ភ្នំពេញៈ ទោះបី​ជា​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​កំពុង​រួតរឹត​សេដ្ឋកិច្ច​ក៏ដោយ ក្រុមហ៊ុន PESTECH (Cambodia)Plc ដែល​ជា​បុត្រសម្ព័ន្ធ​របស់ Pestech International Bhd របស់​ម៉ាឡេស៊ី​បាន​បង្ហាញ​ការចាប់ផ្តើម​ផ្សព្វផ្សាយ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ចន្ទ ឆ្ពោះ​ទៅ​កាន់​ការចុះបញ្ជី​លើ​ផ្សារមូលបត្រ​កម្ពុជា (CSX) ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​ ១២ ខែ​សីហា​ ក្នុង​ការប្រមូល​មូលនិធិ​ប្រមាណ​ ៣ ​លាន​ដុល្លារ​ សម្រាប់​ពង្រីក​អាជីវកម្ម​របស់ខ្លួន​នៅ​កម្ពុជា​។

លោក Lim Pay Chuan ប្រធាន​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់ PESTECH (Cambodia) PLC បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​បាន​បង្កើតឡើង​ដំបូង​នៅក្នុង​ប្រទេស​កម្ពុជា ​ក្នុង​ឆ្នាំ​ ២០១០​។ លោក​បាន​កត់សម្គាល់​ថា ការប្រើប្រាស់​ថាមពល​របស់​ប្រទេស​កម្ពុជា​បាន​កើនឡើង​ពី ​៤ ០៥១ ជីហ្គាវ៉ាត់​ម៉ោង (GWh) កាលពី​ឆ្នាំ​ ២០១៣ ដល់ ១២ ០១៥ GWh កាលពី​ឆ្នាំ​ ២០១៩ នៅក្នុង​អត្រា​កំណើន​ប្រចាំឆ្នាំ​រួម​ចំនួន ​១៩,៩ ​ភាគរយ និង​តម្រូវការ​ត្រូវ​ព្យាករ​ថា​នឹង​កើនឡើង​ ១៦ ​ភាគរយ​ដល់​ ១៣ ៩៨១ GWh ក្នុង​ឆ្នាំ​ ២០២០​។

លោក​បាន​ឲ្យ​ដឹងថា ស្ថិតក្រោម​ការអភិវឌ្ឍ​ផលិតកម្ម​ថាមពល​ឆ្នាំ​ ២០១៩-២០២៥ រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​បង្កើន​សមត្ថភាព​ផលិត​ថាមពល​ក្នុងស្រុក​ពី​ ១ ៦៥៧ MW កាលពី​ឆ្នាំ​ ២០១៥ កើន​ដល់ ៤ ៤៩៨ MW ក្នុង​ឆ្នាំ​ ២០២៥ ហើយ​រដ្ឋាភិបាល​ក៏​គ្រោង​នឹង​សាងសង់​ខ្សែ​បញ្ជូន​ថាមពល​អគ្គិសនី​បន្ថែម ១ ៧៥០ គីឡូម៉ែត្រ​ត្រឹម​ឆ្នាំ​ ២០២៥ ដែល​នឹង​បង្កើន​ការប្រើប្រាស់​ថាមពល​អគ្គិសនី​ជាតិ​ចំនួន ៧៧,២ ​ភាគរយ​ដល់​ ៤ ០១៧ ​គីឡូម៉ែត្រ​។

លោក​បាន​ឲ្យ​ដឹងថា​៖ «PESTECH (Cambodia) គឺ​ស្ថិតនៅក្នុង​ទីតាំង​ល្អ និង​បាន​ចាប់ផ្ដើម​ទទួល​អត្ថប្រយោជន៍​ពី​កំណើន​ការប្រើប្រាស់​ថាមពល​អគ្គិសនី និង​ពី​ផែនការ​របស់​ប្រទេស​កម្ពុជា ​ក្នុង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​អគ្គិសនី​នៅក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ក្រោយ​»​។

លោក Lim លើកឡើង​បន្ត​ទៀត​ថា​៖ «​ការចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា​នឹង​ផ្ដល់​ឱកាស​សម្រាប់​សាធារណជន​កម្ពុជា ដើម្បី​វិនិយោគ​លើ​ឧស្សាហកម្ម​ថាមពល​ជាមួយ​គ្នា​នឹង​កំណើន​តម្រូវការ​ថាមពល​អគ្គិសនី​នៅក្នុង​តំបន់​ទន្លេមេគង្គ​។ តំបន់​នេះ​នឹង​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​ក្រុមហ៊ុន PESTECH Cambodia បន្ថែម​ទៀត​ទាក់ទង​នឹង​ការវិនិយោគ និង​ការបង្កើន​ទ្រព្យសកម្ម​នៅ​កម្ពុជា​ដើម្បី​បម្រើ​ទីផ្សារ​ឥណ្ឌូចិន​របស់​ក្រុមហ៊ុន​»​។

លោក Jong Weon Ha អនុប្រធាន CSX បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ការបោះ​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើក​ដំបូង​​ជា​សាធារណៈ​ (IPO) របស់​ក្រុមហ៊ុន Pestech (Cambodia) មាន​ចំនួន​ ៥,២៦ ​ភាគរយ​នៃ​ចំនួន​ភាគហ៊ុន​បោះផ្សាយ​សរុប​ដែល​មាន​ចំនួន​ ៣,៩ ​លាន​ភាគហ៊ុន ដោយ​រំពឹង​ថា តម្លៃ IPO មាន​ចំនួន​ ០,៧៦ ​ដុល្លារ​ក្នុង​ ១ ​ភាគហ៊ុន​។ ទាក់ទង​នឹង​ចំនួន​មូលនិធិ​សរុប​ដែល​ប្រមូល​បាន​ពី​ទីផ្សារ​នេះ​ប្រហែល ៣ ​លាន​ដុល្លារ​។

លោក​ថ្លែងថា​៖ «​ក្រុមហ៊ុន​នេះ​មាន​ផែនការ និង​យុទ្ធសាស្ដ្រ​អាជីវកម្ម​រយៈពេល​វែង ដែល​រួមការ​លើកកម្ពស់​តួនាទី​ទីផ្សារ​នៅក្នុង​ទីផ្សារ​ខ្សែ​បញ្ជូន​ថាមពល និង​ការ​ចែកចាយ មិន​គ្រាន់តែ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​នៅតាម​បណ្ដា​ប្រទេស​ជិតខាង​ផងដែរ​»​។

លោក ហុង សុខហួរ អគ្គនាយក CSX បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន PESTECH (Cambodia) នឹង​ក្លាយជា​ក្រុមហ៊ុន​ចុះបញ្ជី​មូលបត្រ​ទី​ ១៣ ​នៅ​ផ្សារមូលបត្រ​កម្ពុជា និង​ជា​ក្រុមហ៊ុន​ចុះបញ្ជី​មូលបត្រ​កម្មសិទ្ធិ​ទី​ ២ ​នៅ​ឆ្នាំនេះ ដើម្បី​ប្រមូល​មូលនិធិ​តាមរយៈ​ការបោះ​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ​។

លោក​បន្តថា ក្នុង​ចំណោម​ក្រុមហ៊ុន​ចុះបញ្ជី​មូលបត្រ​ទាំង​ ១២ នៅលើ CSX មាន​ ៦ ​ជា​ក្រុមហ៊ុន​ចុះបញ្ជី​ភាគហ៊ុន​។ ក្រុមហ៊ុន​ទាំង​ ១២ ​នោះ​បាន​ប្រមូល​មូលនិធិ​សរុប​ប្រហែល​ ២៤០ ​លាន​ដុល្លារ​ពី​ទីផ្សារ​។

កាលពី​ចុងខែ​មិថុនា​ឆ្នាំ​ ២០២០ មូលធនីយកម្ម​ទីផ្សារ​របស់ CSX បាន​កើនឡើង​ដល់​ប្រហែល ២,៥៧ ​លាន​ដុល្លារ ៤,៥ ​ដង​ខ្ពស់​ជាង​ឆ្នាំមុន ខណៈ​ដែល​សន្ទស្សន៍​បាន​កើនឡើង ១២ ​ភាគរយ​ក្នុង​រយៈពេល​ដូចគ្នា​នេះ​។

លោក សុខហួរ លើកឡើង​ថា​៖ «​និន្នាការ​នេះ​បង្ហាញថា CSX កំពុង​រីកចម្រើន​ទោះបីជា សេដ្ឋកិច្ច​កំពុង​ទទួលរង​ផលប៉ះពាល់​ដោយសារ​តែ​ការរីករាលដាល​ជំងឺ​កូវីដ​១៩​ទូទាំង​ពិភពលោក​នៅ​ឆ្នាំនេះ​ក៏ដោយ​។ ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ទាំងឡាយ​ធ្វើ​ពិពិធកម្ម​ប្រភព​ហិរញ្ញវត្ថុ​របស់​ពួកគេ គឺ​មិន​ត្រូវ​ពឹងផ្អែក​តែ​ទៅលើ​កម្ចី​ពី​ធនាគារ ដែល​នឹង​ក្លាយ​ជា​បន្ទុក​ដ៏ធំ​មួយ ឬ​ថែមទាំង​ជា​ការវាយប្រហារ​ដ៏ខ្លាំង​មួយ នៅពេល​មាន​វិបត្តិ​ដូច​វិបត្តិ​ដូចដែល​យើង​កំពុង​ជួបប្រទះ​នៅពេល​នេះ​»​។

យោង​តាម​ក្រុមហ៊ុន PESTECH (Cambodia) ក្រុមហ៊ុន​នេះ​ចាប់ផ្ដើម​បើក​ដំណើរការ ធ្វើ​បរិវិសកម្ម​ជា​សាធារណៈ​ចាប់ពី​ថ្ងៃទី​ ២៧ ខែ​កក្កដា នេះ និង​បិទ​បញ្ចប់​នៅ​ថ្ងៃទី​ ៤ ខែ​សីហា ខណៈ​ដែល​ការបែងចែក​ភាគហ៊ុន IPO ដល់​អ្នកដាក់ពាក្យ​ដែល​ទទួល​បាន​ជោគជ័យ​នៅ​ថ្ងៃទី​ ៧ ខែសីហា​។ ក្រុមហ៊ុន​នេះ​គ្រោង​នឹង​ចុះបញ្ជី​ជា​ផ្លូវការ​លើ​ផ្សារហ៊ុន CSX នៅ​ថ្ងៃទី​ ១២ ​ខែ​សីហា ឆ្នាំ​ ២០២០៕LA