ភ្នំពេញៈ គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) បាន​ផ្តល់​ការអនុញ្ញាត​លើ​សំណើ​បោះផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ​របស់​ក្រុមហ៊ុន Pestech (Cambodia) ដែល​ជា​ការបើក​ផ្លូវ​ឲ្យ​ក្រុមហ៊ុន​ប្រមូល​ដើមទុន​ពី​សាធារណជន​តាមរយៈ​ការលក់​ភាគហ៊ុន និង​ក្លាយ​ជា​ក្រុមហ៊ុន​ទី​ ៦ ដែល​ចុះបញ្ជី​ក្នុង​ផ្សារ​ភាគហ៊ុន​កម្ពុជា​។

Pestech (Cambodia) គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន Pestech International Bhd ដែល​ចុះ​បញ្ជី​ក្នុង​ផ្សារហ៊ុន​ម៉ាឡេស៊ី​គ្រោង​នឹង​ប្រមូល​ដើមទុន​ប្រមាណ ២០ លាន​ដុល្លារ​តាមរយៈ IPO នៅក្នុង​ទីផ្សារ​គោល​របស់​ផ្សារ​មូលបត្រ​កម្ពុជា (CSX)​។ កាលពី​ខែ​មុន​ក្រុមហ៊ុន​បាន​ទទួល​ការឯកភាព​លើ​ពាក្យ​ស្នើសុំ​ពិនិត្យ​លទ្ធភាព​ចុះ​បញ្ជី​ពី​ CSX រួច​ហើយ​។

លោក អ៊ីវ រ៉ាណ្ណារិទ្ធ នាយកប្រតិបត្តិ​ក្រុមហ៊ុន អ អេចបី ឥណ្ឌូឆៃណា ស៊ីឃ្យូរីធី ដែល​ជា​ក្រុមហ៊ុន​ធានា​ទិញ​មូលបត្រ​របស់ Pestech (Cambodia) បាន​លើក​ឡើង​ថា​ការទទួល​បាន​ការអនុញ្ញាត​ពី SECC នេះ​នឹង​បើក​ផ្លូវ​ឲ្យ​ក្រុមហ៊ុន​នេះ ដំណើរការ​នីតិវិធី IPO ហើយ​ក្រុមហ៊ុន​នឹង​រៀបចំ​ការធ្វើ ប៊ុកបៀលឌីង និង​ការរៀបចំ​សំណើ លក់ និង​ចុះបញ្ជី​ឯកសារ​ផ្តល់​ព័ត៌មាន​ជា​ស្ថាពរ​អនុលោម​តាមច្បាប់​។

លោក​ថ្លែង​ថា​៖ «​ក្រុមហ៊ុន​បាន​ឆ្លងកាត់​ដំណាក់កាល​ដ៏សំខាន់​រួចហើយ អ៊ីចឹង​ការធ្វើ IPO និង​ការចុះ​បញ្ជី​ជួញដូរ​ភាគហ៊ុន​ជា​ផ្លូវការ​នៅ​លើ​ផ្សារហ៊ុន (CSX) នឹង​កើតឡើង​នៅ​ក្នុង​ឆ្នាំ​នេះ​»​។

យោង​តាម​លោក រ៉ាណ្ណារិទ្ធ Pestech (Cambodia) គ្រោង​យក​ដើមទុន​ប្រមូល​បាន​ពី IPO នេះ​ទៅ​ពង្រីក​សមត្ថភាព​ផលិតកម្ម​លើ​គម្រោង​ដែល​មាន​ស្រាប់ និង​ការពង្រឹង​សមត្ថភាព​សម្រាប់​គម្រោង​នាពេល​អនាគត​។ លោក​បន្ត​ថា​ក្រុមហ៊ុន​ក៏​គ្រោង​ពង្រីក​ប្រតិបត្តិការ​ទៅ​មីយ៉ាន់ម៉ា និង ឡាវ​ផង​ដែរ​។

លោក រ៉ាណ្ណារិទ្ធ មិន​អាច​បង្ហាញ​ពេលវេលា​ជាក់លាក់​សម្រាប់​ការធ្វើ​ប៊ុកបៀលឌីង និង​ការធ្វើ​បរិវិសកម្ម ប៉ុន្តែ​បាន​ថ្លែង​ថា ក្រុមហ៊ុន​នេះ​នឹង​ធ្វើ​​ទីផ្សារ​នៅក្នុង​ប្រទេស និង​នៅ​ក្រៅ​ប្រទេស​។

លោក​ថ្លែង​ថា​៖ «​យើង​រំពឹង​ថា ក្រុមហ៊ុន​ចុះបញ្ជី​ថ្មី​នេះ​នឹង​បង្កើន​សកម្មភាព​ជួញដូរ​នៅ​ទីផ្សារ​នេះ ដោយសារ​តែ Pestech ជា​ក្រុមហ៊ុន​ដែល​វិនិយោគ​ខាង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​អគ្គិសនី និង​មាន​ក្រុមហ៊ុន​មេ​មួយ​ដែល​បាន​ចុះបញ្ជី​រួច​ហើយ​នៅ​ផ្សារហ៊ុន​របស់​ម៉ាឡេស៊ី​»​។

លោក ល្មុន សូឡី ប្រធាន​​នាយកដ្ឋាន​ចុះបញ្ជី និង​ផ្តល់​ព័ត៌មាន​នៃ​ផ្សារមូលបត្រ​កម្ពុជា​បាន​ថ្លែង​ថា វា​ជា​ដំណើរ​មួយ​ដ៏ល្អ​សម្រាប់​ផ្សារ​មូលបត្រ​ក្នុង​ការ​ស្វាគមន៍ Pestech ហើយ​រំពឹង​ថា​ការចុះ​បញ្ជី​ផ្លូវការ​របស់​ក្រុមហ៊ុន Pestech នឹង​រួម​ចំណែក​ក្នុង​ការ​បង្កើន​សកម្មភាព​ជួញដូរ​។

លោក​ថ្លែង​ថា​៖ «​បន្ទាប់ពី​ទទួល​បាន​ការយល់​ព្រម​ពី SECC ក្រុមហ៊ុន Pestech និង​ភ្នាក់ងារ​ធានា​ទិញ​មូលបត្រ​របស់​ខ្លួន នៅពេល​នេះ​អាច​កំណត់​តម្លៃ​ភាគហ៊ុន​របស់​ខ្លួន ហើយ​បន្ទាប់មក​នឹង​លក់​ភាគហ៊ុន​ឲ្យ​ក្រុម​វិនិយោគិន​មាន​សក្ដានុពល​»​។

Pestech បាន​បញ្ចប់​គម្រោង​ខ្សែ​បញ្ជូន​ថាមពល​កម្ពុជា​លើក​ដំបូង​របស់​ខ្លួន​កាលពី​ខែ​មិថុនា​ឆ្នាំ ២០១៣​។ ក្រុមហ៊ុន​នេះ​បាន​ពង្រឹង​វត្តមាន​របស់​ខ្លួន​នៅ​កម្ពុជា ជាមួយ​នឹង​កិច្ចព្រមព្រៀង​រចនា ផលិត និង​ដំឡើង​ខ្សែ​បញ្ជូន​អគ្គិសនី ១៩៨ គីឡូម៉ែត្រ ដែល​តភ្ជាប់​ទីក្រុង​ភ្នំពេញ និង​ក្រុង​ព្រះសីហនុ​។

កាលពី​ឆ្នាំ ២០១៥ ក្រុមហ៊ុន​នេះ​បាន​ទទួល​កិច្ចព្រមព្រៀង​តម្លៃ ៩២ ​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​ខ្សែ​បញ្ជូន​អគ្គិសនី រវាង​ខេត្ត​ក្រចេះ និង​ខេត្ត​កំពង់ចាម​។

កាលពី​ឆ្នាំ​មុន​ ក្រុមហ៊ុន​នេះ​ទទួល​បាន​កិច្ចព្រមព្រៀង​ក្នុង​ការ​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី ២៣០ គីឡូវ៉ុល មាន​តម្លៃ ១០០ លាន​ដុល្លារ តភ្ជាប់​ទំនប់​វារីអគ្គិសនី​ស្ទឹង​តាតៃ​របស់​ខេត្ត​កោះកុង​ទៅ​ទីក្រុង​ភ្នំពេញ​៕LA