ក្រុង​តូក្យូៈ ក្រុមហ៊ុន​អេឡិចត្រូនិក Panasonic របស់​ប្រទេស ​ជប៉ុន​ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុមហ៊ុន​កំពុង​ផ្អាក​​ធ្វើ​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន Huawei បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ហាម​ឃាត់​ក្រុមហ៊ុន​អាមេរិក​មិន​ឲ្យ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​​ក្រុមហ៊ុន​ចិន​​នេះ​​ដោយសារ​ក្តី​បារម្ភ​ពី​បញ្ហា​សន្តិសុខជាតិ។

លោក Joe Flynn អ្នក​នាំពាក្យ​ក្រុមហ៊ុន Panasonic បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា៖ «យើង​បាន​បញ្ឈប់​ប្រតិបត្តិការ​​អាជីវកម្ម​ទាំង​អស់​ជាមួយ​ក្រុមហ៊ុន Huawei និង​ក្រុមហ៊ុន​ចំនួន ៦៨ ផ្សេង​ទៀត​ក្នុង​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​នេះ ដែល​ជា​កម្មវត្ថុ​ចំពោះ​ការ​ហាម​ឃាត់​របស់​រដ្ឋាភិបាល​អាមេរិក»។ លោក​បន្ថែម​ថា៖ «កាល​ពី​ម្សិលមិញ មាន​ការ​ចេញ​ផ្សាយ​​សេចក្តី​ណែនាំ​ផ្ទៃ​ក្នុង​មួយ​ឲ្យ​អនុវត្ត​ពេញ​លេញ​នូវ​វិធាន​នោះ»។

លោក Flynn ​ឲ្យ​ដឹង​ថា អាជីវកម្ម​របស់​ក្រុមហ៊ុន Panasonic ជាមួយ​ក្រុមហ៊ុន Huawei មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​ផ្គត់ផ្គង់ «គ្រឿង​បន្លាស់​អេឡិចត្រូនិក» ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត។

សេចក្តី​ប្រកាស​នេះ​កើត​មាន​ឡើង​បន្ទាប់​​ពី​ក្រុមហ៊ុន​​​ទូរស័ព្ទ​ចល័ត​ក្នុង​ប្រទេស ​ជប៉ុន និង​ចក្រភព​អង់គ្លេស​បាន​ប្រកាស​ថា ពួក​ខ្លួន​នឹង​ពន្យារពេល​ចេញ​លក់​ទូរស័ព្ទ​ដៃ​ទំនើប​របស់​ក្រុមហ៊ុន Huawei។

ក្រុមហ៊ុន​ទូរគមនាគមន៍ EE របស់​ចក្រភព​អង់គ្លេស ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន BT ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ខ្លួន​នឹង​​កាត់​បន្ថយ​ការ​ប្រើប្រាស់​ឧបករណ៍​ទូរគមនាគមន៍​របស់​ក្រុមហ៊ុន Huawei ជា​បណ្តើរៗ​ចំពោះ​សមាសធាតុ «ស្នូល» ដែល​មាន​ភាព​រសើប​បំផុត​​នៃ​​ហេដ្ឋា​រចនា​សម្ព័ន្ធ​បណ្តាញ​របស់​ខ្លួន។

ក្រុមហ៊ុន​ ARM Holdings របស់​ចក្រភព​អង់គ្លេស ដែល​ផលិត​បន្ទះ​ឈីប​​សម្រាប់​​ទូរស័ព្ទ iPhones របស់​ក្រុមហ៊ុន Apple បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា ក្រុមហ៊ុន​នេះ​ក៏​បាន​ផ្អាក​ទំនាក់ទំនង​​ជាមួយ​ក្រុមហ៊ុន Huawei ​ផង​ដែរ​ ដើម្បី​អនុលោម​តាម​ការ​ហាមឃាត់​របស់​អាមេរិក។

ទីក្រុង​វ៉ាស៊ីនតោន បាន​ដាក់​សម្ពាធ​​ឲ្យ​ក្រុមហ៊ុន​ក្នុង​ប្រទេស​ជា​មិត្ត​ផ្សេងៗ​ឲ្យ​អនុវត្ត​តាម​ការ​ហាមឃាត់​នេះ។ កាល​ពី​ថ្ងៃ​ម្សិលមិញ មាន​សេចក្តី​រាយការណ៍​ថា រដ្ឋាភិបាល​អាមេរិក​កំពុង​បញ្ចុះបញ្ចូល​កូរ៉េខាង​ត្បូង​មិន​ឲ្យ​ប្រើប្រាស់​ផលិតផល​របស់​ក្រុមហ៊ុន Huawei។ នេះ​បើ​យោង​តាម​កាសែត​មួយ​ដែល​បាន​រាយការណ៍​កាល​ពី​ម្សិលមិញ។

នៅ​សប្តាហ៍​នេះ ​លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ​ត្រាំ ចេញ​បញ្ជា​​ហាមឃាត់​​​ក្រុមហ៊ុន​អាមេរិក​មិន​ផ្គត់ផ្គង់​គ្រឿង​ផ្គុំ​សំខាន់ៗ​ឲ្យ​ក្រុមហ៊ុន Huawei និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​នេះ ដោយ​លើក​ឡើង​ពី​ក្តី​បារម្ភ​ផ្នែក​សន្តិសុខ តែ​ក្រោយ​មក​មានការ​​ពន្យារពេល​ការ​អនុវត្ត​នេះ​ចំនួន ៩០ ថ្ងៃ៕ AFP/KC