ភ្នំពេញ: ក្រុមហ៊ុន Parkson Cambodia ដែល​ស្ថិតនៅក្រោម​ក្រុមហ៊ុន Parkson Retail Asia Ltd''s (PRA) ជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​ប្រទេស​សិង្ហបុរី​ត្រូវតម្រូវ​ឲ្យ​បង់ប្រាក់ ១៤៤,៥០ ​លាន​ដុល្លារ ​ទៅលើ​ការខូចខាត​ដល់​ក្រុមហ៊ុន Hassan (Cambodia)Development Co., Ltd ជា​តម្លៃ​ជួល​នៅ​អំឡុងពេល​នៃ​ការជួល​ស្ថិតក្រោម​កិច្ចព្រមព្រៀង​។

ការតម្រូវ​ឲ្យ​បង់​នេះ​ធ្វើឡើង​បន្ទាប់ពី​តុលាការ​ក្រុងភ្នំពេញ​ពីថ្ងៃ​ទី​ ២២ ខែ​មេសា បាន​ផ្ដល់​ការវិនិច្ឆ័យ​ប្រឆាំង​នឹង​ក្រុមហ៊ុន Parkson Cambodia និង​បាន​បញ្ជា​ឲ្យ​ផាកពិន័យ និង​ការទូទាត់​ការខូចខាត​។ នេះ​បើ​យោងតាម TheStar កាលពី​ថ្ងៃ​ចន្ទ​។

សេចក្តី​ជូនដំណឹង​បាន​ឲ្យ​ដឹងថា ប្រាក់​តម្កល់​របស់​ក្រុមហ៊ុន Parkson (Cambodia) Co. Ltd និង​ការទូទាត់​ការជួល​ទាំងអស់​បាន​បង់​ឲ្យ​ក្រុមហ៊ុន Hassan (Cambodia) មាន​ចំនួន ​៤,៤៨ លាន​ដុល្លារ​ ក៏​នឹង​ត្រូវបាន​ពិន័យ​ដកហូត​ផង​ដែរ​។

កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​បាន​ទាក់ទង​ក្រុមហ៊ុន Hassan (Cambodia) Development កាលពី​ថ្ងៃ​អង្គារ ប៉ុន្តែ​បុគ្គលិក​របស់​ក្រុមហ៊ុន​នេះ​បាន​ប្រាប់ថា ពួកគេ​នឹង​ទាក់ទង​ពេល​ក្រោយ​។

យោងតាម TheStar ក្រុមហ៊ុន PRA កាលពី​ខែវិច្ឆិកា​ឆ្នាំ​ ២០១៨ និង ខែតុលា ឆ្នាំ​ ២០១៩ បាន​ប្រកាស​ថា ខ្លួន​បានចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​អំពី​មជ្ឈត្តិការ​ទៅ​ក្រុមហ៊ុន Hassan (Cambodia) ស្ថិត​នៅក្រោម​មជ្ឈមណ្ឌល​មជ្ឈត្តិការ​អន្តរជាតិ​សិង្ហបុរី (SIAC) ​ជុំវិញ​ការជួល​នេះ​។

ក្រុមហ៊ុន PRA កាលពី​មុន​បានប្រកាស​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ហិរញ្ញវត្ថុ​ដែល​មិនទាន់​ធ្វើ​សវនកម្ម​របស់​ខ្លួន​សម្រាប់​ត្រីមាស​ទី​ ៤ និង​រយៈពេល​ ១២ ​ខែ គិត​ត្រឹម​ថ្ងៃ​ ៣០ ខែមិថុនា ឆ្នាំ​ ២០១៩ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ២៧ ខែ​សីហា ឆ្នាំ​ ២០១៩ អំពី​ជម្លោះ​ដែល​កំពុង​រង់ចាំ​មជ្ឈត្តិការ​ស្ថិតក្រោម SIAC​។ ក្រុមហ៊ុន Hassan (Cambodia) ​កាលពី​ថ្ងៃទី​ ១២ ខែធ្នូ​បានដាក់​ញត្តិ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ នេះ​បើតាម TheStar​។

ក្រុមហ៊ុន PRA ត្រូវបាន​ដកស្រង់​សម្តី​ដោយ​លើកឡើង​ថា​៖ «​មុនពេល​ការវិនិច្ឆ័យ​នេះ Parkson Cambodia បានដាក់​ញត្តិ​ប្ដឹង​ឧទ្ធរណ៍​ទៅ​សាលាឧទ្ធរណ៍​កម្ពុជា​ដើម្បី​ផ្ទេរ​យុត្តាធិការ​របស់​តុលាការក្រុង​ភ្នំពេញ​ក្នុង​ការបើក​សវនាការ​រឿងក្ដី​លេខ​ ២៥៧៧ ទៅ​យុត្តាធិការ​មជ្ឈត្តិការ​ SIAC​។ ញត្តិ​បណ្ដឹង​ឧទ្ធរណ៍​នេះ​បច្ចុប្បន្ន​កំពុង​រង់ចាំ​នៅ​សាលាឧទ្ធរណ៍​កម្ពុជា​»​។

ក្រុមហ៊ុន Parkson Cambodia បច្ចុប្បន្នកំពុង​ស្វែងរក​ការប្រឹក្សា​យោបល់​ពី​ក្រុម​មេធាវី​កម្ពុជា​របស់ខ្លួន​ថា តើ​ត្រូវដាក់​ញត្តិ​ទុក​ការវិនិច្ឆ័យ​នេះ មួយ​ឡែក​ដើម្បី​ប្ដឹង​ឧទ្ធរណ៍​ទៅ​សាលាឧទ្ធរណ៍​កម្ពុជា​ឬ​យ៉ាងណា ឬ​ថា​តើ​បែបបទ​បណ្ដឹង​សើរើ​ផ្សេងទៀត​អាច​ធ្វើ​ទៅ​បានដែរ​ឬ​យ៉ាងណា​? នេះ​បើ​យោងតាម TheStar៕ LA