ទីក្រុង​វីយ៉ែន៖ ក្រុម​ប្រទេស​ផលិត​ប្រេង​ឥន្ធនៈ​នៃ​សមាគម​នាំចេញ​ប្រេង OPEC និង​សម័្ពន្ធមិត្ត​របស់​ខ្លួន​នឹង​ជួប​ប្រជុំ​តាម​អនឡាញ​នៅ​ថ្ងៃ​ចន្ទ នេះ និង​ថ្ងៃ​អង្គារ ដើម្បី​បញ្ចប់​នូវ​ផែនការ​ពង្រីក​ការ​កាត់​បន្ថយ​ផលិតកម្ម​ដែល​បាន​គ្រោង​ពេល​ការ​រីក​រាលដាល​វីរុស​កូរ៉ូណា​បន្ត​វាយ​លុក​តម្រូវការ​ទីផ្សារ​ប្រេង​ក្នុង​ពិភព​លោក។

កិច្ច​ប្រជុំ​កើត​មាន​ឡើង​ចំពេល​ដែល​ឧស្សាហកម្ម​ប្រេង​ឥន្ធនៈ​សង្ឃឹម​បើក​ទំព័រ​ថ្មី​ក្នុង​ឆ្នាំ​ប្រកប​ដោយ​គ្រោះ​អាសន្ន ដែល​មើល​ឃើញ​ក្រុម​ប្រទេស​ផលិត​ប្រេង​បង្ខំ​ចិត្ត​សម្រប​ខ្លួន​ចំពោះ​ការ​កាត់​បន្ថយ​ដ៏សម្បើម​នេះ ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​តម្រូវ​ការ​បណ្តាល​មក​ពី​ការ​រីក​រាលដាល​វីរុស។ រដ្ឋ​ជា​សមាជិក​ចង់​គេច​ពី​ការ​ជាន់​ដាន​ឡើង​វិញ​នៃ​ការ​ធ្លាក់​ចុះ​តម្លៃ​ ដែល​ពួក​គេ​បាន​ជួប​ប្រទះ​ក្នុង​ខែ​មេសា កន្លង​មក។

យោង​តាម​កិច្ច​ព្រមព្រៀង​ដែល​បាន​ឯកភាព​គ្នា​ក្នុង​ខែ​នោះ ការ​កាត់​បន្ថយ​បចុ្ចប្បន្ន​មាន​ចំនួន ៧,៧ លាន​បារ៉ែល ក្នុង ១ ថ្ងៃ ដែល​មាន​ន័យ​ថា នឹង​ត្រូវ​បាន​បន្ថយ​ដល់ ៥,៨ លាន​បារ៉ែល ក្នុង ១ ថ្ងៃ ចាប់​ពី​ខែ​មករា ឆ្នាំ ២០២១។

ប្រទេស​ផលិត​ប្រេង​សំខាន់ៗ​ក្នុង​ក្រុម​នេះ​បាន​ព្រលយ​ក្នុង​សប្តាហ៍​ថ្មីៗ​នេះ​ថា ការ​កាត់​បន្ថយ​បែប​នេះ ប្រហែល​ជា​កើត​មាន​ទោះបី​ជា​មាន​ដំណឹង​វិជ្ជមាន​ស្តីពី​ការ​អភិវឌ្ឍ​នៃ​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូរ៉ូណា ដោយ​ក្រុមហ៊ុនផលិត​ឱសថ​ជា​ច្រើន​ក្តី។

ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ដូចជា​ AstraZeneca, Pfizer/BioNTech និង Moderna ដែល​ទាំង​អស់​គ្នា​បាន​បង្ហាញ​ពី​លទ្ធផល​សាកល្បង​គួរ​ជាទី​ពេញ​ចិត្ត​ពី​វ៉ាក់សាំង​របស់​ពួក​គេ​ក្នុង​សប្តាហ៍​ថ្មីៗ​នេះ ដែល​ផ្តល់​នូវ​ឱកាស​រស់​ឡើង​វិញ​សម្រាប់​តម្រូវ​ការ​ប្រេង ឥនន្ធៈ។

ទោះបី​យ៉ាង​ណា ខណៈ​ពេល​ដែល​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​នឹង​ប្រើ​រយៈពេល​យូរ​អង្វែង OPEC និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​នឹង​ផ្តោត​លើ​ការ​គាំទ្រ​តម្លៃ​នៅ​ក្នុង​ត្រីមាស​ទី​១ និង​ប្រហែល​ជា​ត្រីមាស​ទី២ ឆ្នាំ ២០២១។ ខណៈ​ពេល​ដែល​ការ​ពង្រីក​ការ​កាត់​បន្ថយ​ជា​សេណារីយោ​ដែល​ទំនង​ជា​កើត​ឡើង​បំផុត​ក៏​មាន​លទ្ធភាព​នៃ​ការ​មិន​ចុះ​សម្រុង​គ្នា​កើត​ឡើង​ក្នុង​ចំណោម​ប្រទេស​ទាំង ២៣ ដែល​ពាក់ព័ន្ធ​ក្នុង​ផលិតកម្ម​ប្រេង​ឥន្ធនៈ។

ការ​ចងចាំ​អំពី​មហន្តរាយ​នៃ​ការ​ប្រជុំ​មួយ​នៅ​ខែ​មីនា ឆ្នាំ​នេះ គឺ​នៅ​តែ​ថ្មីៗ​នៅ​ឡើយ​នៅ​ពេល​ដែល​ប្រទេស អារ៉ាប៊ី សាអ៊ូឌីត និង​សម្ព័ន្ធមិត្ត​សំខាន់​របស់​រុស្ស៊ី​មិន​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង ហើយ​បាន​ចំណាយពេល ១ ខែ​ទៀត​ក្នុង​ការ​ធ្វើ​សង្គ្រាម​តម្លៃ​ក្លែងក្លាយ។

នៅ​ពាក់​កណ្តាល​ខែ​វិច្ឆិកា ប្រទេស​អារ៉ាប់រួម ​បាន​បង្ហាញ​ការ​ស្ទាក់ស្ទើរ​ចំពោះ​ក្តី​សង្ឃឹម​នៃ​ការ​អនុវត្តការ​កាត់​ផ្តាច់​ឱ្យ​បាន​ពេញ​លេញ​នៅ​ចុង​ឆ្នាំ​នេះ។ បន្ទាប់​មក​ក៏​មាន​ប្រធានបទ​រសើប​ថា​ តើ​សមាជកិ​ទាងំ​អស់​បច្ចុប្បន្ន​ប្រកាន់​ខ្ជាប់​នឹង​កូតា​ផលិតកម្ម​ដែល​បាន​ប្រគល់​ទៅ​ឱ្យ​ពួក​គេ​ហើយ​ ឬនៅ?

អ្នក​ដែល​មាន​ទិន្នផល​ខ្ពស់​លើស​គេ​ក្នុង​ចំណោម​ប្រទេស​អ៊ីរ៉ាក់ និង​នីហ្សេរីយ៉ា តែងតែ​មក​រក​ការ​ស្ដីបន្ទោស​ពី​ព្រះអង្គ​ម្ចាស់ Abdelaziz bin Salman ដែល​ជា​រដ្ឋមន្រ្តី​ថាមពល​របស់​អារ៉ាប៊ី សាអ៊ូឌីត និង​ជា​ប្រធាន​នៅ OPEC។

ការ​ផ្តោត​សំខាន់​របស់​ក្រុម​ផលិត​ប្រេង គឺ​ទៅ​លើ​តម្លៃ​ប្រេង​ឆៅ ដែល​បាន​វិល​ត្រឡប់​មក​រក​កម្រិត​មុន​នៃ​ការ​រាតត្បាត​របស់​ខ្លួន​ក្នុង​ចន្លោះ​ពី ៤៥ ទៅ ៥០ ដុល្លារ ក្នុង ១ បារ៉ែល សម្រាប់​ទាំង​ស្តង់ដា​អាមេរិក (WTI) និង​ម៉ាក Brent ដែល​ប្រើប្រាស់​នៅ​ទីផ្សារ​អឺរ៉ុប។

ប៉ុន្តែ​សមាជិក​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​តួលេខ​ផលិតកម្ម​នៅ​ខាង​ក្រៅ​ប្លុក​ក៏​ដូច​ជា​ចំនួន​ប្រេង​ដែល​កំពុង​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ពេល​តែ​មួយ​ផង​ដែរ។

អាមេរិក​ដែល​មិនមែន​ជា​សមាជិក​របស់​ OPEC និង​ផលិត​ប្រេង​ធំ​បំផុត​របស់​ពិភព​លោក​បាន​ធ្លាក់​ពី​កម្រិត​ខ្ពស់​ជា​ប្រវត្តិសាស្រ្ត​នៅ​ដើម​ឆ្នាំ​ដល់ ១១ លាន​បារ៉ែល ក្នុង ១ ថ្ងៃ​នៅ​ពេល​នេះ៕ AFP/RR__