភាព​ក្នុង​ការ​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​នេះ ​និង​បង្ហាញ​លទ្ធផល​នៅ​អំឡុង​ពាក់​កណ្ដាល​​ឆ្នាំ​នេះ​»។​

ទីផ្សារ​មូលនិធិ​វិនិយោគ​ឯកជន​កំពុង​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​ប្រទេស ​កម្ពុជា ​ក្នុង​រយៈពេល​ ២-៣ ​ឆ្នាំ​ចុង​ក្រោយ​នេះ​ដោយ​ក្រុមហ៊ុន​កាន់​តែ​ច្រើន​បម្រុង​ទុក​មូលនិធិ​កាន់​តែ​ច្រើន​ ដើម្បី​គាំទ្រ​កំណើន​​របស់ SME​។

ក្រុមហ៊ុន​មូលនិធិ​វិនិយោគ​ដែល​​មាន​ឈ្មោះ​ និង​បាន​ប្រកាស​គម្រោង​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​បង្កើត​ថ្មី​ជា​សំខាន់ៗ​គិត​មក​ទល់​ពេល​នេះ​មាន ៥ ​ក្រុមហ៊ុន។ ​ក្រុមហ៊ុន​ទាំង​នោះ​មាន​ដូចជា​ IFC ដែល​ជា​សាខា​​ផ្ដល់​កម្ចី​របស់​ធនាគារ​ពិភព​លោក ​ក្រុមហ៊ុន ​EMIA​ ក្រុមហ៊ុន​ Belt Road Capital Management (BRCM) ក្រុមហ៊ុន ​Smart Axiata និង​ក្រុមហ៊ុន Leopard Capital ដែល​មូលនិធិ​របស់​ក្រុមហ៊ុន​ទាំង​នេះ​បូក​បញ្ចូល​គ្នា​មាន​ទុន​រហូត​ដល់​រាប់​រយ​លាន​ដុល្លារ​រួច​ទៅ​ហើយ​។

លោកស្រី​ គឺម​ សុផានីតា ​​ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​ CSX បាន​ឲ្យ​ដឹង​ថា ការ​មាន​ក្រុមហ៊ុន​មូលនិធិ​វិនិយោគ​ឯកជន​កាន់​តែ​ច្រើន​ ​នឹង​ជួយ​ក្រុមហ៊ុន​​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SM​E) បង្កើន​ការ​លូតលាស់​ ហើយ​នឹង​ជួយ​​បង្កើត​ស្តង់ដារ​អាជីវកម្ម​ដែល​ងាយ​ស្រួល​ក្នុង​ការ​ចុះ​បញ្ជី​លក់​ភាគហ៊ុន​នៅ​ថ្ងៃ​ក្រោយ​។

លោក​ស្រី​បន្ត​ថា ជា​ទូទៅ​ក្រុមហ៊ុន​បង្កើត​ថ្មី​ (បើ​ទោះ​ជាមួយ​សក្តានុពល​ខ្លាំង) មិន​ទាន់​មាន​​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​នៅ​​ឡើយ​ទេ​ ក្នុង​ការ​ចុះ​បញ្ជី​ក្នុង​ផ្សារហ៊ុន​ភ្លាមៗ​ ដូច​ជា​ស្តង់ដារ​គណនេយ្យ ឬអភិបាលកិច្ច​អាជីវកម្ម​។ ​ដូច្នេះ​ហើយ​ នៅ​ពេល​ដែល​មូលនិធិ​វិនិយោគ​ឯកជន បាន​ចូល​ទុន​វិនិយោគ​ជាមួយ​ពួក​គេ ក្រុមហ៊ុន​មូលនិធិ​ឯកជន ​តែងតែ​ជួយ​មិន​ត្រឹមតែ​ផ្តល់​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ផ្តល់​យុទ្ធសាស្ត្រ និង​គំនិត​អាជីវកម្ម​ល្អ​ៗ​។

លោក​ស្រី​បន្ត​​ថា​៖ ​«​នៅ​ពេល​ពួក​គេ​រីក​ចម្រើន​ធំ​ល្មម​ ក្រុមហ៊ុន​មូលនិធិ​វិនិយោគ​ឯកជន​នឹង​ប្រើប្រាស់​ផ្សារហ៊ុន​ ជា​ច្រក​ចេញ​ពី​ការវិនិយោគ​របស់​ពួក​គេ​ ដោយ​ការ​ចុះ​បញ្ជី​​ក្រុមហ៊ុន​ទាំង​នោះ​នៅ​ផ្សារហ៊ុន​ ដែល​អាច​ផ្ដល់​តម្លៃ​កាន់​តែ​ខ្ពស់​សម្រាប់​ក្រុមហ៊ុន​នានា​ ហើយ​ពួក​គេ​អាច​លក់​ភាគហ៊ុន​របស់​ពួក​គេ​ ដែល​រក​បាន​ប្រាក់​ចំណេញ​ច្រើន​»​។

លោក​ស្រី​បន្ត​ថា​៖ ​«​តាមរយៈ​​ ការ​មាន​ក្រុមហ៊ុន​មូលនិធិ​វិនិយោគ​ឯកជន​កាន់​តែ​ច្រើន​ នឹង​មាន​ក្រុមហ៊ុន​ ​កាន់​តែ​ច្រើន​មាន​លទ្ធភាព​ក្នុង​ការ​ចុះ​បញ្ជី​នៅ​ CSX»​៕LA

អត្ថបទគួរចាប់អារម្មណ៍