ភ្នំពេញៈ ក្រុមហ៊ុន​ផ្គត់ផ្គង់​ខ្សែ​បញ្ចូល​ថាមពល Pestech (Cambodia) Plc ដែល​ជា​បុត្រសម្ព័ន្ធ​គ្រប់គ្រង​ ១០០ ​ភាគរយ​ដោយ​ក្រុមហ៊ុនមេ Pestech International Bhd មាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី​ ចុះបញ្ជី​មូលបត្រ​កម្មសិទ្ធិ​របស់ខ្លួន​ជា​ផ្លូវការ​នៅលើ​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា (CSX) ​កាលពី​ម្សិលមិញ ទោះបី​ជា​ស្ថិត​ក្នុង​ស្ថានភាព​ដ៏តានតឹង​នៃ​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​ ក៏ដោយ​។

ការបោះ​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើក​ដំបូង​ជា​សាធារណៈ (IPO) ​របស់​ក្រុមហ៊ុន Pestech មាន​ចំនួន​ ៥,២៦ ​ភាគរយ​ នៃ​ភាគហ៊ុន​សរុប​ដែល​មាន​ចំនួន​ ៣,៩ ​លាន​ភាគហ៊ុន​ជាមួយ​នឹង​តម្លៃ ៣ ១២០ ​រៀល​ក្នុង​ ១ ​ភាគហ៊ុន ឬ ៣ ​លាន​ដុល្លារ​។

លោក Paul Lim ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Pestech (Cambodia) បាន​ឲ្យ​ដឹង​តាមរយៈ​សន្និសីទ​វីដេអូ​ពី​ប្រទេស​ម៉ាឡេស៊ី​នៅក្នុង​ពិធី​ចុះបញ្ជី​ផ្លូវការ​កាលពី​ថ្ងៃ​ពុធ​ថា ជាមួយ​នឹង​អត្រា​នៃ​ការធ្វើ​បរិវិសកម្ម​ចំនួន​លើស​ ១,៨៣ ​ដង​នៃ​ IPO របស់​ក្រុមហ៊ុន​នេះ គឺ​បង្ហាញ​ទំនុក​ចិត្តជា​សាធារណៈ​ជុំវិញ​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន PESTECH (Cambodia)​។

លោក​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ឆ្នាំ​ ២០១០ ក្រុមហ៊ុន PESTECH បាន​កំពុង​ចូលរួម​នៅក្នុង​ការសាងសង់​បណ្ដាញ​អគ្គិសនី​កម្រិត​តុងស្យុង​ខ្ពស់​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​នាំយក​ថាមពល​អគ្គិសនី​ទៅ​តំបន់​ផ្សេងៗ​នៃ​ប្រទេស​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ដោយ​មាន​អាជីវកម្ម​មិន​ប៉ះពាល់​ដល់​បរិស្ថាន​នៅ​កម្ពុជា និង​ការចុះបញ្ជី​លើ CSX ប្រកប​ដោយ​ជោគជ័យ​ក្រុមហ៊ុនមេ​របស់​យើង​បាន​បង្កើត​ផលបត្រ​វិនិយោគ​ល្អ​ក្នុង​ការបន្ត​សម្រេច​បាន​ឱកាស​ដ៏ធំ​បន្ថែមទៀត​ក្នុង​ការផលិត​ថាមពល​អគ្គិសនី អគ្គិសនី​តាមផ្លូវ​ដែក ការចែកចាយ​ថាមពល អគ្គិសនី និង​អាជីវកម្ម​អគ្គិសនី​វៃឆ្លាត​នៅ​កម្ពុជា និង​ការនាំចេញ​បន្ថែម​ទៀត​ទៅ​តំបន់​ទន្លេមេគង្គ​»​។

លោក​លើកឡើង​ទៀតថា​៖ «​ក្រុមហ៊ុន PESTECH (Cambodia) នៅពេល​នេះ គឺជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​កម្ពុជា​មួយ​បាន​ប្ដេជ្ញាចិត្ត​ថា នឹង​ពង្រឹង​វត្តមាន​ក្រុមហ៊ុន​របស់​ខ្លួន​នៅក្នុង​ស្រុក បង្កើត​ឈ្មោះ​យីហោ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា ដើម្បី​បម្រើ​តំបន់​ឥណ្ឌូចិន បណ្ដុះបណ្ដាល​ក្រុម​ជំនាញ​វិស្វករ​ថាមពល​ក្នុងស្រុក និង​ដើម្បី​វិនិយោគ​លើ​ការផលិត​ផលិតផល​ថាមពល​ដំឡើង​ក្នុង​ស្រុក ប្រសិនបើ​ឱកាស​ផ្ដល់​ឲ្យ​»​។

លោក ហុង សុខហួរ អគ្គនាយក CSX បាន​ឲ្យ​ដឹងថា​ជាមួយ​នឹង​ការចុះបញ្ជី​នេះ​ក្រុមហ៊ុន​នឹង​ប្រមូល​មូលនិធិ​ចំនួន​ ៣ ​លាន​ដុល្លារ​ជាមួយ​នឹង​តម្លៃ​ IPO ៣ ១២០ រៀល ក្នុង​ ១ ​ភាគហ៊ុន ហើយ​វា​នឹង​បម្រើ​ជា​ប្រភព​ថ្មី​នៃ​មូលនិធិ​សម្រាប់​ក្រុមហ៊ុន​ក្នុង​ការវិនិយោគ​បន្ថែម និង​ពង្រីក​អាជីវកម្ម​នៅ​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​ការប្រមូល​មូលនិធិ​តាមរយៈ​ទីផ្សារ​មូលធន​នេះ​នឹង​ក្លាយជា​មធ្យោបាយ​អាទិភាព​សម្រាប់​ក្រុមហ៊ុន​ធុន​តូច និង​មធ្យម ដើម្បី​លើកកម្ពស់ និង​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​នៅពេល​អនាគត​។ ការប្រមូល​មូលនិធិ​នេះ​នឹង​ជា​ថ្នូរ​នៃ​ជម្រើស​ដោយ​ទំនុកចិត្ត​ចំពោះ​ក្រុម​វិនិយោគិន​សក្ដានុពល ដែល​កំពុង​ស្វែងរក​ការវិនិយោគ ឬ​ចង់​ប្រើប្រាស់​ប្រាក់​លើស​ចំនួន​របស់​ពួកគេ​ក្នុង​ការស្វែងរក​ប្រាក់ចំណេញ​នៅក្នុង​រយៈពេល​ខ្លី និង​រយៈពេល​វែង​»​។

លោក ស៊ូ សុជាតិ អគ្គនាយក​គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) បាន​និយាយថា ក្រុមហ៊ុន Pestech កំពុង​ធ្វើការងារ​លើ​គម្រោង IPO ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ ប៉ុន្តែ​ពួកគេ​មិនបាន​បោះបង់​នោះទេ​។

លោក​បន្តថា​៖ «​មែនទែន​ទៅ​យើង​មិន​រំពឹងថា IPO របស់​ក្រុមហ៊ុន Pestech ទទួល​បាន​ការធ្វើ​បរិវិសកម្ម​លើស​ចំនួន​នោះទេ ក្នុង​អំឡុង​ពេលវេលា​ដ៏ពិបាក​ដោយសារ​តែ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩»​។

លោក​បន្ថែម​ថា​៖ «Pestech គឺជា​ក្រុមហ៊ុន​ដំបូង​ដែលមាន​ក្រុមហ៊ុនមេ​ចុះបញ្ជី​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី និង​ជា​ក្រុមហ៊ុន​ទី​ ៧ ​ដែល​ចុះបញ្ជី​មូលបត្រ​របស់ខ្លួន​លើ​ CSX​។ ខ្ញុំ​ជឿជាក់​លើ​ក្រុមហ៊ុន Pestech នឹង​នាំ​យក​បទពិសោធ​លើ​ការចុះបញ្ជី​របស់​ពួកគេ​នៅ​ម៉ាឡេស៊ី​មក​អនុវត្ត​នៅទីនេះ​»​។

យោង​តាម​លោក សុខហួរ រហូត​មក​ដល់​ពេលនេះ CSX មាន​ក្រុមហ៊ុន​ចុះបញ្ជី​ ១៣ ក្នុង​ចំណោម​នោះ ក្រុមហ៊ុន​ ៧ ​ចុះបញ្ជី​មូលបត្រ​កម្មសិទិ្ធ និង​ក្រុមហ៊ុន​ ៦ ​ចុះបញ្ជី​សញ្ញា​បណ្ណ​សាជីវកម្ម​។ ក្រុមហ៊ុន​ទាំង​ ១៣ នេះ​បាន​ប្រមូល​មូលនិធិ​ប្រហែល​ ២៤៣ ​លាន​ដុល្លារ​។ ត្រឹម​បញ្ចប់​ឆមាស​ទី​ ១ ​ឆ្នាំ​នេះ ទំហំ​មូលធន​នូបនីយកម្ម​ទីផ្សារ​មូលបត្រ​បាន​កើនឡើង​ដល់​ ២,៥៧ ​ពាន់​លាន​ដុល្លារ ដោយ​កើនឡើង​ចំនួន​ ៤,៥ ​ដង​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​៕LA