វីយែនៈ ដោយ​ប្រឈម​នឹង​ការធ្លាក់ចុះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក និង​ការ​ស្ដុក​ទុក​លើស​តម្រូវការ​ដែល​ដាក់​សម្ពាធ​លើ​តម្លៃ​ប្រេង ក្រុម​ប្រទេស​នាំចេញ​ប្រេង (OPEC) និង​ដៃគូ​របស់​ខ្លួន​អាច​ស្វែងរក​ការកាត់បន្ថយ​ទិន្នផល​កាន់តែច្រើន​ទៀត នៅពេល​ពួកគេ​ជួបគ្នា​នៅ​ទីក្រុង​វីយែន​នៅ​ថ្ងៃ​សុក្រ​នេះ​។

ការកាត់បន្ថយ​ទិន្នផល ១,២ ​លាន​បារ៉ែល​ក្នុង ​១ ​ថ្ងៃ​ចាប់ពី​​ខែតុលា ឆ្នាំ​ ២០១៨ ត្រូវបាន​បង្គ្រប់​កាលពី​ខែធ្នូ​ឆ្នាំមុន ហើយ​​ត្រូវបាន​ពន្យារពេល​រួច​ហើយ​នៅក្នុង​កិច្ចប្រជុំ​របស់ OPEC កាលពី​ខែកក្កដា​។

ក្រុម​អ្នក​អង្កេត​មួយ​ចំនួន​បាន​រំពឹងថា​នឹង​កាត់បន្ថយ​ដើម្បី​រក្សា​ដំណើរការ​រហូត​ដល់​ចុង​ឆ្នាំ​ ២០២០​។

ប៉ុន្តែ​លោក Thamer Ghadban រដ្ឋមន្ដ្រី​ក្រសួង​ប្រេង​របស់​ប្រទេស​ អ៊ីរ៉ាក់ នៅពេល​ការមក​ដល់​របស់​លោក​កាលពី​ថ្ងៃ​អង្គារ​នៅ​ទីក្រុង​វីយែន​បាន​ផ្ដល់​យោបល់​ដល់​សមាជិក​មួយចំនួន​នឹង​ជំរុញ​ឲ្យ​កាត់បន្ថយ​ទិន្នផល​ចំនួន ៤០០ ០០០ ​បារ៉ែល​បន្ថែម​ក្នុង​ ១ ​ថ្ងៃ​។

ប៉ុន្តែ​លោក​បន្ថែម​ថា​រាល់​ការកាត់បន្ថយ​ណាមួយ​គឺ «​ស្រប​ខ្លាំង​ជាមួយ​នឹង​បណ្ដា​ប្រទេស​ជា​សមាជិក​»​។ នៅក្នុង​ការអត្ថាធិប្បាយ​ដែល​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ Bloomberg កាលពី​ថ្ងៃ​ពុធ​លោក Ghadban បាន​គាំទ្រ​ការពន្យារពេល​កិច្ចព្រមព្រៀង​បច្ចុប្បន្ន​រហូត​ដល់​ចុង​ឆ្នាំ​ក្រោយ​។

ក្រុម​អ្នក​អង្កេត​មួយ​ចំនួន​ឲ្យ​ដឹងថា ការកាត់បន្ថយ​ការផលិត​ពេល​ថ្មីៗ និង​ការបង្កើន​តម្លៃ​នឹង​ត្រូវ​ជាមួយ​នឹង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ខណៈ​ប្រទេស​នេះ​ព្យាយាម​ក្នុង​ការគាំទ្រ​ការបោះ​ផ្សាយ IPO នៃ Aramco ជា​ក្រុមហ៊ុន​ប្រេង​ជាតិ​របស់ខ្លួន​។

សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក កំពុង​ដើរតួនាទី​ជាការ​អូសបន្លាយ​កំណើន​សេដ្ឋកិច្ច​ចិន ដែល​ជា​ប្រទេស​ប្រើប្រាស់​ប្រេង​ច្រើន​ជាងគេ ខណៈ​សេដ្ឋកិច្ច​អឺរ៉ុប បច្ចុប្បន្ន​ក៏​កំពុង​នៅ​ទ្រឹង​ផងដែរ​។ លើស​ពី​នេះ​ទិន្នផល​នៃ​ការផលិត​ប្រេង​នៅ​ក្រៅ​ពី OPEC កំពុង​បំបែក​កំណត់ត្រា​គឺ អាមេរិក​ជា​ប្រទេស​ផលិត​ធំជាងគេ​របស់​ពិភពលោក​ចាប់ពី​ឆ្នាំ​ ២០១៨៕ LA