ភ្នំពេញៈ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ (PAS) ​បាន​ប្រកាស​បែងចែក​ភាគលាភ​ជាង ៣ ​លាន​ដុល្លារ ឬ​ជាង​ ១២ ​ពាន់​លាន​រៀល​ ដល់​ភាគទុនិក​របស់​ខ្លួន​ដែល​ត្រូវ​រំពឹងថា នឹង​បែងចែក​នៅ​ថ្ងៃទី​ ២២ ខែមិថុនា ខាងមុខ​។

យោងតាម​ឯកសារ​ក្រុមហ៊ុន​ដែល​ផ្ញើ​ទៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) ​កាលពី​ថ្ងៃទី​ ៥ ខែ​មិថុនា ចំនួន​ភាគលាភ​សរុប​ដែល​ត្រូវ​បែងចែក​មាន​ចំនួន ១២ ១៧៤ ៦៤៩ ២៧៦ រៀល ខណៈ​ដែល​អនុបាត​នៃ​ការបែងចែក​ភាគលាភ​សរុប​មាន ៣១,១២ ​ភាគរយ ​ដោយ​ក្នុងចំណោម​នោះ ៩,០៣ ​ភាគរយ​ សម្រាប់​ភាគហ៊ុនិក​ប្រភេទ «​ខ​» និង ២២,០៩ ​ភាគរយ​ សម្រាប់​ភាគហ៊ុនិក​ប្រភេទ «​គ​» ហើយ​ការទូទាត់​នឹងត្រូវ​ធ្វើឡើង​ជា​សាច់ប្រាក់​សុទ្ធ​។

លោក Jong Weon Ha អនុប្រធាន CSX បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ការទូទាត់​ភាគលាភ​នេះ​គឺជា​ការសម្រេចចិត្ត​សម​ហេតុផល​មួយ​ក្នុង​ការផ្តល់​ចំនួន ៣១,១២ ​ភាគរយ ហើយ​ភាគលាភ​ក្នុង​មួយ​ភាគហ៊ុន​សម្រាប់​ភាគហ៊ុនិក​ប្រភេទ​ «​គ​» មាន​ចំនួន ៤០៣,០០ រៀល​ស្មើនឹង ៨ ​ភាគរយ (​ខ្ពស់​ជាង​ភាគលាភ​ធានា ៥ ​ភាគរយ​) បើ​ធៀប​នឹង​តម្លៃ IPO​។

លោក​ថ្លែងថា​៖ «​ខណៈ​សេដ្ឋកិច្ច​ពិភពលោក​ដែល​មិន​ច្បាស់លាស់​នៅពេល​បច្ចុប្បន្ន PAS អាច​បែងចែក​ភាគលាភ​ប្រហែល ២,៥ ​ភាគរយ (​ធៀប​នឹង​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន​) ដែល​ជា​អត្រា​ដ៏ល្អ​មួយ​រួចហើយ​»​។

លោក​លើកឡើង​ថា​៖ «​សម្រាប់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​ជា​ភាគហ៊ុនិក​ឈានមុខ​គេ និង​កាន់កាប់​ភាគហ៊ុន​ប្រភេទ ខ ទទួល​បាន​ភាគលាភ ៥៤,៩២ ​រៀល​ក្នុង​ ១ ​ភាគហ៊ុន​ប៉ុណ្ណោះ ដែល​មាន ៨២,៣៨ ​ភាគរយ​ទាប​ជាង​អ្នកកាន់កាប់​ភាគហ៊ុន​សាធារណៈ​។ នេះ​មានន័យថា PAS បាន​ដាក់​កិច្ចខិតខំ​ប្រឹងប្រែង​ខ្លាំង ដើម្បី​ថែរក្សា​អត្ថប្រយោជន៍​របស់​ក្រុម​វិនិយោគិន​សាធារណៈ​»​។

លោក​បាន​បញ្ជាក់ថា​៖ «​វា​បង្ហាញ​ពី​សក្ដានុពល​អាជីវកម្ម​ដ៏រឹងមាំ​របស់ PAS នៅក្នុង​ស្ថានការណ៍​ពិបាក​នេះ ខណៈ​ដែល​ប្រភេទ​អាជីវកម្ម​ផ្សេងៗ​ទៀត​ត្រូវបាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​។ ភាគហ៊ុនិក​ប្រាកដ​ណាស់​ថា នឹង​ពេញចិត្ត​ជាមួយ​នឹង​ការផ្តល់​ភាគលាភ​នេះ​»៕ LA