ភ្នំពេញៈ Pestech (Cambodia) Plc [PCL] ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ខ្សែ​បញ្ចូន​ថាមពល​ និង​ដែល​បាន​ចុះបញ្ជី​នៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) បាន​រាយការណ៍​ទទួល​បាន​កំណើន​ទាប​នៃ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ត្រីមាស​ទី​១ ​ឆ្នាំនេះ ជាមួយ​នឹង​ប្រាក់ចំណូល​សរុប​បាន​កើនឡើង​ ៨,០២ ​ភាគរយ ​ចំពេល​សម្ពាធ​សេដ្ឋកិច្ច​ដែល​បាន​បណ្ដាល​មកពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

យោងតាម​ឯកសារ​របស់​ក្រុមហ៊ុន​ផ្ញើ​ទៅ CSX កាលពី​ថ្ងៃទី​ ១៨ ខែមេសា​នៅ​ត្រីមាស​ទី​១ ​ឆ្នាំ​ ២០២១ ប្រាក់ចំណូល​សរុប​របស់​ក្រុមហ៊ុន PCL មាន​ចំនួន ៥២ ៥៦៤ ​លាន​រៀល (១២,៩៥០ ​លាន​ដុល្លារ​) ដែល​តំណាងឱ្យ​កំណើន​ ៣ ៩០១ លាន​រៀល (០,៩៧៣ ​លាន​ដុល្លារ​) ឬ​ ៨,០២ ​ភាគរយ ធៀប​នឹង ៤៨ ៦៦៣ លាន​រៀល (១១,៩៧៧ ​លាន​ដុល្លារ​) នៅក្នុង​រយៈពេល​ដូចគ្នា​កាលពី​ត្រីមាស​ទី​ ១ នៃ​ឆ្នាំ​ ២០២០​។

លោក Han Fatt Juan អគ្គនាយក​ក្រុមហ៊ុន​បាន​ឱ្យដឹងថា ក្នុង​អំឡុងពេល​ត្រីមាស​នេះ​ក្រុមហ៊ុន PCL ​បាន​ប្រតិបត្តិការ​ការងារ​យ៉ាងខ្លាំង​នៅ​អណ្ដូងរ៉ែមាស​អូរខ្វាវ​នៅ​ខេត្ត​មណ្ឌលគិរី​។

លោក​បាន​បញ្ជាក់ថា ការសាងសង់​គម្រោង​រ៉ែអូរខ្វាវ ត្រូវបាន​បញ្ចប់​នៅ​ខែមេសា ឆ្នាំ​ ២០២១ ជាមួយនឹង​បេសកកម្ម​ក្នុង​ការអនុវត្ត​ជា​បន្តទៅទៀត​។

ជាមួយ​គ្នា​នេះដែរ ក្រុមហ៊ុន​នេះ​ក៏​កំពុង​ធ្វើការងារ​យ៉ាងសកម្ម​លើ​កសិដ្ឋាន សូឡា​ដែល​មាន​ទំហំ​ ២០ ​មេហ្គាវ៉ាត់​ ស្ថិតនៅ​ក្រុង​បាវិត ខេត្តស្វាយរៀង​ជាមួយ​ការងារ​ស៊ីវិល​បឋម​ត្រូវបាន​អនុវត្ត​ជា​បណ្ដើរៗ ហើយ​ការបញ្ជាទិញ​សម្ភារ និង​គ្រឿង​បង្គុំ​សំខាន់ៗ​ត្រូវបាន​ធ្វើឡើង​សម្រាប់​ការចែកចាយ​ជាយថាហេតុ នៅ​ត្រីមាស​ទី​៤ ​ឆ្នាំ​ ២០២១ ​តទៅ​។

ម្យ៉ាងវិញទៀត លោក​បានឱ្យ​ដឹងថា នៅ​ភាគ​ខាងកើត​ខេត្តសៀមរាប គម្រោង​ខ្សែ​បញ្ចូន​ថាមពល​ប្រវែង​ ១៣០ ​គីឡូម៉ែត្រ​នៅ​ឧត្តរមានជ័យ ការងារ​ត្រូវបាន​ធ្វើឡើង​ជាប្រចាំ ជាមួយ​នឹង​ការសាងសង់​គ្រឹះ​នៅ​ទីតាំង​នេះ​ត្រូវបាន​កំណត់​។ ការ​ចែកចាយ​សម្ភារ​ត្រូវបាន​រំពឹងថា នឹងធ្វើ​ឡើង​នៅ​ ២ ​ឬ​ ៣ ​ត្រីមាស​ក្រោយ ដែល​បន្ទាប់មក​នឹង​បន្ត​ដំឡើង​បង្គោល​ខ្សែ​បញ្ចូន​ថាមពល និង​ឧបករណ៍​ចម្លង​អគ្គិសនី​។

លោក​ថ្លែងថា​៖ «​យើង​សង្ឃឹមថា យើង​នឹង​បន្តសកម្មភាព​ប្រតិបត្តិ​គម្រោង​នេះ ចំពេល​មានការ​ផ្ទុះឡើង​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ និង​ខិតខំ​ធ្វើ​ការងារ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ការធានា បរិស្ថាន​ការងារ​ប្រកប​ដោយ​សុវត្ថិភាព សម្រាប់​សមាជិក​ក្រុម​ទាំងអស់​របស់​យើង​»​។

លោក​បន្តថា​៖ «​ក្រុមហ៊ុន PCL ក៏ត្រូវ​បានប្រគល់​ភារកិច្ច​អនុវត្ត​ផ្នែក​ការងារ​មួយចំនួន​នៃ​គម្រោង​ខ្សែ​បញ្ចូន​ថាមពល​ទីក្រុង​ភ្នំពេញ​ប្រវែង​ ២៣០ ​គីឡូម៉ែត្រ និង​គម្រោង​ពង្រីក​ប្រព័ន្ធ​ចែកចាយ​ថាមពល​អគ្គិសនី​ដំណាក់កាល​ទី​ ២ ​នៅ​កណ្ដាល​​ទីក្រុង​ភ្នំពេញ​។

គម្រោង​នេះ​ទាក់ទង​នឹង​ការប្រើប្រាស់​ម៉ាស៊ីន​ខួង​តាម​ទិសផ្ដេក (HDD) ដែល​នឹងមាន​សមត្ថភាព​នៃ​ការធ្វើ​ឱ្យ​រំខាន​តិចតួច​បំផុត​ចំពោះ​ការធ្វើ​ចរាចរណ៍ និង​ការធ្វើដំណើរ​របស់​អ្នក​ថ្មើរជើង​៕LA